ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្ដីពី យុទ្ធសាស្ត្រសហគមន៍សាលារៀនលើកទី៣ ដែលហៅកាត់ថា SCS3 មាន ១០វគ្គ ដែលនេះជាវគ្គទី៥ សម្រាប់សិក្ខា កាមមកពីខេត្តកំពតចំនួន ៥៤នាក់ និង តាកែវ ៧០នាក់ ដែលក្នុងនោះរួមមាន អភិបាលរង នៃគណៈអភិបាល ខេត្ត អភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានមន្ទីរ អយក ប្រធាន អនុប្រធានការិយាល័យ អយក គណៈគ្រប់គ្រងសាលារៀន និងគណៈកម្មការគ្រប់គ្រងសាលារៀន សាលារៀនក្នុងគម្រោងមានប្រាំប្រភេទ គឺ៖ កម្រិត (ក) សាលារៀនមានសមត្ថភាពជួយសាលាផ្សេង បាន ,កម្រិត (ខ)សាលារៀនមានសមត្ថភាពជួយសាលាខ្លួនឯងបាន,កម្រិត (គ) សាលារៀនត្រូវការបង្វឹក «តិច តួច», កម្រិត (ឃ) សាលារៀនត្រូវការបង្វឹក «មធ្យម», កម្រិត (ង) សាលារៀនត្រូវការបង្វឹក «ច្រើន»។

សិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រសហគមន៍សាលារៀន គឺជាការបង្ហាញការប្តេជ្ញាបន្តអនុវត្តកំណែទម្រង់សាលារៀន ដោយឈរលើមូលដ្ឋាននៃឧត្តមានុវត្តន៍ ដូចជាការអនុវត្តការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព ការបន្តពង្រឹងសាលារៀនជំនាន់ថ្មី ការរៀប ចំជាគំរូនៃអភិបាលកិច្ចសាលារៀនដែលមានស្តង់ដាពេញលេញ។

រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដើម្បីនាំកម្ពុជាទៅដល់ការអភិវឌ្ឍកាន់តែខ្ពស់មួយកម្រិតទៀត ដែលមានមុំទី១ ផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស និងមុំទី៥ ផ្តោតលើកការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឌីជីថល ដែលពាក់ព័ន្ធនឹងវិស័យអប់រំ។

ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ក៏ដូចជាកម្មវត្ថុរបស់សិក្ខាសាលាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើង ៨ចំណុច ដូចតទៅ ៖

(ទី១). ចក្ខុវិស័យច្បាស់លាស់៖ បុព្វហេតុចម្បងដែលកម្ពុជាត្រូវធ្វើកំណែទម្រង់សាលារៀន គឺ ពង្រឹង គុណភាពអប់រំ ក្នុងគោលដៅបង្កើតធនធានមនុស្សឱ្យឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាជាក់ស្តែង។ ក្នុងរយៈពេលកន្លងមក ក្រសួងសូមវាយតម្លៃខ្ពស់ចំពោះក្រុមការងារប្រតិបត្តិគម្រោងដែលបានបង្កើតមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ ដែលមិនត្រឹមតែជាទ្រឹស្តីទេ រួមទាំងការយល់ដឹងពីការអនុវត្ត និងសម្រេចបាននូវសមិទ្ធផលជាច្រើន។

(ទី២). មានបំណិនក្នុងការអនុវត្ត ៖ ដឹងថាត្រូវកែលម្អសាលារៀនដោយរបៀបណា ចាប់ផ្តើមពីចំណុចណា តួយ៉ាងក្រសួងបានធ្វើកំណែទម្រង់វិស័យអប់រំ ចាប់ផ្តើមធ្វើពីការប្រឡងមធ្យមសិក្សាទុតិយភូមិ កំណែទម្រង់សាលារៀន និងកម្មវិធីសិក្សា និងដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូជាដើម។ ដើម្បីកែលម្អសាលា ត្រូវចាប់ផ្តើមពីបញ្ហា។ ជាគន្លឹះដើម្បីអាចដឹងពីបញ្ហា គឺត្រូវធ្វើតេស្តស្តង់ដា វាយតម្លៃជាក់ស្តែងរកឱ្យឃើញពីកម្រិតរបស់គ្រូ និងសិស្ស ដើម្បីបំពេញបន្ថែមចំគោលដៅ។ គន្លឹះមួយទៀត គឺយកលទ្ធផលតេស្តទៅផ្សព្វផ្សាយជាសាធារណៈ ដូច្នេះទាំងគ្រូ និងសិស្ស ចាប់ផ្តើមមើលឃើញបញ្ហា ហើយខំប្រឹងកែលម្អទាំងអស់គ្នាតាមរយៈការរៀនបំប៉នបន្ថែម។

ក្រសួងបានដាក់ចេញយុទ្ធសាស្ត្រពង្រឹងចំណេះដឹងមូលដ្ឋានឱ្យរឹងមាំតាំងពីតូច តាមរយៈការអនុវត្តកញ្ចប់អំណានដំបូង គណិតដំបូង និងពង្រឹងវិធីសាស្ត្របង្រៀនបែបថ្មី។ ការចូលរៀនពីតូច គឺជាការវិនិយោគដ៏មានសារៈសំខាន់ ដោយជួយឱ្យសិស្សត្រៀមខ្លួនបានល្អ និងស្រលាញ់ការៀនសូត្រ។ ការបង្រៀនពេញមួយថ្ងៃ និងត្រូវមានយន្តការគាំទ្រផ្សេងៗដូចជា មានគណៈកម្មាការសាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀន ការវាយតម្លៃ និងលើកទឹកចិត្ត។

(ទី៣). បង្កើតប្រព័ន្ធតែមួយ គាំទ្រគោលដៅរួម៖ ឯកភាពគ្នាថាគ្រប់គម្រោងទាំងអស់ត្រូវឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូ។ ការធ្វើកំណែទម្រង់ ត្រូវតែឱ្យល្អប្រសើរឡើង ដើម្បីលើកទឹកចិត្ត និងត្រូវផ្តល់យុត្តិធម៌ដល់សិស្ស និងគ្រូ ជំរុញឱ្យបន្តអនុវត្ត ក៏ដូចជាត្រូវឱ្យមានការចូលរួមពីទាំងអស់គ្នា។ ក្នុងន័យនេះ ចាំបាច់ណាស់ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ ត្រូវឱ្យតម្លៃលើការអប់រំ ដោយជឿជាក់ថាការអប់រំអាចកែប្រែវាសនាមនុស្ស ជួយឱ្យយើងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូ ហើយបើកំណែទម្រង់បង្ហាញឱ្យឃើញថាពិតជាល្អជាងមុន នឹងធ្វើឱ្យចាប់ផ្តើមមានការគាំទ្រជាមិនខាន។ ដើម្បីកែលម្អការអប់រំ មានកត្តា ៤ គឺ ៖ សាលារៀន (ការគ្រប់គ្រង) សិស្សខំរៀន គ្រូចេះបង្រៀន ឪពុកម្តាយត្រូវជួយគាំទ្រ។

(ទី៤). ទិន្នន័យសាលារៀន៖ សាលាត្រូវតែមានមានព័ត៌មានពេញលេញ សម្រាប់ធ្វើការវិភាគវាយតម្លៃ ដើម្បីឆ្លើយតបនឹងបញ្ហាឱ្យមានប្រសិទ្ធភាព និងជាគន្លឹះក្នុងការរៀបចំផែនការសាលារៀនរយៈពេលវែង។

(ទី៥). វិធានការដោះស្រាយ ៖ វិភាគមើលពីឬសគល់នៃបញ្ហារបស់សាលា ដោយផ្អែកលើទិន្នន័យដែលប្រមូលបាន ចងក្រងជាប្រព័ន្ធ និងគ្រប់គ្រងទិន្និន័យឱ្យបានត្រឹមត្រូវ។

(ទី ៦). មានការទទួសស្គាល់ (គ្រូល្អ នាយកល្អ)៖ ក្រសួងបានដាក់ចេញជាគោលការណ៍ គ្រូល្អ នាយកល្អ ដែលបានចូលរួមកែលម្អសាលារបស់ខ្លួន ហើយក៏មាន ការទទួលស្គាល់គ្រូឆ្នើម ដែលបានចុះជួយគាំទ្រតាមសាលារៀន និងចាប់ផ្តើមមានការវាយតម្លៃចំពោះគ្រូដែលមានសមត្ថភាពចែករំលែកទៅដល់ថ្នាក់តំបន់ និងជាអន្តរជាតិ នឹងក្លាយជាគ្រូឈានមុខ។

(៧). មានភាពជាម្ចាស់លើគម្រោង៖ ដើម្បីឱ្យការ អភិវឌ្ឍន៍មាននិរន្តរភាព ត្រូវបង្កើតជាប្រព័ន្ធការងារដោយខ្លួនឯង ផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង សិក្សាស្រាវជ្រាវសរសេរជាសៀវភៅដែលដកបទសោធន៍ដោយផ្ទាល់ចេញពីការរអនុវត្តជាក់ស្តែងនៅតាមសាលារៀន។ ការសរសេរទុកជាឯកសារនេះ នឹងជួយពង្រឹងសមត្ថភាពយើងបន្ថែមមួយកម្រិតទៀត។
(ទី៨). ឧត្តមានុវត្តន៍ និងមានការទទួលស្គាល់ ៖ ចំណេះដឹងពិតប្រាកដ គឺរៀនហើយត្រូវចេះប្រើប្រាស់ដើម្បីសម្រេចបានលទ្ធផលណាមួយដែលមានការទទួលស្គាល់។ គោលដៅនៃការបណ្តុះបណ្តាល គឺពង្រឹងមូលដ្នានគ្រឹះចំណេះដឹង ចេះច្បាស់ អនុវត្តបានប្រកបដោយប្រសិទ្ធភាព និងមានការទទួលស្គាល់ ហើយរបៀបរៀនមានវិធីច្រើនណាស់ មិនចាំបាច់ទាល់តែចូលសាលាទើបរៀនបានទេ។

ជាថ្មីម្តងទៀតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់គម្រោងដោយគូសបញ្ជាក់ថា នេះគឺជាសមិទ្ធផលរួមលេចចេញពីការខិតខំប្រឹងប្រែងសហការគ្នា ដោយការមានចក្ខុវិស័យរួម ដើរលើផ្លូវត្រូវ និងមានមហិច្ឆតាធំ ដើម្បីជំរុញឱ្យយើងបន្តបោះជំហានទៅមុខឱ្យទាន់ប្រទេសក្នុងតំបន់ ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងលើក កម្ពស់វិស័យអប់រំនៅកម្ពុជា និងបន្សល់ទុកកេរដំណែលឱ្យកូនចៅជំនាន់ក្រោយ ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគម្រោងកែលម្អការ អប់រំចំណេះទូទៅ (GEIP) ដែលបានចូលរួមអនុវត្តកម្មវិធីកំណែទម្រង់របស់ក្រសួង និងថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ដែលកំពុងជួយគាំទ្រការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាជាពិសេសធនាគារពិភពលោក៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed