ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការព្រមានដល់អាជីវករឱ្យបញ្ឈប់ការលក់រំសេវផ្ទុះគ្រប់ប្រភេទ(ផាវ)ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងស្ថិរភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងករណីមិនអនុវត្តតាមការណែនាំនឹងចាត់វិធានតាមផ្លូវច្បាប់។
លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញនៃស្នងការដ្ឋាននិងគ្រប់អធិការដ្ឋានក្រុងស្រុក បានចុះណែនាំដល់អាជីវករលក់ដូរទាំងអស់ ដែលលក់ចែកចាយរំសេវផ្ទុះ(ផាវគ្រប់ប្រភេទ)នៅតាមបណ្តាផ្សារ និងទីតាំងលក់នានាឱ្យបញ្ឈប់ការលក់ជាបន្ទាន់។ ហើយក្នុងឱកាសចុះនោះសមត្ថកិច្ចក៏បានដកហូតរំសេវផ្ទុះនិងធ្វើកិច្ចសន្យាផងដែរ។
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានបន្ថែមថាក្រោយការណែនាំ ប្រសិនជាសមត្ថកិច្ចរកឃើញថាមានអាជីវកររូបណានៅតែបន្តលបលួចលក់ សមត្ថកិច្ចនិងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ៕