េត្តកំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពី អន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិ សំដៅបង្កើនការគ្រប់គ្រងជនបរទេស ដែលបាននិងកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។

ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានលើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមបានលើកឡើងថា ក្នុងនាមជាអ្នកអនុវត្តច្បាប់ វាមិនបានសុក្រឹត ១០០%ទេ វានៅមានភាពចន្លោះប្រហោង ដែលត្រូវរួមគ្នាបំពេញបន្ថែម។ ដូច្នេះ ត្រូវរកនីតិវិធីរួមណាមួយ ដើម្បីឱ្យជនបរទេស និងប្រជាពលរដ្ឋរស់នៅក្នុងសំណាញ់ច្បាប់ កម្ពុជាទាំងអស់គ្នា។

ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ការងារនេះអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ត្រូវបន្តរួមសហការគ្នាអនុវត្តការងារនេះឱ្យកាន់តែល្អថែមទៀត ដើម្បីឱ្យខេត្តកំពង់ស្ពឺ អាចធានាបាននូវសុខសុវត្ថិភាពជូនជនបរទេស ដែលបាននិងកំពុងស្នាក់នៅវិនិយោគ និងហត្ថពលកម្មនៅក្នុងខេត្តកាន់តែមានប្រសិទ្ធភាព និងជឿទុកចិត្តលើរាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក៏បានសំណូមពរដល់ក្រុមការងារនៃនាយកដ្ឋានអន្តោប្រវេសន៍ឱ្យបង្កើតក្រុមការងារចម្រុះរួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យជនអន្តោប្រវេសន៍នៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជននានា ដោយចុះព្រមៗគ្នាតែ១ដងបានហើយ ជៀសវាងបង្កការធុនទ្រាន់ និងរំខានដល់ការងារអាជីវកម្មរោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជនទាំងនោះ។ម្យ៉ាងវិញទៀត ត្រូវចៀសវាងដាច់ខាតនូវការប៉ះពាល់ ឬទាមទារយកប្រយោជន៍ពីការងារនេះ ដែលនាំឱ្យមានបញ្ហាដល់ក្រុមការងារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត ក៏បានបញ្ជាក់ថា ការចុះធ្វើអធិការកិច្ចរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការចេញចូល ការស្នាក់នៅ ការប្រកបមុខរបរ របស់ជនបរទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងមិនធ្វើឱ្យប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់ជនបរទេសនៅកម្ពុជា ជាពិសេសចៀសវាងការអនុវត្តជាន់តួនាទីភារកិច្ចរបស់នាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ខេត្តកំពង់ស្ពឺ មានគោលដៅអធិការកិច្ចចំនួន ៣៤១គោលដៅ បានចុះអធិការកិច្ចរួចចំនួន២៧៣គោលដៅ(បូក៤១គោលដៅដែលផ្អាក ព្យួរ និងបិទសកម្មភាពអាជីវកម្ម) សរុបធ្វើបាន ៣១៤គោលដៅ រួមមាន ១៩សញ្ជាតិ មានជនបរទេសសរុបចំនួន ២៨៤៨នាក់ (ស្រី៨៧៩នាក់) មានប័ណ្ណការងារ និងសៀវភៅការងារចំនួន ២៨១៦នាក់ និងគ្មានចំនួន ៣២នាក់។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសប្រមាណជាង ៤០០កន្លែង និងមានកម្មករនិយោជិតជាង១៧ម៉ឺននាក់ ក្នុងនោះនៅមិនទាន់គិតដល់ការដ្ឋានថ្មភ្នំ និងការដ្ឋានផ្សេងៗនោះទេ។ ជាមួយនិងរោងចក្រសហគ្រាស និងការដ្ឋានដែលមាននិយោជកជាជនជាតិចិនមានជាង៩០%៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed