ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាចោរឆក់សកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានសម្រេច៦លើក។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននៅចំណុចបន្ទប់ជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ជាមួយម៉ូតូ១គ្រឿង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
ករណីទី១៖ ឆក់ទូរស័ព្ទដៃប្រព្រឹត្តនៅចំណុចផ្សារជីបម៉ុង ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
ករណីទី២៖ ឆក់ទូរស័ព្ទដៃប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៦ ផ្លូវលេខ១៦១ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
ករណីទី៣៖ ឆក់ទូរស័ព្ទដៃប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២AE០ ផ្លូវព្រះមុន្នីវង្ស ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
ករណីទី៤៖ ឆក់ទូរស័ព្ទដៃប្រព្រឹត្តនៅចំណុចផ្លូវលេខ១៨២ កែងផ្លូវលេខ២១៣ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ករណីទី៥៖ ឆក់ទូរស័ព្ទដៃប្រព្រឹត្តនៅចំណុចមហាវិថីហ្សាវ៉ាហារឡាលនេហ៍រុ កែងផ្លូវលេខ១៥០ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ថ្ងៃមិនចាំ ខែធ្នូ ឆ្នាំ២០២៤។
ករណីទី៦៖ ឆក់ទូរស័ព្ទដៃប្រព្រឹត្តនៅចំណុចផ្លូវលេខ១៦៣ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃមិនចាំ ខែមិថុនា ឆ្នាំ២០២៤។
ជនសង្ស័យទាំង២នាក់ រួមមាន៖ឈ្មោះ ឈិន មាន អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះបន្ទប់ជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងឈ្មោះ ភុន ធារ៉ា អាយុ ១៩ឆ្នាំ មានទីលំបន្ទប់ជួល សង្កាត់ផ្សារដើមគរ ខណ្ឌ ទួលគោក។ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KT-5250។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យដើម្បីចាត់ការតាមនីតិវិធី។
ដោយឡែក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក៏បានស្រាវជ្រាវបង្រ្កាបអំពីករណី អំពើលួចមានស្ថានទម្ងន់ ទោសដោយការប្រើអំពើហិង្សា វាយប្លន់ម៉ូតូ ដោយប្រេីកាំបិតផ្គាក់ ប្រព្រឹត្តនៅចំនុច ចុងស្ពានព្រែកសំរោង ភូមិកោះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
ជនសង្ស័យឃាត់ខ្លួនបានម្នាក់ឈ្មោះ សុង វាសនា អាយុ១៨ឆ្នាំ។ វត្ថុតាងចាប់យក ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1LB-0425។ បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕