(ភ្នំពេញ)៖ មួយថ្ងៃកន្លះពេញនៃវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៣ឆ្នាំកន្លងមកគឺ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ មានរដ្ឋបាលថ្នាក់ខណ្ឌនិងសង្កាត់ទាំង១០៥ បានលើកឡើងជាសំណើរនិងសំណូមពរ ចំនួន២៣ស្មើ ៨ប្រធានបទ ដើម្បីឱ្យថ្នាក់រាជធានីភ្នំពេញនិងថ្នាក់ជាតិ
ជួយអន្តរាគមន៍ដោះស្រាយ សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារលើផ្តល់សេវាផ្សេងៗ នៅថ្នាក់ក្រោមជាតិ មានភាពលឿន ឆាប់រហ័សនិងកាត់បន្ថយបានបញ្ហាប្រឈមផ្សេងៗ។ វេទិកានេះ ប្រព្រឹត្តក្រោមវត្តមាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកបដោយផ្លែផ្កាខណៈអ្នកចូលរួមបានឡើងបញ្ចេញមតិយោបលយ៉ាងផុសផុលកាលពីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។
វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈ ពេល៣ឆ្នាំ(២០២១ ដល់២០២៣) នៅរាជធានីភ្នំពេញ ថ្នាក់ខណ្ឌនិងសង្កាត់ទាំង១០៥បានលើកឡើងជាសំណើរនិងសំណូមជាច្រើន ដូចជាការស្នើសុំ ផ្សព្វផ្សាយ បណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបានយល់កាន់តែច្បាស់ពីការងារគ្រប់គ្រង។
ការស្នើសុំ ធនធានមនុស្សនិងថវិកាបន្ថែមនៅថ្នាក់សង្កាត់។ ការស្នើសុំអោយបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ បរិស្ថាន ខណៈពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ និងការទុកដាក់សំរាមមិនទាន់បានល្អ។ ការស្នើសុំបង់ព័ន្ធប្រថាប់ត្រាថ្នាក់ទាប នៅត្រឹមខណ្ឌ។ ការស្នើសុំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រី លើការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយសារធនធានមនុស្សនៅមានកំរិត។ ការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ដល់ក្រុមប្រឹក្សាសង្កាត់។ ការស្នើសុំកែសម្រួលការចុះបញ្ជី ទោចក្រ-ត្រីចក្រយានយន្ត។ ការស្នើសុំ ការចុះធ្វើអធិការកិច្ចរបស់ក្រសួងពាក់ព័ន្ធ ចុះមកតែ១ដងរួមគ្នា។
ថ្លែងនៅក្នុងពិធីបិទបញ្ចប់វេទិកានាថ្ងៃទីនេះ លោកឃួង ស្រេង មានប្រសាសន៍ថា អស់រយៈពេល១ថ្ងៃកន្លះនៃវេទិកា ថ្នាក់ខណ្ឌនិងសង្កាត់ បានលើកឡើងជាសំណើរនិងសំណូមចំនួន ២៣ស្មើ៨ប្រធានបទ ក្នុងនោះនៅថ្នាក់សង្កាត់ចំនួន៧ ថ្នាក់ខណ្ឌចំនួន៧និងនៅថ្នាក់មន្ទីរ វិស័យចំនួន៩ ហើយក្នុងចំណោមសំណើរនិងសំណូម បញ្ហាប្រឈមទាំងនេះ យើងដោះស្រាយបានចំនួន៩បញ្ហា បញ្ជូនទៅថ្នាក់ជាតិអោយជួយដោះស្រាយចំនួន១៣បញ្ហានិង១បញ្ហាទៀតយើងព្យួរទុក នោះគឺការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ ដល់ក្រុមប្រឹក្សាសង្កាត់។ ការងារនេះយើងរងចាំអោយសមាគមនក្រុមប្រឹក្សា ពិភាក្សាគ្នាបន្តជាមួយក្រុមប្រឹក្សាថ្នាក់ជាតិ យើងមិនអាចធ្វើតែឯងនៅរាជធានីភ្នំពេញបានទេ ព្រោះវាក៏ពាក់ព័ន្ធនឹង ក្រុមប្រឹក្សានៅខេត្តផងដែរ។
លោកអភិបាលរាជធានីបានបន្តទៀតថា វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវធ្វើឡើង៣ឆ្នាំម្តង ដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ផ្អែកលើមូលដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជាដែលមានសុខ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕