(ខេត្តត្បូងឃ្មុំ) ៖ នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលអំណោយពីព្រះគ្រូ យិត្ត សុខា ព្រះរាជាគណ:ចត្វា នឹងជាព្រះមេគណខេត្តត្បូងឃ្មុំ ដែលបានខិតខំកៀរគរគ្រឿងឧបភោគបរិភោគនៅតាមបណ្ដាអនុគណទាំង៧ក្រុង-ស្រុក មកឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធាន បទ “រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ។
ក្នុងឱកាសនោះបណ្ឌិតប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះមេគណខេលត្តដែលតែងតែនាំយកនូវគ្រឿងឧបភោគ បរិភោគ មកជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ជារៀងរាល់ឆ្នាំ។ នេះបានបង្ហាញពីកាយវិកា សន្ដានចិត្តសប្បុរស របស់ថ្នាក់ដឹកនាំតបស់គណ:សង្ឃ ក្នុងការចូលរួមចំណែកជួយដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍ តាមរយៈកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ ហើយសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នឹងប្រើប្រាស់អំណោយដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឱ្យស្របទៅតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា។
អំណោយដែលមានទទួលរួមមាន៖ អង្គរ៣,៥០០គីឡូក្រាម បាឡុង១៧៦ឈុត មី៧៣កេស ទឹកបរិសុទ្ធ៧១កេស ទឹកក្រូច៦៩កេស ទឹកត្រី៦៩យួរ ទឹកស៊ីអ៉ីវ៧២យួរ ត្រីខ៤យួរ និងថវិកាចំនួន១៣,៧១៤,០០០រៀលផងដែរ ៕