ខេត្តក្រចេះ៖ ស្ថានភាពនៃការរស់នៅរបស់សត្វផ្សោតក្នុងទន្លេមេគង្គនៃខេត្តស្ទឹងត្រែងនិងខេត្តក្រចេះបច្ចុប្បន្នឃើញមានការប្រសើរជាងមុន។ ប្រសើរជាងមុនមាន ន័យថា សត្វផ្សោតមានការកើតកូនឡើងជាបន្តបន្ទាប់និងកាត់បន្ថយហានិភ័យនៃការស្លាប់។
មន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសត្វផ្សោតទឹកសាប គឺជាសត្វដ៏កម្រនៅលើពិភពលោក ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងទន្លេមេគង្គរបស់កម្ពុជាក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ សត្វផ្សោត ត្រូវបានចាត់ទុកជារតនៈសម្បត្តិរបស់កម្ពុជាផងដែរ។
តាមរយៈវត្តមានសត្វផ្សោតនេះ បានរួមចំណែកទាក់ ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនរូបក្នុងមួយឆ្នាំៗឱ្យធ្វើដំណើរទៅកាន់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ បច្ចុប្បន្នសត្វផ្សោតកំពុងរស់នៅទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែងមានជាង១០០ក្បាល។
និយាយពីស្ថានភាពសត្វផ្សោតនៅមុនឆ្នាំ២០២៣ បានរងការគំរាមកំហែងខ្លាំង ពោលបានជួបការស្លាប់ច្រើន ហើយការកើតមានចំនួនតិច។ ស្ថានភាពមិនល្អកើត មានលើសត្វផ្សោតនេះ បាននាំឱ្យមានការព្រួយបារម្ភពីសំណាក់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅកាន់ការងារជានាយករដ្ឋមន្ត្រី។
ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង ឱ្យចាត់វិធានការតឹងរឹង ដើម្បីកែប្រែស្ថានភាពសត្វផ្សោត។
សម្តេចតេជោ បានណែនាំឱ្យរៀបចំកំណត់តំបន់ស្នូល
អចិន្ត្ត្រៃយ៍ ដើម្បីការអភិរក្ស ដោយហាមឃាត់ការនេសាទ ការដាក់មង និងការរំខានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់សត្វផ្សោតរស់នៅមានសុវត្ថិភាពបាន១០០ភាគរយ រួមទាំងការកំណត់តំបន់ស្នូលផ្សេងទៀត ទៅតាមស្ថានភាពទឹកឡើង និងទឹកចុះជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរដ្ឋាបាលខេត្តទាំងពីរដែលមានវត្តមានសត្វផ្សោតរស់នៅ ត្រូវរៀបចំលើការអភិរក្ស និងការពារ ព្រមទាំងធានាថាសត្វផ្សោតទន្លេមេគង្គនេះមិនជាប់មង ជាពិសេសមិនត្រូវឱ្យមានឧបករណ៍ ឬកត្តាមួយចំមួនមករំខានសត្វផ្សោតជាដាច់ខាត។
ក្រោយការអំពាវនាវនោះ អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ បានដាក់ចេញវិធានការបន្ទាន់ និងជាក់លាក់។ មន្ត្រីឆ្មាំត្រូវបានពង្រាយក្នុងតំបន់អភិរក្ស ហើយយាមកាម២៤ម៉ោង លើ២៤ម៉ោង។
ក្រៅពីមង សន្ទូចហើយនោះ ការលបលួចប្រើឧបករណ៍ឆក់ ដើម្បីចាប់ត្រីក្នុងទន្លេមេគង្គ ជាហេតុចម្បងមួយនាំឱ្យប៉ះពាល់ដល់ការរស់នៅ ការបង្កកំណើត និងបង្កឱ្យផ្សោតស្លាប់។ អាជ្ញាធរបានចាត់វិធានការតឹងរឹងលើការលបលួចប្រើឧបករណ៍ឆក់នេះ រហូតឈានទៅចាប់ខ្លួនអ្នកឆក់មកផ្តន្ទាទោសជាបន្តបន្ទាប់។
ក្រោយវិធានការម៉ឺងមាត់ និងច្បាស់លាស់នោះ ធ្វើឱ្យស្ថានភាពសត្វផ្សោតមានភាពល្អប្រសើរឡើងវិញ ពោលគឺស្លាប់តិច និងកើតច្រើន។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំដល់ដើមខែកុម្ភៈ ឆ្នាំ២០២៥ សត្វផ្សោតកើតថ្មីសរុបចំនួន៣២ក្បាល និងស្លាប់សរុបចំនួន២៩ក្បាល។
របាយការណ៍បានបញ្ជាក់ថា ឆ្នាំ២០២១ មានផ្សោតកើតថ្មី ៦ក្បាល និងស្លាប់៩ក្បាល, ឆ្នា២០២២ មានផ្សោតកើតថ្មី ៦ក្បាល និងស្លាប់ ១១ក្បាល, ឆ្នាំ២០២៣ មានផ្សោតកើតថ្មី ៨ក្បាល និងស្លាប់៥ក្បាល, ឆ្នាំ២០២៤ មានផ្សោតកើតថ្មី ៩ក្បាល និងស្លាប់ ៤ក្បាល។ សម្រាប់ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានផ្សោតកើតថ្មី ៣ក្បាល ពុំមានផ្សោតស្លាប់នោះទេ។
ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានមើលឃើញថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាដើមឆ្នាំ២០២៣ គឺប្រៀបដូចជាឱសថចូលមកសង្គ្រោះជីវិតសត្វផ្សោតលើដងទន្លេមេគង្គ។
បើទោះបីជាយ៉ាងណា ប្រជាពលរដ្ឋនៅតែចង់ឃើញអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ និងចាត់វិធានការតឹងរឹងលើការប្រព្រឹត្តបទល្មើសនេសាទ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ ដែលពួកគាត់អះអាងថា នៅតែមានការលបលួចចេញឆក់នៅពេលយប់។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ បានសន្យាថា ប្រឹងប្រែងអនុវត្តន៍ការងារនេះឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីចូលរួមការពារ គ្រប់គ្រង អភិរក្សសត្វផ្សោត ព្រមទាំងជីវៈចម្រុះជលផលឱ្យឋិតឋេរជារៀងរហូត។
លោក ម៉ុក ពន្លក ក៏បានអំពាវនាវដល់ពលរដ្ឋដែលប្រើឧបករណ៍ឆក់ត្រីឱ្យភ្ញាក់រលឹកចូលខ្លួនសារភាព និងទម្លាក់ចោលសកម្មភាពឆក់ត្រី ដែលប្រឈមនឹងការជាប់ពន្ធនាគារ៕