ខេត្តក្រចេះ÷ អធិការនគរបាលស្រុកព្រែកប្រសព្វបានបញ្ជូនខ្លួនលោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឬស្សីកែវទៅដាក់វិន័យនៅស្នងការនគរបាលខេត្តក្រចេះ ពាក់ព័ន្ធនឹងកាបាញ់បោះសេរី ក្នុងជម្លោះរឿងចែកលុយជាមួយនឹងគណៈកម្មការទូក និងជាសមាជិកក្រុមប្រឹក្សាឃុំឬស្សីកែវ ។

លោកវរៈសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វបានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកានេះថា លោកនាយប៉ុស្តិ៍រដ្ឋបាលខាងលើត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះកាលពីថ្ងៃទី១៨ខែវិច្ឆិកា ក្រោយពីបញ្ចប់ការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបន្ទាប់ការបាញ់បោះកើត ឡើងតាំងពីយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ។

បើតាមប្រភពពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឃុំឬស្សីកែវ បានឲ្យដឹងថា ករណីដែលនាយប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ ប្រើប្រាស់កាំភ្លើងបាញ់ចំនួន២គ្រាប់ ដោយ សារខឹងជាមួយនឹងលោក ហុក រ៉ាមិហ៍ សមាជិកក្រុម ប្រឹក្សាឃុំនិងជាគណៈកម្មការទូកងវត្តឬស្សីកែវ រួមនិងសមាជិកគណៈកម្មការផ្សេងទៀត ។ ប្រភពបានឲ្យទៀតដឹងថា រឿងរ៉ាវនេះសង្ស័យកើតពីទំនាស់ផលប្រយោជន៍ រឿងចែកលុយអំណោយ និងការចាក់លុយ,ការប្រណាំង ទូក កាលពីថ្មីៗនេះ ហើយក៏មានករណីផ្សេងៗទៀតដែលមានការខឹងគុំគួនគ្នាជាច្រើនលើកមកហើយដែរ។

តាមលោក ហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំនិងជាគណៈកម្ម ការទូកងវត្តឬស្សីកែវបានឱ្យដឹងនៅព្រឹកថ្ងៃ ទី១៩ ខែវិច្ឆិកានេះថា រឿងនេះពាក់ព័ន្ធនឹងគណៈកម្មការទូកង ដោយសារនៅពេលដែលពិធីបុណ្យអុំទូកកម្លាំងប៉ុស្តិ៍រដ្ឋបាលបានទៅធ្វើការងារសណ្តាប់ប់ធ្នាប់ជាមួយ នឹងគណៈកម្មការទូកង ហើយនៅពេលត្រឡប់ មកវិញកាលពីអំឡុងថ្ងៃទី១៧ ក្រុមគណៈកម្មការក៏បានយកថវិកាដែលទទួលបានពីការឧបត្ថម្ភ យកមកបូក បញ្ជីដើម្បីបែងចែកទៅចំណុះទូក ដោយនៅក្នុងចំណុះទូក
ម្នាក់ៗទទួលបានថវិកា៣០ម៉ឺនរៀល ហើយនៅសល់ថវិកា៨លានរៀល ។

ប៉ុន្តែ នាយប៉ុស្តិ៍នគរបាលខាង លើមានការខឹងសម្បារទៅលើគណៈកម្មការទូកង ហើយក៏បានប្រើពាក្យសំដីអសុរសទៅលើក្រុមគណៈកម្មការទូកនោះថា ពួកអាគណៈកម្មការទូកចាប់ពីថ្ងៃនេះទៅពួកឯងមិនបាច់ចូលប៉ុស្តិ៍អញទៀតទេ ហើយថា ពួកគណៈកម្មការទូកឆ្នាំនេះសុទ្ធតែពុករលួយ ជាងពួកគណៈកម្មការទូកឆ្នាំមុនទៅ ទៀត ។

ដោយឮពាក្យសម្ដីពីនាយប៉ុស្តិ៍រដ្ឋបាលរូបនេះ លោក ហុក រ៉ាមហ៍ សមាជិកក្រុមប្រឹក្សាឃុំនិងជាគណៈកម្មការទូកង ដែលកំពុងបែងចែកថវិកាទៅចំណុះទូកង ក៏បានឆ្លើយ តបទៅវីញថា ម៉េចបាននិយាយដូច្នោះ តើចង់ បានអំណោយដូចចំណុះទូកដែរឬអី? គ្រាន់តែការឆ្លើយនឆ្លងសំដីគ្នាបែបនោះ ស្រាប់តែនាយប៉ុស្តិ៍រដ្ឋបាលក៏ដើរសំដៅ ទៅម៉ូតូរបស់ខ្លួនចាក់សោរដកយកកាំភ្លើង ពេល នោះគណៈកម្មការទូកផ្សេងទៀតក៏បានឲ្យលោក ហុក រ៉ាមិហ៍ជិះម៉ូតូចេញពីទីតាំងកើតហេតុ ហើយមេប៉ុស្តិ៍ ប៉ូលីសរូបនោះក៏បានបាញ់គម្រាមពីរគ្រាប់ ។

លោកហ៊ុក រ៉ាមិហ៍ បញ្ជាក់ថា ទោះបីជាមានករណីនេះកើត ឡើងក៏ដោយរូបលោកនិងគណៈកម្មការទូកផ្សេង ទៀតក៏មិនបានប្ដឹងប្តល់អីដែរ។ តែរឿងអង្គភាពគេពិន័យអីយ៉ាងម៉េចនោះជារឿងផ្សេង។

ឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះប្រាប់អ្នកសារព័ត៌មានថា លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ បច្ចុប្បន្ន កំពុងជាប់អនុវត្តវិន័យរបស់កងកម្លាំងនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្ត ក្រចេះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed