ភ្នំពេញ÷នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍​ និងសេចក្តីសោមនស្សរីករាយក្នុងការចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស ផលិតតាមតម្រូវការទីផ្សារ មាន គុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

បើតាមលោមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ និងជាខែលដ៏រឹងមាំក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបំរែបំរួលអាកាសធាតុ ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។ ប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា ​ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី គូសបញ្ជាក់ថា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាដៃគូដ៏ល្អ តាមរយៈការវាយតម្លៃ និងផ្តល់ធាតុចូលសំខាន់ៗក្នុងការរៀបចំផែនការអាជីវកម្មដល់សហគមន៍កសិកម្មទំនើប ឱ្យជាចេញជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យ។ជោគជ័យនៅក្នុងវិស័យកសិកម្ម ត្រូវការការចូលរួមពីស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដោយឆ្លងកាត់ការគិតគូរ និងចាំបាច់ត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់។

ជាថ្មីម្តងទៀតលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តមរដ្ឋលេខាធិការ រស់ សីលវ៉ា ប្រធានសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលបានចូលរួមជាដៃគូ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំង អស់ ដែលប្រឹងប្រែងធ្វើការរួមគ្នារហូតឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះឡើង។ អនុស្សរណៈនេះ នឹងអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់កសិករ ឈានទៅទទួលផលវិជ្ជមានជាផ្លែផ្កា និងលទ្ធផលល្អប្រសើរតាមការរំពឹងទុក ក្រោមម្លប់សុខសន្តិភាព៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *