(ភ្នំពេញ) ÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប។
សម្តេចបវរធិបតីបានបន្តថាយើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំ នេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយ ចំនួន។
តាមសម្តេចធិបតី នាយករដ្ឋមន្ត្រី លទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិ និងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជា៕