ខេត្តកំពង់ស្ពឺ៖ មហាព្រឹត្តិការណ៍ មហោស្រពទេសចរណ៍ សិល្ប: វប្បធម៌ កីឡា គ្មានថង់ប្លាស្ទីក (បុណ្យភ្នំ )នៅឧទ្យានជាតិសុរាម្រិត-កុសម:គីរីរម្យដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺសហការជាមួយមន្ទីរទេសចរណ៍ខេត្ត នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្ងៃទី១នៃកម្មវិធីមានភ្ញៀវទេសចរប្រមាណជិត៣ម៉ឺននាក់ទៅលេងកម្សាន្ត។ នេះបើយោងតាមការឱ្យដឹងពីលោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក រស់ សុខ បានលើកឡើងថា អាជ្ញាធរខេត្តកំពង់ស្ពឺបានរៀបចំមហាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំអស្ចារ្យចាប់ពីថ្ងៃទី១៥-១៦ខែកុម្ភៈ ឆ្នាំ២០២៥ដោយចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ (រយៈពេល២យប់២ថ្ងៃពេញ)នៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍មហោស្រពទេសចរណ៍ដ៏ធំអស្ចារ្យនេះបានធ្វើការផ្សព្វផ្សាយពីរមណីយដ្ឋានគោលដៅទេសចរណ៍នានា វប្បធម៌ តន្ត្រី និងកីឡាដែលគ្មានថង់ប្លាស្ទិក”បុណ្យភ្នំ” នឹងនាំមកនូវព្រឹត្តិការណ៍កម្សាន្តសប្បាយ ការប្រកួតកីឡា ម្ហូបអាហារ និងការតុបតែងជាច្រើនរាប់មិនអស់លើបណ្តោយដងផ្លូវដ៏ស្រស់ស្អាតជិត៤គីឡូម៉ែត្រចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់ ។
លោកបន្ថែមថា ជុំវិញមហាព្រឹត្តិការណ៍នេះអាជ្ញាធរបានបើកឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិចូលរួមកម្សាន្តសប្បាយរីករាយដោយសេរីនិងច្រើនកុះករ ដើម្បីលើកស្ទួយវិស័យដល់ទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិរបស់កម្ពុជា ដោយនៅថ្ងៃទី១គឺថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥មានភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តប្រមាណ២៧,៤៨៥ នាក់ក្នុងនោះភ្ញៀវជាតិ២៧,៣៥០នាក់និងអន្តរជាតិ១៣៥នាក់។
ប្រធានមន្ទីរទេសចរណ៍លោក រស់ សុខ ក៏បានបន្ថែមផងដែរថា ព្រឹត្តិការណ៍ដ៏កម្រនេះនាំមកនូវកម្មវិធីជាច្រើនដូចជា ឆៃយ៊ាំស្វាគមន៍ របាំសែនដី គុនល្បុក្កតោ ការប្រគំតន្ត្រីសម័យ ក្ងោកប៉ៃលិន របាំក្រមា របាំជូនពរ ល្ខោនខោលឈុតកំហឹងនាអាតុរី របាំគោះត្រលោក របាំត្លយសួយ ក្ងោកពោធិ៍សាត់ ល្ខោនព្រះរាជទ្រព្យរឿងទិព្វសូដាចន្ទ គុណខ្មែរ រួមជាមួយព្រឹត្តិការណ៍កីឡា និងប្រពៃណីជាច្រើនទៀត។ក្នុងមហាព្រឹត្តិការណ៍នេះដែរគឺមានការការពារសន្តិសុខ សណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់ពីកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលខេត្ត ហើយចំពោះកន្លែងស្នាក់នៅនិងអាហារហូបចុកគឺគ្មានការឡើងថ្លៃនោះទេ៕