ភ្នំពេញ៖ ស្ត្រីជាកម្មករម្នាក់ខំ ពពោះ៩ខែ១០ ថ្ងៃបាន កូន១ បែជាយកទៅផ្ញើនឹងអ្នករើសអេតចាយហើយគេច ខ្លួនបាត់១សន្ទុះទើបមករកកូនវិញ ។ ល្បែងស្នេហា ដែលកម្មការិនីរោងចក្រកាត់ដេរ ស្រឡាញ់បុរសម្នាក់ រហូតជ្រុលខ្លួន មានផ្ទៃពោះ ទើបដឹងថាបុរសនោះ មានប្រពន្ធនិងកូន រួចទៅហើយ ចំណែកប្ដីនោះក៏គ្មានមុខ របររកស៊ីអ្វីដែរហើយក៏មិន បានទទួលខុសត្រូវ ចិញ្ចឹមរូបនាង និងកូនថែមទៀត ។
ពេលនេះនាង កើតបានកូនប្រុសម្នាក់ អាយុជាង ១ខែ ហើយនិងបានបីកូនទៅរកប្ដីដល់ផ្ទះ ប៉ុន្តែអត់ជួបប្ដីទេ បែរជាជួបប្រពន្ធដើម ហើយត្រូវប្រពន្ធដើម វាយធ្វើបាបថែមទៀត ទើបនាងបីកូនយកទៅផ្ញើទុកនៅនឹងស្ត្រី អ្នករើសអេតចាយម្នាក់ រួចគេចខ្លួនបាត់ទៅ ។ ពេលនោះ ស្ត្រី អ្នករើសអេតចាយរាយការណ៍ប្រាប់លោកមេភូមិ និង បង្ក ឲ្យមានការ ភ្ញាក់ផ្អើលទាំងព្រឹក ប៉ុន្តែ ជាង៣ ម៉ោង ក្រោយមក ដោយអត់ដាច់ចិត្តពីកូនស្រាប់តែស្ត្រីរូបនោះ ត្រឡប់ទៅយកកូនវិញ។
ហេតុការណ៍នេះកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦ ព្រឹក ថ្ងៃ ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយនាងបានត្រឡប់មកយកកូនវិញ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃ ដដែលនោះ ។
ស្ត្រីខាងលើអាយុ៣១ ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ចំណែក បុរសជាប្ដីដែលមិនទទួលខុសត្រូវ លើរូបនាងនិងកូននោះអត់ដឹងថាឈ្មោះពិតអ្វីទេ ។ នាងស្គាល់តែឈ្មោះហៅក្រៅថា តាស្រមូម ហើយតាស្រមូមនេះមានប្រពន្ធ និងកូន ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បញ្ហានេះច្រើនកើតមានក្នុងសង្គម បើគិតថា មិនជាគូអនាគតទេ កុំប្រឡែងនឹងភ្លើងអី វាក្តៅណាស់ អាចឆេះឆាបរលាកខ្លួនថែមទៀត ចឹងប្រឹងបន្តដំណើរទៅមុខទៀត ដើម្បីចិញ្ចឹមកូន៕