ខេត្តសៀមរាប ៖ ហេតុការណ៍ឃាតកម្មគិតទុកជាមុនមួយករណីបានកើតឡើងនៅ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ត្រង់ចំណុចតូបលក់កាហ្វេរបស់ជនរងគ្រោះ តាមបណ្ដោយផ្លូវព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ។
យុវតីម្នាក់ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ ត្រូវបានសង្សារចាក់សម្លាប់ ចំនួន២៣កាំបិត នៅក្នុងផ្ទះ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណែកឯជនសង្ស័យ(ជាសង្សារ) ក្រោយចាក់សម្លាប់ បានជិះម៉ូតូរត់គេចខ្លួន រួចយកម៉ូតូទៅប្លុងនៅចំណុចក្បែរខ្លោងទ្វារខាងលិចក្រុងអង្គរធំ(ទ្វារតាកៅ) ហើយទុកស្បែកជើង និងទូរសព្ទនៅក្បែរមាត់ទឹក ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ។
បើតាមលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ថា ជនសង្ស័យ ឈ្មោះ ផាន ជីនី ភេទប្រុស អាយុ២៤ឆ្នាំ រៀនចប់ថ្នាក់ទី១២ មានមុខរបរ អ្នកឌីសាញ រស់នៅជាមួយបងស្រី ជាជាងអ៊ុតសក់ នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ជនសង្ស័យជាអតីតសង្សារចាស់របស់នារីរងគ្រោះបានធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់ ទៅលើនារីរងគ្រោះ ឈ្មោះ វណ្ណ សុភ័ក្តតា អាយុ២៣ឆ្នាំ មុខរបរលក់កាហ្វេ ជានិស្សិតច្បាប់ឆ្នាំទី៤ បច្ចុប្បន្នរស់ភូមិគោកដូង សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ។
ប្រសុខខាងលើបញ្ជាក់ថា ខណៈពេល ដែលនារីរងគ្រោះមកបើកតូបលក់កាហ្វេ ជនសង្ស័យបានជិះម៉ូតូមកដល់ ហើយចូលធ្វើសកម្មភាព យកកាំបិតចុងស្រួច ចាក់ទៅ លើនាងជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនិងបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកជនសង្ស័យក្រោយពេល ធ្វើសកម្មភាពរួចហើយ បានជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ កម្លាំងយើងស្រាវជ្រាវស្វែងរកជនសង្ស័យ រហូតដល់ម៉ោង១៣និង២០នាទី ថ្ងៃខែដដែល សមត្ថកិច្ចបានរកឃើញសាកសពជនសង្ស័យ ឈ្មោះ ផាន ជីនី បានមកលោតទឹកសម្លាប់ខ្លួននៅទំនប់ទឹក ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង -ខេត្តសៀមរាប បានស្លាប់បាត់ហើយ ។
សពជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេស ធ្វើកោសល្យវិច័យ ដើម្បីប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕