(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកជំរុញ មិងអភិវឌ្ឍវិស័យកីឡានិង ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍(SEAGF Council) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយមានថ្នាក់ដឹកនាំចលនាអូឡាំពិកគ្រប់បណ្ដាប្រទេសក្នុងតំបន់ ក្នុងនោះក៏មានវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។

ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍សម្រឹចតែងតាំង ឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធានកិត្តិយសអស់ ១ជីវិត នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ គឺជាការផ្ដល់នូវកិត្តិយសជូនចំពោះការលះបង់ផ្ទាល់របស់ ឯកឧត្តម ចំពោះចលនាអូឡាំពិក ក៏ដូចជាកីឡា ដែលឯកឧត្តមបានកសាងនូវចលនាអូឡាំពិកកម្ពុជាបានរីកចម្រើន ក្រោមកិច្ចសហការ ការគាំទ្រ ការជំរុញ និងការយកចិត្តទុកដាក់ខ្ពស់ពី រាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាធំៗជាច្រើនផ្សេងទៀត ។ សូមជម្រាបផងដែរថា មហាជោគជ័យជាប្រវត្តិសាស្រ្តសំខាន់ៗ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មី ក្នុងប្រវត្តិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មានដូចជា៖ ១. ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានផ្តល់ទស្សនាទានថ្មី សម្រាប់ចលនាអូឡាំពិកអន្តរជាតិ ដែលជាប្រវត្តិសាស្ត្រ ពុំធ្លាប់មានសម្រាប់ព្រឹត្តិការណ៍កម្រិតតំបន់ ក៏ដូចជាព្រឹត្តិការណ៍កម្រិតអូឡាំពិក ដែលបានផ្តល់ជូននូវ៖ – មិនយកថ្លៃស្នាក់នៅ ហូបចុក ដឹកជញ្ជូន ពីប្រតិភូកីឡាគ្រប់ប្រទេសចូលរួម។

– មិនលក់សំបុត្រចូលទស្សនាពិធីបើក-បិទ និងគ្រប់ការប្រកួតកីឡា។
– មិនយកថ្លៃ “សិទ្ធផ្សាយទូរទស្សន៍” គ្រប់ប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ។
– មិនយកថ្លៃទិដ្ឋាការសម្រាប់ប្រតិភូកីឡា និងមន្ត្រីបច្ចេកទេសអន្តរជាតិទាំងអស់។
– មិនយកថ្លៃចូលទស្សនាប្រាសាទ អង្គរវត្តសម្រាប់ប្រតិភូកីឡាទាំង អស់។

២. ការរៀបចំព្រះរាជពិធីប្រោស ព្រះរាជទាន ព្រះអគ្គិជ័យកីឡា នៅមុខប្រាសាទអង្គរវត្ត និងពិធីដង្ហែរភ្លើងគប់ព្រះអគ្គិជ័យកីឡាជាប្រវត្តិសាស្រ្ត បានផ្តល់នូវមហាកិត្តិយសជាតិដ៏ធំធេង និងសម្រែកគាំទ្រ ជាចលនាជាតិនិយម មោទនភាពជាតិខ្មែរ ដ៏ត្រចះត្រចង់ ស្របតាមនិយាមពិធីដង្ហែភ្លើងគប់កីឡាអូឡាំពិកអន្ដរជាតិ ។

៣. ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមជាផ្លូវការកម្រិតស្តង់ដាអូឡាំពិក បានបង្កើតនូវ ភាពភ្ញាក់ផ្អើល និងភាពអស្ចារ្យបំផុត ប្រកបដោយប្រណិតភាព និងភាពឥតខ្ចោះក្នុងការបង្ហាញ វប្បធម៌-អរិយធម៌អង្គរដ៏រុងរឿង និងបានបង្ហាញសក្តានុពលជាតិគ្រប់វិស័យ ធ្វើឲ្យមានការបង្កើតភាពភ្ញាក់ផ្អើលដល់ចលនាអូឡាំពិកអន្តរជាតិ-ប៉ារ៉ាឡាំពិកអន្តរជាតិ។

៤. ជាប់ឯកត្តកម្មដែលទាក់ទាញអ្នកទស្សនាច្រើនជាងគេធៀបនឹងព្រឹត្តិការណ៍ស៊ីហ្គេមមុនៗ ដែលគិតមកដល់ពេលនេះចំនួនអ្នកចូលទស្សនាតាមគ្រប់បណ្តាញផ្សព្វផ្សាយ បានកើនឡើងដល់ ៤០ ពាន់លាន Views ជុំវិញពិភពលោក ដែលភាគច្រើនគឺពិធីបើក និងកីឡាការិនី ប៊ូ សំណាង ដែលឈ្នះបេះដូងស្មារតីអូឡាំពិក។

៥. អត្តពលិកកម្ពុជា ដណ្តើមបាន មេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៧គ្រឿង សរុបចំនួន ២៨២ គ្រឿង ឈរលើចំណត់ថ្នាក់ទី៤ ក្នុងចំណោម ១១ប្រទេស ដែលជា ឯកត្តកម្មមេដាយច្រើនបំផុត ដែលកម្ពុជាដណ្តើមបាន ។

គួររំលឹកថា ឯកឧត្តមបណ្ឌិត ថោង ខុន ក៏ធ្លាប់ទទួលបានពានកិត្តិយសជាច្រើនពី ចលនាអូឡាំពិកអាស៊ី និង អន្ដរជាតិផងដែរ ជាក់ស្ដែងកំឡុងពេលកម្ពុជា ធ្វើម្ចាស់ជាផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ឯកឧត្តមក៏បានទទួលនូវគ្រឿងឥស្សរិយយសថ្នាក់បំផុត «ខ្សែកមាស» ឬ OCA Merit Award ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីផងដែរ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *