(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុនឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៩ ខែតុលានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី «នៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ» ដើម្បីបួងសួងសូមសេចក្ដីសុខ មុនប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នាយប់ថ្ងៃទី៣០ ខែតុលាស្អែកនេះ ដែលប្រព្រឹត្តទៅ
ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានុងលោកជំទាវបណ្ឌិតពេជ ចន្ទមុនីហ៊ុន ម៉ាណែត ។
ការប្រកួតកីឡា ជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង និងខេត្តស្វាយរៀង លើ៣៦ប្រភេទកីឡា និង ប៉ារ៉ាឡាំពិក ១៣ប្រភេទកីឡា។ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី មកពី៣ក្រសួង គឺ(ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងមកពី២៥ រាជធានី- ខេត្ត ។
បើតាមការបញ្ជាក់ពី លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា មុនព្រឹត្តិការណ៍ប្រកួតចូលមកដល់ គឺក្រសួងបានផ្តល់ព័ត៌មានទូទៅដល់ និងការចាប់ឆ្នោតចែកពូល សម្រាប់ប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ ហើយយើងបានផ្តល់ព័ត៌មានទូទៅ សម្រាប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលនឹងប្រព្រឹតទៅជាផ្លូវការពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី-ខេត្តចំនួន៥ ។
លោកបន្តថា ប្រតិភូកីឡាបានមកដល់នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ហើយពិធីបើកការប្រកួតជាផ្លូវការនឹងធ្វើឡើងនាវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ចំពោះពិធីបើកនឹងត្រូវប្រារព្ធធ្វើឡើងតាមទម្រង់ហ្គេម ដោយមានពិធីសម្តែងសិល្បៈ ចម្រៀង ក្បាច់គុន និងការសម្តែងរបស់តារាចម្រៀងរ៉េបកំពុងពេញនិយម គឺលោក វណ្ណដា។ ពហុកីឡដ្ឋានជាតិអូឡាំពិកនឹងអាចឱ្យប្រតិភូកីឡា និងមហាជនចូលរួមអង្គុយទស្សនាដោយផ្ទាល់បានចំនួន ៣ម៉ឺននាក់ ។
ក្រសួងអប់រំបានកំណត់ចំនួនប្រភេទកីឡាបានកំណត់យក ៣៦ប្រភេទកីឡា ដោយមានវិញ្ញាសាសរុបចំនួន ៣២៨ ខណៈប្រភេទកីឡាជាតិជនពិការលើកទី២ មានចំនួន១៣ មានវិញ្ញាសាចំនួន ៥៥ សរុបរួមទាំងអស់ស្មើនឹង ៣៨៣ វិញ្ញាសា។
លោកបន្ថែមថា ព្រឹត្តិការណ៍នេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចុះឈ្មោះចូលរួម ២៥ រាជធានី -ខេត្ត និង៣ក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានចុះឈ្មោះចុងក្រោយប្រតិភូ អ្នកដឹកនាំក្រុមតាមប្រភេទកីឡា ៥២០នាក់ គ្រូបង្វឹក គ្រូជំនួយ ៧៣៤ នាក់ កីឡាករ ២,៦៨៧ នាក់ កីឡាការិនី ១ ,៣៩៨ នាក់ សរុបទាំងអស់ ៥, ៣៣៩ នាក់ ៕