ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាអកុសល ស្ថិតក្នុងវ័យចន្លោះ ៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ និងបានចាប់ផ្តើមការសិក្សាអំពី ចាប៉ីដងវែងនៅអាយុ ១៣ឆ្នាំ។ ដោយសារតែពិការភាព ជារឿយៗលោកតែងប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។
ក្នុងរយៈពេលពីរឆ្នាំនៃការសិក្សាចាប៉ី គឺគ្រាដែលលោកមាន វ័យ១៥ឆ្នាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស និងមិនយូរប៉ុន្មានគាត់ក៏បានទទួលឈ្មោះហៅក្រៅថា “សង្ហា” ណៃ។ ក្រោយមកទៀត លោកនៅតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ដូចជា៖
-ឆ្នាំ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
-ឆ្នាំ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេស នៅរាជធានីភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈ ទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ២០០៧។
-ឆ្នាំ២០០១ លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។
-ឆ្នាំ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
-ឆ្នាំ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំង និងបានចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។
-ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរាជរដ្ឋាភិបាល និងឆ្នាំ២០១២ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជា “មរតកមនុស្សរស់” ដែលមាននាមថា កោសល្យវោហារ គង់ណៃ។
-ឆ្នាំ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូគុអុកាប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែក អប់រំ សិល្បៈ និងវប្បធម៌។ ហើយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី៣របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពី លោក ឆេង ផុន និងលោក អាំង ជូលាន។
គួរជម្រាបផងដែរថា ព្រឹទ្ធាចារ្យ គង់ ណៃ ជាសិល្បៈករប្រពៃណីបុរាណដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជា និងលើឆាកអន្តរជាតិ។
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាព នៅវេលារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅឯស្រុកកំណើតរបស់ព្រឹទ្ធាចារ្យ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងជន្មាយុ ៨០ឆ្នាំ។