(មណ្ឌលគិរី)៖ ថ្លែងក្នុងពិធីរុក្ខទិវា៩កក្កដា នៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីមាន ប្រសាសន៍ថា ព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស សត្វ លើសកលលោកយើងនេះ មិនត្រឹមប៉ុណ្ណោះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ អាចស្វែងរកចំនូលចិញ្ចឹមជីវភាពគ្រួសារ ដែលអាស្រ័យបានពីផលអនុផលព្រៃឈើ និងទទួលបានចំនូលដ៏មហាសាលពីវិស័យទេសចរណ៍ទៀតផង។
លោក ថង សាវុន បានបន្តថា « រុក្ខទិវា » គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី « សម័យសង្គមរាស្រ្តនិយម » ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាកសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពិធីនេះបានចាប់កកើតតាំងពីទសវត្ស ៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការដាំដើមឈើពិតជាមានសារៈប្រយោជន៍ណាស់ ដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នា សូមចូលរួមដាំដុះកូនឈើ រក្សាការពារ និងស្រឡាញ់ព្រៃឈើស្រឡាញ់ជីវចម្រុះ សត្វព្រៃដើម្បីប្រែក្លាយ តំបន់រស់នៅ ឱ្យមានគម្របពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ព្រោះការបាត់បង់ព្រៃឈើ និងគម្របព្រៃឈើ បណ្តាលឱ្យតំបន់យើងទទួលរងការគំរាម កំហែង ពីធម្មជាតិដូចនេះ យើងត្រូវនាំគ្នាបញ្ឈប់ការកាប់ រានដុតឈូសឆាយដីព្រៃឈើធ្វើជាកម្មសិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញឱ្យបានច្រើន រួមទាំងឈើហូបផ្លែផងដែរ។
តាមការបញ្ជាក់របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឆ្នាំ២០២៤នេះមន្ទីរបានរៀបចំពិធី រុក្ខទិវា នៅបរិវេណចម្ការស្រល់រុក្ខទិវា ឆ្នាំ២០០៥ ស្ថិតក្នុង ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដើម្បីរៀបចំប្រារព្ធពិធីបុណ្យ រុក្ខទិវា ថ្នាក់ខេត្ត និងបានជ្រើស រើសយកកូនឈើប្រភេទស្រល់ចំនួន ២ ៥០០ ដើម សម្រាប់ដាំដុះលើផ្ទៃដីចំនួន ០៨,៤៩ហិកតា និង ចំនួន ៣០០ដើម សម្រាប់ចែកចាយក្នុងកម្មវិធី។
លោកប្រធានមន្ទីរបន្តថា មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមសហការ ជាមួយនឹង អាជ្ញាធរដែនដី កងកំលាំង ប្រដាប់អាវុធ ស្ថាប័នពាក់ពន្ធ័ អង្គការជាតិ អន្តរជាតិនានា បានជំរុញ និងអនុវត្ត ការងារដាំឈើឡើងវិញលើ ដីទំនេរនិងដីព្រៃរិចរិល ព្រមទាំងចលនាប្រជាពលរដ្ឋដាំដើមឈើនៅគ្រប់ទីកន្លែងទូទាំងខេត្ត។
ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានបណ្តុះកូនឈើចម្រុះប្រភេទ សំរាប់ធ្វើការ ចែកចាយ និងដាំក្នុងពីធីបុណ្យ រុក្ខទិវា ជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ ២០២៤ នេះមន្ត្រីជំនាញបណ្តុះកូនឈើចម្រុះប្រភេទបានចំនួន ៧ ៤១០ដើម ដោយបានចែកចាយជូនសាលារៀន មន្ទីរជុំវិញខេត្ត វត្តអារាម ប្រជាជន អស់ចំនួន ៣៦២ដើមនាពេលកន្លងមក ៕