ខេត្តរតនគិរី÷កម្មករជាច្រើនរយនាក់កំពុងធ្វើសកម្មភាពជីកប្រកាយរកត្បូង នៅឯក្នុងចំការកៅស៊ូ ស្រុកបរកែវខេត្តរតនគិរីក្រោមការចាត់ចែងរបស់កុងសែ ឈ្មោះថានិងឈ្មោះទូច។ លោកថានឹងលោកទូកត្រូវគេប្រាប់ថាបានបោះទុនវិនិយោគជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញជាថ្នូរនឹងឲ្យរក្សាស្ងៀមស្ងាត់។
កម្មករជាច្រើននាក់កំពុងធ្វើសកម្មភាពជីករុករករ៉ែត្បូងជាច្រើនរណ្តៅនៅ តែបន្តធ្វើសកម្មភាពនៅ ក្នុងចម្ការ កៅស៊ូរបស់ប្រជាពលរដ្ឋ បើទោះបីសមត្ថកិច្ចជំនាញរបស់ខេត្តក៏ធ្លាប់ចុះមកទប់ស្កាត់និងបង្ក្រាបម្តងដែរ កាលពីខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ ប៉ុន្តែការបង្ក្រាបរបស់សមត្ថកិច្ច ហាក់មិនមានប្រសិទ្ធភាពទាល់ព្រះសោះពោលគឺប្រៀបដូចជាវែកចកដូច្នេះដែរ។
ជាក់ស្តែងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ទីតាំងជីករុករករ៉ែត្បូងនៅក្នុងចម្ការកៅស៊ូ១កន្លែង ស្ថិតក្នុងភូមិ១ (បរកែវចាស់)ឃុំឡាមិញ ស្រុកបរកែវ បានធ្វើសកម្មភាពជាច្រើនខែមកហើយ មិនឃើញជំនាញឬអាជ្ញាធរស្រុកមានចំណាត់ការនិងបង្ក្រាបទាល់តែសោះ។ ការជីករុករករ៉ែត្បូងនោះ តើអាជ្ញាធរស្រុកបរកែវបានដឹងដែរឬទេ? ឬ មួយបានដឹងហើយ នៅសម្ងំស្ងៀមមិនមានចំណាត់ការទៅលើក្រុមកម្មករជីករុករករ៉ែត្បូង នៅក្នុងចម្ការកៅស៊ូនោះ។ ភាពស្ងៀមស្ងាត់របស់ស្ថាប័នជំនាញនិងអាជ្ញាធរធ្វើឲ្យប្រជាពលរដ្ឋមានចម្ងល់?
ប្រភពពីកម្មករជីកត្បូងបានបញ្ជាក់ថា ពួកគាត់ជីកបានត្បូងលក់ទៅឲ្យកុងសែឈ្មោះថា និងឈ្មោះទូច។ ប្រភពបន្តថា ពួកគាត់ជីករុករករ៉ែត្បូងនៅក្នុងចម្ការកៅស៊ូនេះ មិនបានបង់លុយទៅឲ្យម្ចាស់ចម្ការកៅស៊ូនោះទេ គឺកុង សែត្បូងជាអ្នករាប់រងបង់លុយទាំងអស់ គ្រាន់តែគាត់ចុះមកជីកតែប៉ុណ្ណោះ។ សុខសំរោងដូច្នេះវាជាកិច្ចសហការរវាងម្ចាស់ចំការកៅស៊ូនិងកុងសែត្បូងទាំងពីរនាក់នោះ។
ជុំវិញបញ្ហាខាងលើនេះសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកថានិងទូច កុងសែត្បូងបានទេ ដោយមិនមានលេខទូរស័ព្ទទាក់ទង។
សូមបញ្ជាក់ផងដែរថា កម្មករជីកត្បូងកន្លងមក ក៏បានស្លាប់ជាច្រើននាក់ជាបន្តបន្ទាប់ មានខ្មែរនិងជនជាតិ វៀតណាមដោយសារការបាក់ដីនៅក្នុងរណ្ដៅ ហើយអាជ្ញាធរស្រុកនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក៏បានព្យាយាមលាក់បាំងដែរ៕