ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បន្ទាប់ពីដំណើរពិនិត្យ ស្ថានភាពជាក់ស្តែង កាលពីរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ និងបានណែនាំឱ្យក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សិក្សាធ្វើការជួសជុលបន្ទាន់ ដើម្បីតភ្ជាប់ស្ពានឈើនេះជូន ប្រជាពលរដ្ឋធ្វើការឆ្លងកាត់ជាបណ្តោះអាសន្ន។ រួចបន្តសិក្សាសាងសង់ជាស្ពានថ្មីឡើងវិញដើម្បីប្រើប្រាស់បាន យូរអង្វែង។ គូសបញ្ជាក់ថា ស្ពាននេះឆ្លងកាត់ភ្ជាប់ពីភូមិអូររុន និងភូមិ វឺន សៀន ដែលមានប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ចំនួន២០៧គ្រួសារ ប្រជាជនប្រមាណជា១០០០នាក់។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងលោក ជា ស្រ៊ុន រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យស្ពានឈើមួយកន្លែង ដែលមានប្រវែង៥៥ម៉ែត្រ ទទឹង៣,៥ម៉ែត្រ ស្ថិតនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ខណៈពេលស្ពាននេះបាក់ដោយសារជំនន់ទឹកភ្លៀង ។
លោក ម៉ែន គង់ នាយករដ្ឋបាលសាលាខេត្តនិងជាអនុប្រធានអចិន្រ្តៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងភូមិសាស្ត្រមួយចំនួន បានទទួលរងផល ប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងខ្យល់កន្រ្ទាក់ បានជន់លិច បណ្ដាលឱ្យផ្លូវ ស្ពាន លូ និងលំនៅឋានប្រជាពលរដ្ឋចំនួន២១ភូមិ ស្ថិតក្នុងឃុំសង្កាត់ចំនួន៩ ទទួលរងការខូចខាត។
ប្រភពព័ត៌មានបានបញ្ជាក់ថា ស្រុកចំនួន៣ ដែលរងការជន់លេចមាន ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងស្រុក បុរីអូស្វាយសែនជ័យ ហើយក្នុងនោះក្រុងស្ទឹងត្រែង ទទួលរងការខូចខាត ផ្ទះចំនួន២ខ្នង ដោយសារឥទ្ធិពល ខ្យល់កន្ត្រាក់បានបោកបក់ដើមឈើដួលសង្កត់លើលំនៅឋានប្រជាពលរដ្ឋ តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់ អាយុជីវិតប្រជាជនណាម្នាក់ឡើយ៕