ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែមិថុនា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំ ប្រធានអង្គភាពទាំងអស់ត្រូវផ្តល់ការបណ្តុះបណ្តាល ជំនាញបន្តដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែរលូន និងនវានុវត្តន៍ ។
កិច្ចប្រជុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី មានប្រសាសន៍ថា មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់បណ្តាថ្នាក់រាជធានី ខេត្ត ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវធ្វើការចុះពិនិត្យជាប្រចាំ ជាពិសេសខិតខំផ្តោតសំខាន់លើការថែទាំ និងយកចិត្តទុកក្នុងការផ្តល់សេវាសុខភាពជូនដល់ប្រជា ពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឱ្យមានប្រសិទ្ធខ្ពស់ ។

ទន្ទឹមនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា ថ្នាក់ដឹកនាំជាប្រធានអង្គភាពទាំងអស់ ត្រូវផ្តល់ការបណ្តុះបណ្តាលជំនាញបន្តដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែរលូន និងនវានុវត្តន៍។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជម្រាបជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសុខាភិបាល ព្រមទាំង បានពាំនាំនូវការកោតសរសើរជូនមន្រ្តីសុខាភិបាលទាំងអស់ ពីសំណាក់ លោក សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងឱកាសដែលលោកមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដែលឃើញពីភាពរីកចម្រើន និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាលកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក ប្រធាននាយកដ្ឋាន ប្រធានអង្គភាពថ្នាក់កណ្តាល នាយកមន្ទីរពេទ្យជាតិ និងឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ព្រមទាំងលោក លោកស្រី មន្ត្រីរាជការ នៃក្រសួងសុខាភិបាល ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed