(ខេត្តប៉ៃ លិន) ៖ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃ លិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង យុវជន សសយក បានជួយដក និងទិញ មើមឆៃថាវ របស់កសិករ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន បន្ទាប់ពីបងប្អូនបានលើដែលកំពុងជួបបញ្ហាទីផ្សារ និងខ្វះកម្លាំង ពលកម្ម ។
ក្នុងឱកាសនោះលោកស្រីអភិបាលខេត្ត បានលើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូច ជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។
លោកស្រី បាន ស្រីមុំ បានណែនាំបងប្អូនប្រជាកសិករ ដែលដាំដុះ ត្រូវគិតគូរពី ផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានទិញកសិផលយកទៅទទួលទាន គឺត្រូវប្រើជីធម្មជាតិ ដោយមិន ត្រូវប្រើគីមីនោះឡើយ។ ប្រសិនជាមានករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ ជូនដល់មន្រ្តីជំនាញរបស់មន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ខេត្ត ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ។
លោកស្រីអភិបាលក៏បានជំរុញដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ឲ្យបានញឹកញាប់ ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា ជាពិសេសត្រូវជួយបង្ហាត់ បង្រៀន បច្ចេកទេស ពីវិធីដាំដុះ និងថែទាំ ទៅតាមស្តង់ដាទីផ្សារ ទើបកសិផលទាំងនោះ មានការគាំទ្រច្រើនពីអតិថិជន ៕