(រតនគីរី) ៖ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា ធនធានធម្មជាតិ ដែលក្នុងនោះមាន ធនធានធម្មជាតិព្រៃឈើ និងធនធានធម្មជាតិរ៉ែងមាសក្រោមដីផងនៅតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ក្នុងស្រុកតាវែង ខេត្តរតនគិរី ពេលនេះកំពុងទទួលរងនូវវិនាសសកម្មដ៏មហន្តរាយជាថ្មី ម្តងទៀតហើយ មិនទាន់មានការទប់ស្កាត់ ឬក៏ចុះបង្ក្រាបពីសំណាក់អាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយនោះទេ។
ជាក់ស្តែងរូបភាពជាច្រើនដែលត្រូវបានថត កាលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បង្ហាញឲ្យឃើញអំពីគំនរឈើ ដែលទើបអារផ្ដួលរលំថ្មីៗ ហើយគេដឹកយកទៅគរទុកជាច្រើនកន្លែង គ្រោងដឹកបន្តទៅក្រៅប្រទេសថែមទៀតផង។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា គេបានប្រទះឃើញមនុស្សភាគច្រើន ដែលជាជនជាតិវៀតណាម(យួន) បានបោះតង់ដេកយ៉ាងច្រើននាក់ ដើម្បីកាប់ព្រៃឈើយ៉ាងសកម្ម ទំនងជាយូរខែមកហើយ ដែលដើមឈើទាំងអស់នោះសុទ្ធតែមានមុខកាត់ធំៗ ហើយដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ យកទៅទម្លាក់គរនៅតំបន់បរិស្ថានស្ថិតក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ជាប់ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។
ប្រភពព័ត៌មានអះអាងថា ការបំផ្លិចបំផ្លាញធនធានធម្មជាតិសារជាថ្មីពីសំណាក់ជនជាតិវៀតណាមខាងលើនេះ មានស្ថានភាពអាក្រក់ជាងកាលអំឡុងឆ្នាំ២០០៥ទៅទៀត ខណៈដែលលោក ខាំ ខឿន កាន់អំណាចជាចៅហ្វាយខេត្ត កាលនោះ មានមនុស្សឋាន:តូចៗតែប៉ុន្មាននាក់ ត្រូវបានគេឃាត់យក ទៅតុលាការក្រុងភ្នំពេញឱ្យទទួលទោសពីបទឧក្រិដ្ឋកម្មព្រៃឈើ ។
ទាក់ទងទៅនឹងការវិនាសកម្មព្រៃឈើខាងលើលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោកសង្ស័យថា ការកាប់នោះធ្វើនៅលើ ផ្ទៃដីរបស់ក្រុមហ៊ុន នុភាព សុភី អ៊ិនវេសមេន ដែលចាប់ផ្តើមដំណើរឈូសឆាយផ្ទៃដីនៅក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ។
យ៉ាងណាក្ដីក្រុមអ្នកភូមិបាននិយាយថា ទំហំនៃវិនាសកម្មដ៏ធំធេងនេះ មិនអាចមន្ត្រីពាក់ព័ន្ធមិនដឹងនោះទេ! ប៉ុន្តែពួកគេធ្វើដេកលក់ និងធ្វើមិនដឹងមិនឮ , ហើយបានអំពាវនាវឲ្យស្ថាប័នថ្នាក់ជាតិដែលមាននាទីទប់ស្កាត់បទល្មើសធនធានធម្មជាតិចាត់ប្រធានការជាបន្ទាន់ និងស្រាវជ្រាវរកបណ្ដាញពាក់ព័ន្ធ ដើម្បីបង្ក្រាបនិងឃាត់ក្រុមជនល្មើស យកទៅផ្ដន្ទាទោស ដោយមិនគួរអត់ឱនឲ្យឡើយ ព្រោះនេះជាអំពើក្បត់ផលប្រយោជន៍ជាតិ ក្បត់ជាតិដ៏អាក្រក់ណាស់ខ្លាំងណាស់ ៕