អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំកិច្ចពិភាក្សាអំពីតួនាទីរបស់កេរដំណែលសោតទស្សន៍ក្នុងការរក្សាសន្តិភាព និងការផ្សះផ្សា ដើម្បីចូលរួមប្រារព្ធទិវាពិភពលោកសម្រាប់កេរដំណែលសោតទស្សន៍ ដោយមានសាធារណជនចំនួន ៣៧រូប បានចូលរួមក្នុងកម្មវិធីនេះ ដើម្បីស្តាប់ការពន្យល់បកស្រាយពីក្រុមអ្នកជំនាញ រួមមានលោក ជា សុភាព នាយកមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា លោក Nicolaus Mesterharm ផលិតករភាពយន្ត និងជានាយកអង្គការ Meta House និងបណ្ឌិត Tilman Baumgärtel សាស្ត្រាចារ្យផ្នែកសិក្សាប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Mainz កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

កិច្ចពិភាក្សាបានជជែកវែកញែកលើប្រធានបទសំខាន់ៗមួយចំនួន រួមមានសារៈសំខាន់នៃបណ្ណសារសោតទស្សន៍ជាធាតុសម្រាប់ព្យាបាលផ្លូវចិត្តជនរងគ្រោះនៃឧក្រិដ្ឋកម្ម និងការដោះស្រាយជាមួយនឹងរបួសអន្តរកាល។ លោក ជា សុភាព បានមានប្រសាសន៍ថា៖ «តាមរយៈសក្ខីកម្ម និងប្រវត្តិផ្ទាល់មាត់ដែលពួកគេទទួលរងផលប៉ះពាល់នោះ បណ្ណសារសោតទស្សន៍បានអនុញ្ញាតឱ្យយុវជនកម្ពុជាភ្ជាប់ជាមួយបទពិសោធន៍ជីវិតរបស់អ្នកជំនាន់មុន ដែលបានជំរុញការយល់ចិត្ត ការសន្ទនា និងការយល់ដឹងអំពីភាពអត់ទ្រាំរបស់ពួកគេ។ សក្ខីកម្មទាំងនោះនឹងជួយយុវជនកម្ពុជាឲ្យបានយល់ដឹងកាន់តែច្បាស់ពីភាពខ្លោចផ្សារបស់ប្រវត្តិសាស្ដ្ររបស់ពួកគេផងដែរ”។

វាគ្មិនក៏បានពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហាប្រឈមដែលស្ថាប័ននានាបានជួបប្រទះក្នុងការថែរក្សាកេរដំណែលសោតទស្សន៍ ផលប៉ះពាល់ពីសង្គមដែលអាចកើតមាន ប្រសិនបើការថែទុកដាក់នោះ ត្រូវបានបាត់បង់ និងសារៈសំខាន់នៃបណ្ណសារសោតទស្សន៍ដែលជាការបំពេញបន្ថែមដ៏សំខាន់ដល់ការសិក្សាពីប្រវត្តិសាស្ត្រ “ប្រពៃណី”។

ដោយឡែក លោក Nico Mesterharm មានប្រសាសន៍ថា៖ “ការរក្សានូវកេរដំណែលសោតទស្សន៍ ដូចជាខ្សែភាពយន្ត ខ្សែអាត់សំឡេង និងរូបថតផ្សេងៗ មានសារៈសំខាន់ណាស់ក្នុងការរៀបចំសម្រាប់បង្ហាញមនុស្សជំនាន់ក្រោយឱ្យយល់ដឹងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក៏ដូចជាក្តីសង្ឃឹមរបស់ពួកគេសម្រាប់អនាគត”។

វាគ្មិនក៏បានជជែកអំពីដំណោះស្រាយចំពោះបញ្ហាប្រឈមនានា រួមទាំងកង្វះជំនួយហិរញ្ញវត្ថុទូទៅសម្រាប់ឯកសារ តម្រូវការសម្រាប់អ្នកជំនាញដែលមានសមត្ថភាពក្នុងផ្នែកបណ្ណសារ និងភាពចាំបាច់នៃកម្មវិធីសិក្សាផ្លូវការ។ ក្រុមអ្នកវិភាគបានទទួលស្គាល់តួនាទីឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់ក្នុងការទទួលយកបណ្ណសារ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងស្ថាប័នបណ្ណសារទូទាំងប្រទេស។

វាគ្មិនបានបញ្ចប់ដោយការសង្កត់ធ្ងន់លើគុណតម្លៃនៃការថែរក្សាកេរដំណែលសោតទស្សន៍ ដែលអាចបញ្ជាក់ឱ្យឃើញពីរូបភាព និងបានឮសំឡេង សម្រាប់ចងចាំរួម និងអត្តសញ្ញាណនៃសង្គមនោះ។ លោកបណ្ឌិត Tilman Baumgärtel បានលើកឡើងថា៖ “កេរដំណែលសោតទស្សន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងយល់ពីខ្លួនយើង និងវប្បធម៌របស់យើង – ដែលវាអាចជារូបថត ភាពយន្ត និងឯកសារជាសម្លេងដែលត្រូវបានរក្សាទុកក្នុងបណ្តុំ និងបណ្ណសារផ្លូវការ ហើយវាអាចត្រូវបានថតចម្លងជារូបភាព និងជាសំឡេងនៅលើស្មាតហ្វូនរបស់អ្នក”។

សូមបញ្ជាក់ថា កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងស្របតាមការប្តេជ្ញាចិត្តរបស់ អ.វ.ត.ក. ក្នុងការថែរក្សាការចងចាំប្រវត្តិសាស្ត្រ និងការលើកកម្ពស់ការផ្សះផ្សានៅកម្ពុជា។

ដោយ ផែន រតនៈ (ប្រភព អ.វ.ត.ក.)

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed