ខេត្តកែប ÷ តំបន់ឆ្នេរអង្កោល ត្រូវជនឆ្លៀតឱកាសចាក់ដីលុបរំលោភបំពានយកសាងសង់សំណង់រឹងមាំ ច្រើន កន្លែង។ អាជ្ញាធរខេត្តកែបថា នឹងចាត់វិធាការចំពោះជនឆ្លៀតឱកាស ដែលបានចាក់ដីចូលទៅក្នុងឆ្នេរអង្កោលនោះក្នុងពេលឆាប់នេះហើយ។ នេះបើតាមលោក ប៊ុន យ៉ុង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យសាលា ខេត្តកែប ប្រាប់ អ្នកយកព័ត៌មានតាមសារតេឡេក្រាមនៅព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៤នេះ។
អ្នកនាំពាក្យសាលាខេត្តកែបបញ្ជាក់ថា សម្រាប់ជនឆ្លៀតឱកាស ដែលបានចាក់ដីចូលទៅក្នុងឆ្នេរនោះ រដ្ឋបាលខេត្តកំពុងតែរៀបចំលិខិតបទដ្ឋាន និងមានវិធានការឆាប់ៗនេះហើយ។
លោក ប៊ុន យ៉ុង មានប្រសាសន៍បែបនេះ ក្រោយពីប្រជាពលរដ្ឋនិងមហាជនសង្កេតឃើញមានសកម្មចាក់ដីលុបឆ្នេរនៅឆ្នេរអង្កោល ស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើល ខេត្តកែប ដោយស្ត្រីម្នាក់ ឈ្មោះម៉ៅ ញីប ដែលគេស្គាល់ថា ជាភរិយា របស់មន្ត្រីការិយាល័យសូរិយោដី ស្រុកកំពង់ត្រាច ខេត្តកំពត។
មហាជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកែប និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ឆ្នេរអង្កោលរពួកគាត់ឆ្ងល់ថាដីចំណីឆ្នេរសមុទ្រនេះជាឆ្នេរសាធាររណៈរបស់រដ្ឋឬមួយជាឆ្នេររបស់បុគ្គលឈ្មោះម៉ៅ ញីប ហេតុអ្វីបានជាបុគ្គលនេះមានសិទ្ធិចាក់អាចម៍ដីលុបឆ្នេរសមុទ្រយកមកធ្វើជាកម្មសិទ្ធិរដោយមិនខ្លាចញញើតច្បាប់និងអាជ្ញាធរសោះ។
ប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា លោកស្រីម៉ៅ ញីប នេះគឺជាបុគ្គលដែលមានឥទ្ធិពលនិងមានអំណាចបំផុតនៅក្នុងទឹកដីខេត្តកែបនិងខេត្តកំពត ហើយស្រី្តរូបនេះក៏មានទំនាក់ទំនងស្អិតរមួត ជាមួយនឹងលោកធំម្នាក់នៅក្នុងខេត្តកែប ទើបលោកស្រីហ៊ានធ្វើអ្វីមិនខ្លាចច្បាប់មិនញញើតអាជ្ញាធរមូលដ្ឋាននោះទេ។
ទោះជាយ៉ាងណាមហាជនក៏ដូចជាប្រជាពលរដ្ឋកំពុងតែទន្ទឹងរង់ចាំមើលថា តើអាជ្ញាធរខេត្តដូចជាមន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្តកែប មានចំណាត់ការតាមផ្លូវច្បាប់យ៉ាងណា ចំពោះទីតាំងឆ្នេរអង្កោលដែលលោកស្រីម៉ៅ ញីប លួចចាក់ដីលុបឆ្នេរអង្កោលរំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះនេះ។
ជុំវិញករណីខាងលើ លោកស្រីម៉ៅ ញីប មិនបានឆ្លើយ តបតាមសារតេឡេក្រាមរបស់ អ្នកសារព័ត៌មានទេ។
មហាជនសំណូមពរទៅកាន់អាជ្ញាធរដែលមាន មន្ត្រីជំនាញពាក់ព័ន្ធខេត្តកែប មេត្តាដាក់កម្លាំងមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងឆ្នេរសមុទ្រនេះ ដែលអ្នកស្រីម៉ៅ ញីប បានចាក់ដីលុបរំលោភយកឆ្នេរសមុទ្រអង្កោលនេះផងទាន ។ជាមួយគ្នានេះដែរ មហាជនបានស្នើសុំ ដល់អាជ្ញាធរខេត្តកែប ទប់ស្កាត់និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសដែលចាក់អាចម៍ដីលុបឆ្នេរ សមុទ្ររំលោភបំពានទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ដោយមិនញញើតច្បាប់ជាច្រើនទីតាំង នៅឆ្នេរសមុទ្រខេត្តកែបផងដែរ ៕