ខេត្តមណ្ឌលគិរី÷សមត្ថកិច្ចឲ្យដឹងនៅថ្ងៃទី ២១ មិថុនាឆ្នាំ ២០២៤ នេះថា បុរសម្នាក់បានស្លាប់ដោយសារសត្វថ្លែនខាំ ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កង អុីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ ភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវ៉ៃ ថែ្លននោះក៏ធ្លាក់ទៅដីបាត់ ។
ប្រភពពីស្ត្រីជាភរិយាបន្តថា បន្តិចក្រោយមកប្ដីរបស់គាត់ក៏មានអាការៈចុកទ្រូងហើយរឹងថ្គាម ហើយដោយឃើញសភាពមិនស្រួល គាត់ក៏បានពឹងឱ្យអ្នកជិតខាងជូនទៅកាន់មន្ទីរពេទ្យ។ តែពេលទៅដល់មន្ទីរពេទ្យគាត់ក៏បានទទួលដំណឹងថា ប្ដីរបស់គាត់ស្លាប់ទៅហើយ ។
ក្រោយការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារសត្វថ្លែនខាំ មែន។
គួរបញ្ជាក់ថា នេះជាករណីស្លាប់ដោយសារសត្វថ្លែនខាំលើកទី២ហើយ នៅក្នុងខេត្តមណ្ឌលគិរី ខណៈដែលករណីដូចគ្នានេះបានកើតលើកទី១ក្មេងប្រុសម្នាក់រស់ននៅក្នុងភូមិ ពូរ៉ាប៉េត(អូរតេ) ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានស្លាប់កាលពីថ្ងៃទី ៣១ ឧសភាឆ្នាំ ២០២៤ ៕