ខេត្តព្រះសីហនុ÷ប្រជាពលរដ្ឋរស់នៅតំបន់អូរឈ្លើងលើឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងរស់នៅក្នុងភាពរងារ តាមរយៈការយាយីមិនឈប់ឈររយៈពេល ៣ខែកន្លងមកនេះ ពីសំណាក់ក្រុមហ៊ុនរតនៈសម្បត្តិ។ គ្មានសោះការចរចាដោយសន្តិវិធី មានតែការប្រើហិង្សាកម្លាំងបាយបង្ខិតបង្ខំឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅ ឋានដើម្បីយកដីប្រគល់ឲ្យក្រុមហ៊ុន។ ប្រជាពលរដ្ឋទាំង អស់លើកដៃសំពះសូមប្រមុខរាជរដ្ឋាភិបាល,ក្រសួងរៀប ចំដែនដីនគររូបនីយកម្មនិងសំណង់ មេត្តាពន្លឿនការផ្ដល់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់។

ក្នុងហេតុការណ៍ដែលមានការប្រឈមដាក់គ្នា កាលពីព្រលប់ថ្ងៃទី១៥ខែធ្នូកន្លងទៅនោះ បណ្ដាលឲ្យបុរសម្នាក់រងរបួស និងក្មេងស្រីអាយុជាង១០ ឆ្នាំម្នាក់រងការគំរាមកំហែងដល់អាយុជីវិត។ យ៉ាងណាក៏ដោយរដ្ឋបាលខេត្តព្រះសីហនុតាមរយៈអភិបាលរងខេត្ត១រូបនៅចំពោះ មុខប្រជាពលរដ្ឋបានសន្យាថានឹងខិតខំស្វែងរកដំណោះ ស្រាយដោយសន្តិវិធី ជាពិសេសស្នើសុំឲ្យខាងក្រុមហ៊ុនក៏ដូចជាប្រជាពលរដ្ឋបញ្ឈប់ការប្រើអំពើហិង្សា។

អ្នកស្រី ព្រហ្ម សារ៉េត ត្រូវជាម្ដាយក្មេងស្រីតារា រិនដា អាយុជាង១០ឆ្នាំបានប្រាប់អ្នកកាសែតថា កូនស្រីរបស់គាត់រងនូវការគំរាមកំហែងពីពួកសន្តិសុខក្រុមហ៊ុនរតនៈសម្បត្តិ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋចាប់ពីកំឡុងខែតុលាមកនោះ។ នៅថ្ងៃកើតហេតុកងសន្តិសុខប្រហែល១០នាក់បានចូលមកដល់ផ្ទះអ្នកស្រី ហើយគំរាមថានឹងសម្លាប់កូនរបស់គាត់ នៅគ្រាដែលក្មេងស្រីនៅផ្ទះតែម្នាក់ឯង។ រីឯគាត់ជាម្ដាយចេញទៅខាងក្រៅមើលហេតុការណ៍ ប៉ះទង្គិចគ្នារវាងកងសន្តិសុខ និងអ្នកភូមិនៅព្រលប់ថ្ងៃទី១៥ខែ ធ្នូ នោះ។

អ្នកស្រីជាម្ដាយនិយាយថា “វាជាអំពើឃោរឃៅ បែបគំរាមកំហែងបំបាក់ស្មារតីខ្ញុំ មិនឲ្យមានការតស៊ូនៅក្នុង បញ្ហានេះ។ ខ្ញុំសូមឲ្យវែកមុខឃាតករគំរាម សម្លាប់កូននិងគ្រួសារខ្ញុំ។ ពួកសន្តិសុខឃោរឃៅខ្លាំងណាស់,វាបង្កការលំបាក រយៈពេល៣ខែមកនេះ,ដូចជាបង្ហោះត្រូន, ជិះម៉ូតូធំៗឆ្វែលចុះឆ្វែលឡើងនៅក្នុងភូមិ..”។

ហេតុការណ៍ប៉ះទង្គិចគ្នារវាងអ្នកភូមិ និងកងសន្តិសុខក្រុមហ៊ុនរតនៈសម្បត្តិនោះ ប្រជាពលរដ្ឋម្នាក់ត្រូវបានសន្តិសុខឧកញ៉ា រតនៈ សម្បត្តិ បាញ់ដោយកាំភ្លើងឆ្នៃឱ្យរងរបួសភ្លៅខាងស្ដាំបន្ទាប់ពីពួកគេព្យាយាម រារាំងក្រុមសន្តិសុខជាច្រើនក្រុម មានចំនួនជាង១០០នាក់មិនឱ្យចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិ ក្នុងករណីទំនាស់ដីធ្លីកាលពីព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិត នៅចំនុចខាងលើអូរឈ្លើងស្ថិតក្នុងក្រុម២០ ភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ។

ពលរដ្ឋរងគ្រោះលោក ឡុង ប៊ុណ្ណារ៉ា អាយុ៤៣ឆ្នាំ រស់ នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានប្រាប់អ្នកកាសែតថា មុនកើតហេតុសន្តិសុខក្រុម ហ៊ុនឧកញ៉ា រតនៈ សម្បត្តិ បានដឹកក្រុមក្មេងទំនើងមកជិត៣០នាក់ប្រដាប់ដោយកាំភ្លើងកែច្នៃឬកាំភ្លើងស្នប់, ដាវ,កាំបិត ចូលទៅបកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ប៉ុនប៉ងវ៉ៃបំផ្លាញផ្ទះអ្នកភូមិ,ពេលនោះប្រជាពលរដ្ឋបាននាំគ្នាមក រារាំងកុំឱ្យក្រុមទាំងនោះបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន។

លោក ឡុង ប៊ុណ្ណារ៉ាលើកឡើងថា៖ «សុំឱ្យអាជ្ញាធរចាប់ពួកអស់ហ្នឹង។ ខាងក្រុមហ៊ុនជួលពួកអនាធិបតេយ្យដើម្បីមកប្លន់ដីប្រជាពលរដ្ឋ សូមឱ្យអាជ្ញាធរដែនដីជួយមើលផង ជួយដោះស្រាយឱ្យប្រជាពលរដ្ឋផង។ ណា មួយដីនេះពលរដ្ឋរស់នៅរាប់សិបឆ្នាំហើយតាំងពីឆ្នាំ ឲ២០១៣ និង២០១៥ មក។ ដូចរូបខ្ញុំជាង១០ឆ្នាំជាងហើយសូមសម្ដេចធិបតីជួយចេញប្លង់ឱ្យប្រជាពលរដ្ឋផងកុំឱ្យក្រុមហ៊ុនធ្វើបាបទៀត »។

អ្នកស្រី អ៊ួន សម្ភស្ស អាយុ៣២ឆ្នាំ ប្រាប់ថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មក ក្រុមហ៊ុនបានបញ្ចុះបញ្ចូលពលរដ្ឋ ដែលមានដីនៅក្នុងភូមិគគីរ ឱ្យដោះដូរដីជាមួយដីក្រុមហ៊ុន ដោយឱ្យពលរដ្ឋទៅយកដីនៅតំបន់ផ្សេង។ អ្នកស្រីបន្តថា ដើមឡើយមានពលរដ្ឋប្រមាណ១៥៨ គ្រួសារមានដីទំហំ១៥ ហិកតា រងផលប៉ះពាល់ជាមួយក្រុមហ៊ុន ប៉ុន្តែមានពលរដ្ឋខ្លះយល់ព្រមដោះដូរដី តែក៏មានពលរដ្ឋខ្លះទៀតមិនយល់ព្រមដែរ។

អ្នកស្រីបន្តថា តំណាងក្រុមហ៊ុនបានដើរគំរាមពលរដ្ឋដែលមិនយល់ព្រមដោះដូរដីជាមួយក្រុមហ៊ុន ថាបើមិនព្រមដោះដូរទេ គេនឹងដាក់គ្រឿងចក្រចូលវ៉ៃផ្ទះយកដីតែម្ដង។ រាល់ថ្ងៃអ្នកស្រីមិនបានទៅធ្វើការងាររកស៊ីទេ នៅចាំតែផ្ទះខ្លាចគេយកគ្រឿងចក្រមកវ៉ៃផ្ទះអត់កន្លែងរស់នៅ ម្ចាស់ផ្ទះដែលមិនព្រមដោះដូរហើយនៅជិតផ្ទះដែលម្ចាស់ព្រមដូរគឺគ្រឿងចក្រវ៉ៃទាំងពីរតែម្ដងហើយនិយាយថាវ៉ៃច្រឡំ។

អ្នកស្រីនិយាយថា រាល់ថ្ងៃក្រុមហ៊ុនបង្ហោះដ្រូននៅក្នុងភូមិមើលឱ្យតែដឹងថា ក្នុងភូមិស្ងាត់មិនមានមនុស្ស ឬមានមនុស្សនៅតិច គេឱ្យគ្រឿងចក្រមកឈូសវ៉ៃកំទេចផ្ទះចោល រួចបានផ្ដល់សំណងតាមក្រោយ ។

អ្នកស្រីលើកឡើងថា៖ «វាជួលពួកស៊ីឈ្នូលដើរកាប់ចាក់ ដើរផ្ដាច់ខ្សែភ្លើងឱ្យងងឹតសូន ហើយម៉ោង៧ជាងចាប់ផ្ដើមធ្វើសកម្មភាពកាក់ផ្លូវ ហើយកាន់កាំបិតគ្រប់ដៃ។ សព្វថ្ងៃនេះលំបាកណាស់បង្ហោះដ្រូន បង្ហោះម៉ូតូពេលយើងជិះទៅក្នុងក្រុង ជិះម៉ូតូតាមពីក្រោយ ខ្លះជិះបំបុកពលរដ្ឋក៏មានដែរ »។

អ្នកភូមិនៅតំបន់នោះលើកឡើងស្រដៀងគ្នាថា ពួកគាត់រស់នៅសុខសាន្តជាង១០ ឆ្នាំមកហើយ មិនដែលមានបញ្ហានោះទេ។ ទើបតែមួយរយៈចុងក្រោយនេះស្រាប់តែមានលេចមុខកងសន្តិសុខក្រុមហ៊ុនរតនសម្បត្តិចូលមកឆាឆៅបង្កការលំបាក,ដូចជា ជិះម៉ូតូធំៗរោទិ៍បង្កសំឡេងរំខានទាំងហ្វូងជាពិសេសបង្ហោះត្រូន ទាំងយប់ទាំងថ្ងៃ។

អ្នកស្រីព្រហ្ម សារ៉េត និយាយថា តាមឯកសារគឺក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថាមិនបានប្រគល់ដីនេះទៅឲ្យក្រុមហ៊ុនរតន សម្បត្តិនោះទេ។ ប៉ុន្តែហេតុអ្វីបានជារដ្ឋបាលខេត្តព្រះសីហនុ បែរជាប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុនរតនសម្បត្តិ គ្រប់គ្រងដីនេះទៅវិញ នៅគ្រាដែលប្រជាពលរដ្ឋកំពុងរស់នៅកាន់កាប់អាស្រ័យផលជាង១០ឆ្នាំមកហើយនោះ។ ជាងនេះទៅ ទៀតប្រជាពលរដ្ឋនៅទីនេះ បានទៅបោះឆ្នោតគ្រប់ៗគ្នាទៀតផង។

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា បញ្ហាដី ធ្លីវាគួរតែដោះស្រាយដោយសន្តិវិធី មិនគួរណាប្រើ អំពើហិង្សាដោយមានការបាញ់ប្រហាបែបនេះទេ។ ការប្រើប្រាស់អាវុធនេះទៀតសោធ ក៏វាជារឿងខុសច្បាប់ទៀតអញ្ចឹងទាមទារឱ្យចាត់វិធានការ ឱ្យបានម៉ីងម៉ាត់ចំពោះអ្នកបង្កហើយហ្នឹងអ្នកដែលពាក់ព័ន្ធ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed