រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលឡើងវិញនូវតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការប្រកាសកែសម្រួលនេះ បានធ្វើឡើងក្រោយពី ចំនួនប្រជាពលរដ្ឋក៏ដូចជាបរិមាណយានយន្តក្នុងរាជធានី ភ្នំពេញមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ធ្វើឱ្យតំបន់មួយចំនួន និងតម្រាយផ្លូវនៅក្នុង ភូមិសាស្ត្រជាយរាជធានីភ្នំពេញដែលពីមុនមានសភាពស្ងប់ស្ងាត់ ចរាចរមិនសូវមមាញឹកក៏បាន ប្រែក្លាយទៅជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ហើយការធ្វើដំណើរលើដងផ្លូវមាន ការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរជាញឹកញាប់ ដែលភាគច្រើនបង្កឡើងដោយរថយន្តធុនធ្ងន់ ។

យោងតាមសេចក្ដីណែនាំ ស្តីពីការកែសម្រួលការធ្វើចរាចររបស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទចេញ-ចូលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដូចខាងក្រោម៖

១. រថយន្តដឹកជញ្ជូនធុនធ្ងន់ត្រូវបានកំណត់ជា ២ ប្រភេទគឺ៖

ប្រភេទទី១៖ រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ២ (ពីរ) កម្រិតទម្ងន់សរុបអនុញ្ញាត អតិបរមារបស់រថយន្តកំណត់ត្រឹម១៦(ដប់ប្រាំមួយ)តោន អាចធ្វើចរាចរចេញ -ចូលរាជធានីភ្នំពេញ បាននៅពេលថ្ងៃ និងពេលយប់ ប៉ុន្តែត្រូវហាមការធ្វើដំណើរនៅវេលាម៉ោង ៥:០០ ដល់ ៩:០០ព្រឹក និង១៦:០០ ដល២១:០០ល្ងាច ក្នុងភូមិសាស្ត្រ ចំនួន៥ខណ្ឌ ដែលរួមមាន ខណ្ឌដូនពេញ ចំការមន ៧មករា ទួលគោក និងបឹងកេងកង។

ប្រភេទទី២: រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ៣ (បី) ឡើងទៅ កម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តកំណត់ចាប់ពី២១ (ម្ភៃមួយ)តោន ឡើងទៅ ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរបានពេលថ្ងៃ និងពេលយប់នៅលើផ្លូវក្រវាត់ក្រុងទី៣ និងអាចធ្វើចរាចរចេញ-ចូលរាជធានីភ្នំពេញនៅ ពេលយប់ចាប់ពីម៉ោង ០៩:០០ នាទីយប់ រហូតដល់ ម៉ោង ០៥:០០ នាទីព្រឹក ប៉ុន្តែហាមធ្វើចរាចរ ទាំងថ្ងៃ និងយប់ក្នុងភូមិសាស្ត្រ ៥ខណ្ឌ គឺខណ្ឌ ដូនពេញ ៧មករា ចំការមន បឹងកេងកង និងទួលគោក ព្រមទាំងផ្លូវ និងស្ពានមួយចំនួនទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

២. ដោយឡែកចំពោះរថយន្តដឹកជញ្ជូនផ្គត់ផ្គង់ការដ្ឋានសំណង់ និងការដ្ឋានជួសជុលស្ថាបនា ផ្លូវ លូ រួមមាន រថយន្តដឹកខ្សាច់ ដី ថ្ម និងបេតុង រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្ដល់លិខិតអនុញ្ញតជាអាទិភាពដោយឡែក ដោយមានការកំណត់ពេលវេលា និងតម្រាយផ្លូវឆ្ពោះទៅកាន់ការដ្ឋាននីមួយៗ ដែលម្ចាស់យានយន្តបានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ។

៣. សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរ (Bus) គ្រប់ប្រភេទ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ ណែនាំអំពីម៉ោងពេល និងតម្រាយផ្លូវក្នុងរាជធានីភ្នំពេញដោយឡែក។

៤. ចំពោះរថយន្តដែលត្រូវធ្វើចរាចរចូល និងឆ្លងកាត់រាជធានីភ្នំពេញ ហើយស្ថិតនៅក្នុងម៉ោង ហាមឃាត់ត្រូវចូលសំចតរង់ចាំនៅទីតាំងសមស្របណាមួយ ឬចំណតជាយរាជធានីភ្នំពេញដែល មានស្រាប់ស្ថិតនៅគ្រប់ច្រកចេញ-ចូលផ្លូវជាតិទាំង ៦ (ផ្លូវជាតិលេខ១, លេខ២, លេខ៣, លេខ៤, លេខ៥ និងលេខ៦) និងហាមដាច់ខាតការឈប់សំចតរង់ចាំនៅតាមដងផ្លូវ ។

រដ្ឋបាលរាជធានីភ្នំពេញ នឹងឃាត់ទុកដោយគ្មានកាលកំណត់ ដើម្បីអប់រំណែនាំម្ចាស់រថយន្ត ចំពោះករណីមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំខាងលើ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed