(ខេត្តស្វាយរៀង) ៖សាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានដុតកម្ទេចចោល សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន១,៥០៩គីឡូក្រាម នៅទីលានចាក់សម្រាមអូស្មាច់ ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
មន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកប្រធានសាខា មន្រ្តីនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានដុតកម្ទេចចោល សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន ១៥០៩ គីឡូក្រាម នៅទីលានចាក់សម្រាមអូស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយមានការចូលរួមពី មន្រ្តីនៃសាលាក្រុងស្វាយរៀង និងមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៖០០នាទីទៀបភ្លឺ មន្ត្រីនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បង្ក្រាបបានរថយន្តប្រភេទដឹកអ្នកដំណើរធុនតូចចំនួន១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2A-6794 ដឹកទំនិញចូលតាមច្រករបៀងក្រសាំងជ្រុំ ស្ថិតនៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានដឹកទំនិញប្រភេទហាមឃាត់។
ប្រភេទទំនិញហាមឃាត់រួមមាន៖ សាច់ភ្លៅមាន់បង្កក ផលិតផលប្រទេស សហរដ្ឋអាមេរិក ចំនួន៦២កេសស្មើនឹង៩៩២គីឡូក្រាម និងជើងមាន់បង្កក ផលិតផលប្រទេសវៀតណាម ចំនួន ៤៧ កេសស្មើនឹង៥១៧ គីឡូក្រាមសរុបសាច់បង្កកទាំងអស់ស្មើ ១,៥០៩គីឡូក្រាម ៕