(កណ្ដាល)៖ វរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែកបានធ្វើរបាយការណ៍ភូយកុហកលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាបង្កឡើងដោយក្រុមមន្ត្រីសាលាស្រុកលើកដែក,មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកលើកដែកដោយបានហៅយុវជនម្នាក់ទៅធាក់ ទាត់ វ៉ៃដល់ក្នុងបន្ទប់ទឹក គេចពីកាំមេរ៉ាសុវត្ថិភាព រហូតដល់ខាងក្រៅក្លឹប និងបានវ៉ៃធាក់ទាត់លើយុវជនម្នាក់ទៀតដោយចាប់បង្ខំឲ្យគេលត់ជង្គង់ និងបានបើកឡានសារ៉ែននគរបាលដេញតាមរក និងបានប្រើកាំភ្លើងបាញ់គំរាម១គ្រាប់នៅមុខផ្ទះគេបណ្ដាលឲ្យផ្អើលប្រជាពលរដ្ឋទាំងកណ្ដាលយប់ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្នុងក្លឹប ខារ៉ាអូខេ អាហារដ្ឋាន ផ្ទះសំណាក់ មីស្ទើរលេង (Mr. Leng) ស្ថិតនៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល និងនៅចំណុចមុខផ្ទះប្រជាពលរដ្ឋក្បែរផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រែកដាច់លើ ឃុំព្រែកដាច់ ស្រុកលើកដែក ។

របាយការណ៍របស់លោកវរសេនីយ៍ឯក អាំ ធូ លើកឡើងថា លោកបានបញ្ជាកម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកដាច់ ចុះពិនិត្យស្រាវជ្រាវករណីខាងលើ ទទួលបានជាលទ្ធផល ដូចខាងក្រោម៖ « -ករណី : ហិង្សាដោយចេតនា
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២១:០៥នាទី
កេីតហេត្នៅបរិវេណបន្ទប់ទឹកមណ្ឌលកំសាន្ដ​ មីស្ទ័រលេង​ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក។
ជនរងគ្រោះ ឈ្មោះ លុច​ ពន្លឺ ភេទប្រុស អាយុ​៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីរាជការ​ មានទីលំនៅភូមិ​ព្រែកតូច​ ឃុំព្រែកដាច់​ ស្រុកលេីកដែកខេត្ត​កណ្ដាល (បែកបបូរមាត់ខាងឆ្វេង)។

ជជនសង្ស័យ២នាក់,១-⁠ឈ្មោះ​ គុជ សុជាតា​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ ដើររោងការ មានទីលំនៅ​ភូមិ​ព្រែកដាច់​ ឃុំព្រែកដាច់​ ស្រុកលេីកដែរ​ ខេត្ត​កណ្ដាល (គេចខ្លួន)និង២-ឈ្មោះ សារិន សាវឿន ភេទនប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ (គេចខ្លួន)

+វត្ថុតាងចាប់យករួមមាន៖ អំបែងចាន និងអំបែងកែវ (ជារបស់ក្រុមជនសង្ស័យ)។

នៅមុនពេលកើតហេតុឈ្មោះ លុច​ ពន្លឺ​ កំពុងតែអង្គុយហូបអាហារជាមួយបងប្អូននៅក្លឹបកំសាន្ដ​ មីស្ទ័រលេង ស្រាប់តែឈ្មោះ គុជ​ សុជាតា​ បានស្រែកឌឺដងនិងផ្លែផ្កាទៅលេីជនរងគ្រោះនិងបងប្អូ​នន។ ពេលហូបបានមួយ សន្ទុះក្រោយមកជនរងគ្រោះបានដេីរទៅបន្ទប់ទឹកម្នាក់ ឯងពេលនោះឈ្មោះ​ គុជ​ សុជាតា​ បានដេីរទៅបន្ទប់ទឹកដែរពេលនោះជនរងគ្រោះក៏បានទាត់លលេងទៅឈ្មោះ គុជ​ សុជាតា​ ១ជេីងលេង​រួចក៏បានទាស់ពាក្យសំដីគ្នាស្រាប់តែឈ្មោះ គុជ​ សុជាតា​ បានស្ទុះមកវាយជនរង គ្រោះ១ដៃចំមាត់បណ្ដាលឱ្យបែកចេញឈាម​ហេីយអ្នកនៅជិតនោះក៏បានចូលទៅឃាត់និងបំបែកគ្នាចេញ​។

បន្ទាប់មកឈ្មោះ​ គុជ​ សុជាតា​ បានដេីរចេញមកក្រៅមុន ហេីយជនរងគ្រោះក៏បានលាងរបួសនៅក្នុងបន្ទប់ទឹក។ ក្រោយពីលាងរបួសរួចជនរងគ្រោះបានដេីរទៅកន្លែងហូបចុកវិញ​ បានបន្តិចសន្ដិសុខក៏បានដេីរមកប្រាប់ជនរងគ្រោះថា ឈ្មោះ គុជ​ សុជាតា កំពុងឈរជេរបងឯងនៅខាងក្រៅកន្លែងហូបចុក។ លឺដូចនេះជនរងគ្រោះក៏បានដេីរមកក្រៅហេីយប្រាប់សន្ដិសុខថា ឱ្យ​វវាទៅផ្ទះទៅព្រោះស្រវឹងហេីយ។ រួចជនរងគ្រោះបានដេីរចូលក្នុងវិញហៅគេឱ្យមកគិតលុយ​ ហើយក៏នាំបងប្អូនចេញទៅផ្ទះ។ ពេលដេីរចេញមកក្រៅក៏បានឃេីញឈ្មោះ គុជ​ សុជាតា និងឈ្មោះ វឿន នៅឈរជេរប្រមាថ​ ដៀមដាម​ មកលេីខ្លួននិងបងប្អូន។ ពេលនោះឈ្មោះ ប៊ុនលី ឃើញចឹងបានហៅឈ្មោះ គុជ សុជាតា និងបក្ខពួក ឱ្យទៅផ្ទះ តែឈ្មោះ គុជ សុជាតា មិនព្រមទៅផ្ទះ នៅតែស្រែកជេរ មកលើជនរងគ្រោះនិងបានបបួលជនរងគ្រោះវាយគ្នាមួយស្មើ។

ពេលនោះលោក ឡុង ផល្លីន បានទូរស័ព្ទទៅប្តឹងលោកអធិការនគរបាលស្រុកលើកដែក។ ក្រោយទទួលបណ្តឹង ភ្លាម លោកអធិការបានបញ្ជាឱ្យកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ចេញអន្តរាគមន៍បញ្ឍប់កុំឱ្យកើតរឿងកាន់តែធំ ។ ពេល នោះលោក ឡុង ផល្លីន បានបែងចែកកម្លាំងជាពីរក្រុម មួយក្រុមនៅមុខក្លឹបមីស្ទ័រលេង និងមួយក្រុមទៀតដេញតាមជនបង្ក រហូតដល់ផ្លូវចូលភូមិព្រែកដាច់ខាងជើង។ កម្លាំងយើងដេញតាមចូលមកក្នុងជិតដល់ផ្ទះជនបង្កហើយបានជំរាបសួរ និងសួរនាំជាមួយឪពុក និងប្អូន ប្រុសរបស់ជនបង្កនៅខាងក្រៅរបងមុខផ្ទះជនបង្ក ស្រាប់តែបក្ខពួកជនបង្កមានគ្នាមួយក្រុម បានយកចាននិងកែវគប់មកលើកម្លាំងសមត្ថកិច្ច។

ពេលនោះកម្លាំងសមត្ថកិច្ចក៏បានបាញ់ឡើងលើមួយគ្រាប់គំរាមដើម្បីកុំឱ្យជនសង្ស័យ គប់មកលើសមត្ថកិច្ចបន្តទៀត ពេលនោះក្រុមពួកជនសង្ស័យបានរត់គេចខ្លួនចូលព្រៃស្វាយបាត់ រួចកម្លាំងយើងបានធ្វើការប្រមូលយកវត្ថុតាងទាំងនោះបញ្ជូនមកអធិការដ្ឋានតែម្តង។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ តំណាងភាគីខាងជនបង្ក (ត្រូវជាម្តាយរបស់ឈ្មោះ គុជ សុជាតា) បានចូលខ្លួនមកធ្វើការសម្របសម្រួលបញ្ចប់រឿងជាមួយភាគីខាងដើមបណ្តឹង ដោយធ្វើកិច្ចសន្យា និងដកពាក្យបណ្តឹងឈប់ប្តឹងផ្តល់គ្នាតទៅទៀត»។

បើតាមប្រភពពីអ្នកដឹងហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា នៅយប់នោះគឺឈ្មោះ គុជ សុជាតា មិនបាននៅផ្ទះទេ ហើយនៅផ្ទះ ឈ្មោះ គុជ សុជាតា មានតែតាយាយដែលជាឪពុកម្ដាយចាស់ៗរបស់ឈ្មោះ គុជ សុជាតា តែប៉ុណ្ណោះ។ មិនមានក្រុមបក្ខពួកណាផ្សេងបានគប់ទៅលើក្រុមឈ្មោះ លុច ពន្លឺ និងឈ្មោះ ឡុង ផល្លីន នោះ គឺក្រុមឈ្មោះ លុច ពន្លឺ និងឈ្មោះ ឡុង ផល្លីន បានបោកចានដោយខ្លួន ហើយប្រមូលយកកម្ទេចកម្ទីបំណែកចានដែលបានបោកធ្វើជាភស្តុតាងដើម្បីប្ដឹងចោទលើជនរងគ្រោះឈ្មោះ គុជ សុជាតា និងឈ្មោះ សារិន សាវឿន ទៅវិញ។

ប្រភពបន្តថា ពេលនោះ ឈ្មោះ លុច ពន្លឺ និងឈ្មោះ ឡុង ផល្លីន មានសភាពស្រវឹងស្រាជោគជាំ គ្រាន់តែឈរក្បែរក៏ស្អុយក្លិនស្រាដែរ។ ពេលដឹងថាជនរងគ្រោះឈ្មោះ គុជ សុជាតា មិននៅផ្ទះ ឈ្មោះ ឡុង ផល្លីន បានបាញ់មេឃ១គ្រាប់គំរាមហើយបើកឡានចេញបាត់ទៅ។

ប្រភពបន្តទៀត លុះព្រឹកឡើងទំនងភ័យស្វាងស្រវឹងក៏នឹកឃើញថា ខ្លួនបានបាញ់១ភ្លេចរើសសំបកគ្រាប់ ក៏ប្រញាប់ប្រញាល់បើកឡានមករកសំបកគ្រាប់កាំភ្លើងដែលខ្លួនបានបាញ់គំរាមកាលពីយប់។ បន្ទាប់ មកទំនងរកសំបកគ្រាប់មិនឃើញ ក៏បើកឡានចេញទៅបាត់ រួចក៏បានជិះម៉ូតូមករកម្ដងទៀត តែសំបកគ្រាប់កាំភ្លើងនោះបានរត់ទៅដល់ដៃម្ដាយរបស់ជនរងគ្រោះ គុជ សុជាតា ទៅហើយ។ ក្រុមខ្លួនមានការភិតភ័យនាំគ្នាទៅដាក់ពាក្យប្ដឹងដោយតាំងខ្លួនជាអ្នករងគ្រោះ នៅប៉ុស្តិ៍រដ្ឋបាលព្រែក ដាច់នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

ប្រភពបន្តថា ក្រោយប្ដឹងគេរួច នាយប៉ុស្តិ៍រដ្ឋបាលព្រែក ដាច់បានស្រវ៉េស្រវ៉ារត់ទៅរកម្ដាយបង្កើតជនរង គ្រោះ សារិន សាវឿន ដើម្បីសម្របសម្រួលបញ្ចប់រឿង។ លុះនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ សារិន សាវឿន បានទៅដល់ប៉ុស្តិ៍រដ្ឋបាលទល់មុខជាមួយឈ្មោះ លុច ពន្លឺ ដែលជាជនបង្ក រួមទាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ ពោលគឺជនរងគ្រោះឈ្មោះ សារិន សាវឿន មិនទទួលយកការផ្សះផ្សារដោយមូលហេតុជនរងគ្រោះឈ្មោះ សារិន សាវឿន បានអះអាងថា ឈ្មោះ លុច ពន្លឺ គឺជាអ្នកវ៉ៃ ទាត់ធាក់និងចាប់បង្ខំខ្លួនឲ្យលត់ជង្គង់យ៉ាងព្រៃជាទីបំផុត។

ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីប៉ុស្តិ៍រដ្ឋបាលព្រែកដាចព្យាយាមផ្សះផ្សារសួរខាងជនរងគ្រោះឈ្មោះ សារិន សាវឿន ថាចង់ផ្សះផ្សារបញ្ចប់រឿងឬក៏អត់មក។ បន្ទាប់ មកជនរងគ្រោះបានសុំដាក់ពាក្យប្ដឹងឈ្មោះ លុច ពន្លឺ ប៉ុន្តែមន្ត្រីសមត្ថកិច្ចបោះពាក្យសម្ដីថា ទៅរកអ្នកចេះសរសេរពាក្យបណ្ដឹងមក ទើបលោកទទួល។ ក្រោយមកជនរងគ្រោះក៏វិលត្រឡប់ទៅផ្ទះវិញទាំងអស់សង្ឃឹម ប៉ុន្តែបន្ទាប់ពីដើរចេញទើបជិតផុតខ្លោងទ្វារប៉ុស្តិ៍រដ្ឋបាល ក៏ស្រាប់តែមេប៉ុស្តិ៍រដ្ឋបាលស្រែកហៅជនរងគ្រោះឲ្យមកដាក់ពាក្យបណ្ដឹងវិញ ខ្លួនព្រមសរសេរពាក្យបណ្ដឹងឱ្យ។

គួរបញ្ជាក់ថា ជនរងគ្រោះជនរងគ្រោះ ឈ្មោះ សារិន សាវឿន មិនបានរត់គេចដូចរបាយការណ៍របស់លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែកផ្ញើជូនលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនោះទេ។

ទាំងសាធារណៈជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកលើកដែកទន្ទឹងរង់ចាំមើលថ្នាក់ដឹកនាំនឹងមានចំណាត់ការបែបណាចំពោះក្រុមមន្ត្រីទំនើងខាងលើនោះ។

គួររំលឹកថា ករណីអំពើហិង្សាវ៉ៃតបគ្នាបង្កឡើងដោយ ក្រុមមន្ត្រីសាលាស្រុកលើកដែក មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកលើកដែកដោយបានហៅយុវជនម្នាក់ទៅធាក់ ទាត់ វ៉ៃដល់ក្នុងបន្ទប់ទឹក គេចពីកាំមេរ៉ាសុវត្ថិភាព រហូតដល់ខាងក្រៅក្លឹប និងបានវ៉ៃធាក់ទាត់លើយុវជនម្នាក់ទៀតដោយចាប់បង្ខំឲ្យគេលត់ជង្គង់ និងបានបើកឡានសារ៉ែននគរបាលដេញតាមរក និងបានប្រើកាំភ្លើងបាញ់គំរាមមួយគ្រាប់នៅមុខផ្ទះគេបណ្ដាលឲ្យផ្អើលប្រជាពលរដ្ឋទាំងកណ្ដាលយប់ខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្នុងក្លឹប ខារ៉ាអូខេ អាហារដ្ឋាន ផ្ទះសំណាក់ មីស្ទើរលេង (Mr. Leng) ស្ថិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
ប្រភពថា ក្រុមបង្កហិង្សាក្នុងហេតុការណ៍ខាងលើមានគ្នីគ្នា៧នាក់ ក្នុងនោះមានប្រុស៤នាក់ និងស្រី៣នាក់ ដែលមានមន្ត្រីសាលាស្រុកដែលបានបង្កអំពើហិង្សារូបនោះ ឈ្មោះ លុច ពន្លឺ ជាមន្ត្រីទទួលបន្ទុកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៃរដ្ឋបាលសាលាស្រុកលើកដែក, ឈ្មោះ លុច ផល្លីន ជាមន្ត្រីនគរបាលចរាចរណ៍ជាអ្នកបាញ់គំរាម, ឈ្មោះ លុច បូរុណ ដែលបានស្រែកអះអាងគំរាមថា ខ្លួនជាមេគុកខេត្តកណ្ដាល និងមានបុរសម្នាក់ទៀតដែលជាដឹកនារីចំនួន៣នាក់ជម្លៀសចេញពីកន្លែងកើតហេតុយ៉ាងតក់ក្រហល់បាត់ស្រមោលសូន្យឈឹង។

ប្រភពបន្តថា ជនរងគ្រោះមានចំនួន២នាក់៖ ១-ឈ្មោះ គុជ សុជាតា ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកដើររោងការនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ និង២-ឈ្មោះ សារិន សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាជាងដែក នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

ប្រភពបានបន្ថែមថា មន្ត្រីសាលាស្រុកឈ្មោះ លុច ពន្លឺ បានឲ្យគ្នីគ្នាហៅឈ្មោះ គុជ សុជាតា ទៅក្នុងបន្ទប់ទឹក នៅពេលដែលឈ្មោះ គុជ សុជាតា ដើរដល់ក្នុងបន្ទប់ទឹក ស្រាប់តែ ឈ្មោះ លុច ពន្លឺ បានធាក់ទៅលើឈ្មោះ គុជ សុជាតា មួយជើងចំក្បាលពោះបណ្ដាលឲ្យដួល ក្រោយមកក៏មានការវ៉ៃប្រតាយប្រតប់គ្នាទៅវិញទៅមក ទើបបណ្ដាលឲ្យឈ្មោះ លុច ពន្លឺ ត្រូវមួយដៃរបស់ឈ្មោះ គុជ សុជាតា ចំមាត់តែគ្មានស្លាកស្នាម

ហើយក៏ត្រូវអ្នកនៅក្នុងហេតុការណ៍នោះ ជួយឃាត់ទាំងសងខាង កុំឲ្យមានការវ៉ៃតប់គ្នាបន្តទៀត។ ក្រោយមកភាគីទាំង២ ក៏បានចេញមកខាងក្រៅក្លឹប Mr. Leng ទាំងអស់គ្នា។

ពាក់ព័ន្ធករណីវ៉ៃតប់គ្នាខាងលើនោញ លោក លុច ពន្លឺ មន្ត្រីសាលាស្រុកលើកដែកបានប្រាប់តាមទូរស័ព្ទថា កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោកបានទៅហូបចុកលក្ខណៈគ្រួសារ មានគ្នា៦នាក់ ក្នុងនោះមានស្រី៣នាក់ ហើយក៏ស្រាប់តែលេចមុខភាគីម្ខាងទៀតមានគ្នាជិត១០នាក់ស្រែកឡូឡាចុះឡើងៗ ហើយលោកបានប្រាប់សន្តិសុខថា បើវាស្រវឹងហើយ ឲ្យវាទៅផ្ទះទៅ តែវាមិនទៅហើយ វាបែរជាជេរប្រមាថដល់ម្ដាយរបស់លោកប្រហែលជាកន្លះម៉ោង។

មន្ត្រីរូបនេះបន្តថា លោកមិនបានបង្ខំឲ្យលត់ជង្គង់ទេ មកពីវាហ្នឹងបង្កលក្ខណៈឲ្យលោកពិបាក ហើយនៅខ្ទង់ម៉ោងប្រហែល១០យប់ លោកក៏ចូលបន្ទប់ទឹក ខណៈ នោះលោកក៏បានជួបភាគីស្រែកឡូឡាឈ្មោះតា ក៏បាននិយាយប្រាប់ថា ហូបចុកឲ្យស្រួលបួលទៅ ហូបឲ្យសប្បាយទាំងអស់គ្នាទៅ កុំនាំគ្នាស្រែកឡូឡាអញ្ចឹង គេក៏សប្បាយ យើងក៏ចង់សប្បាយ មិនមែនភ្ញៀវតិចទេ មានភ្ញៀវបួនប្រាំតុឯណោះ ពេលនោះលោកក៏ជន្លរកវ៉ៃឈ្មោះតា តែមិនបានវ៉ៃទេ គ្រាន់តែជន្លប៉ុណ្ណោះ ស្រាប់តែខាងគេម៉ាត់លោក១ដៃមាំងឡើងបែកមាត់។ ហើយខ្ទង់ម៉ោង១១ ក៏បាននាំគ្នាចេញមកខាងក្រៅក្លឹបក៏បានវ៉ៃគ្នាមួយប្រាវទៀត ហើយបន្ទាប់មកលោកក៏បានទៅដាក់ពាក្យប្ដឹងនៅនាយប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ដើម្បីឲ្យជួយស្វែងរកយុត្តិធម៌។ ហើយបើមិនជឿឆែកកាំមេរ៉ាមើលទៅ ឃើញហើយ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed