ភ្នំពេញ៖ ជនល្មើស៦នាក់ជាមួយថ្នាំញៀន ជិត៤០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបង្ក្រាបបាននៅទីតាំងចំនួន៣កន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។
ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញ ការិយាល័យទី៤ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ សម្របសម្រួលពីលោក គឹម ហុងសាន ព្រះ រាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅដល់ការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅ៣ទីតាំំងផ្សេងគ្នារួមមាន៖
* ទីតាំងទី១ ស្ថិតនៅចំណុច បុរីផុនស៊ុយ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ
* ទីតាំងទី២ ស្ថិតនៅចំណុច ផ្ទះលេខ WG ផ្លូវលេខ៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ
* ទីតាំងទី៣ ស្ថិតនៅចំណុច បុរីលឹមឈាងហាក់ ហ្គ្រីនហូម ផ្ទះលេខ១៦D ផ្លូវលេខ២A ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ចំនួន៦នាក់ (ស្រី០២) ដែលមានឈ្មោះដូចខាងក្រោម៖
១៖ ឈ្មោះ ប៊ុន ម៉ាឡែន ភេទស្រី ជនជាតិខ្មែរ អាយុ៥១ឆ្នាំ,
២៖ ឈ្មោះ សេង គីម ភេទស្រី ជនជាតិខ្មែរ អាយុ២៦ឆ្នាំ,
៣៖ ឈ្មោះ រី សុខលិ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ឆ្នាំ,
៤៖ ឈ្មោះ ដាំ ប្រុសពៅ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ,
៥៖ ឈ្មោះ ជួន ចំរើន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ,
៦៖ ឈ្មោះ អេង គីមសាយ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ។
ព្រមទាំងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ២៥៤,២៩២. ៤០ក្រាម, គ្រឿងញៀនប្រភេទកេតតាមីន (Ketamine) ១២៧ ,៦០៦.៨០ក្រាម, គ្រឿងញៀនហេរ៉ូអ៊ីន (Heroine) ៧៧០០ក្រាម សរុបគ្រឿងញៀន ៣៨៩ ,៥៩៩.២០ក្រាម ដែលសរុបទាំងអស់មានចំនួនប្រមាណ(៣៨៩គីឡូ ៥៩៩.២០ក្រាម) និង រថយន្ត Pruise ០១គ្រឿង។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕