ភ្នំពេញ ៖ករណីភ្លើងឆេះនៅជិតសាលាជាស៊ីមសាមគ្គីបុរសម្នាក់ត្រូវភ្លើងឆេះស្លាប់ បណ្ដាលឲ្យបុរសអាយុ ៥៦ ឆ្នាំម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ។
អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាង ក្រោយសាលាវិទ្យាល័យ ជាសុីម សាមគ្គី សិ្ថតនៅតាមបណ្តោយផ្លូវលេខ៦៥៦ ភូមិ១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសជនរងគ្រោះម្ចាស់ផ្ទះដែលត្រូវស្លាប់ដោយគ្រោះអគ្គីភ័យឈ្មោះ សំ សាវិន ភេទ ប្រុស អាយុ៥៦ឆ្នាំ នឹងធ្លាប់មានជម្ងឺប្រចាំកាយ ផងដែរ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញមាន ផ្សែងហុយចេញពីជាន់ខាងលើរួមជាមួយនឹងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបបង្កឲ្យមានការឆោឡោផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកជួយអន្តរាគមន័ភ្លាមៗផងដែរ ។
ប្រភពពីក្រុមគ្រួសារឲ្យដឹងថា ជនរងគ្រោះ ព្រមទាំងកូនចៅ បានអង្គុយលេងនៅខាងក្រោមផ្ទះ ក្រោយមកជនរងគ្រោះក៍បានឡើងទៅលើផ្ទះតែម្នាក់ឯង ស្រាប់តែផ្សែងខ្មៅលាយជាអណ្ដាតភ្លើងបានឆាបឆេះ បណ្តាលអោយជាប់ជនរងគ្រោះឆេះស្លាប់។
បន្ទាប់ពីទទួលដំណឹងថា មានករណីអគ្គិភ័យភ្លាមៗ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជារថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីបង្ការកុំឲ្យមានការរាលដាលដល់ផ្ទះអ្នកជិតខាង ។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១៨គ្រឿងបានទើបគ្រប់គ្រងអោយរលត់ទៅវិញទាំងស្រុង។ចំពោះមូលហេតុបណ្តាល ឲ្យមានការឆាបឆេះ កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យកំពុងបើកការស្រាវជ្រាវបន្ត ដើម្បីរកមូលហេតុទាក់ទិននឹងអគ្គិភ័យខាងលើនេះ ៕