ភ្នំពេញ÷សមិទ្ធិផល និងជោគជ័យនៃកិច្ចការងារទាំង ឡាយដែលក្រសួងព័ត៌មានសម្រចបានគឺមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់មន្ត្រីរាជការជាស្ត្រីនោះទេ, ស្រ្តីទោះបីគេចាត់ទុកជាធម្មជាតិភេទទន់ខ្សោយ ក៏ប៉ុន្តែស្មារតី និងបញ្ញារបស់ស្រ្តីមិនទន់ខ្សោយនោះទេ ,ស្រ្តីខ្លះមានបញ្ញាខ្លាំងជាងបុរសទៅទៀត ដែលនេះជាចំណុចសំខាន់មិនត្រូវមើលតែចំណុចមួយថាស្រ្តីជាភេទទន់ ខ្សោយនោះទេ ប៉ុន្តែត្រូវមើលលើសមត្ថភាព ទេពកោសល្យ តួនាទីជាសំខាន់របស់គាត់។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីនៃប្រារព្ធរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីពី លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សាប្រមាណជិត ៦០០រូប ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ជាប្រធានឆ្នាំស្របនឹងប្រធានបទសកលលោក ដែលជំរុញភាពអង់អាចក្លាហានរបស់ស្ត្រី និងកុមារីគ្រប់ៗរូប និងគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងការអនុវត្តសិទ្ធិរបស់ស្ត្រី និងកុមារី និងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធនារីនេះឡើង មិនមែនត្រឹមតែសំដៅទៅលើនារី មានសិទ្ធិធំ ១ថ្ងៃនេះទេ ក៏ប៉ុន្តែនារីមានសិទ្ធិធំ ៣៦៥ថ្ងៃ ពេញមួយឆ្នាំ ២៤ ម៉ោង លើ ២៤ម៉ោង គឺជាសិទ្ធិស្មើជាមួយបុរស នេះជាមោទនភាព ទោះបីជាប្រទេសយើងបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ហើយសន្តិភាពទើបតែមានរយៈពេល ២៦ឆ្នាំក៏ដោយ ប៉ុន្តែដែលជាការគោរព សិទ្ធិមនុស្ស គោរពសិទ្ធិស្ត្រី និងលើកតម្កើងការអនុវត្តសមភាពយែនឌ័រ នៅក្នុងសង្គមកម្ពុជា គឺត្រូវបានថ្លែងនូវការកោតសរសើរ ហើយក៏ជាការទទួលស្គាល់របស់ប្រទេស និងអង្គការមួយចំនួននៅលើពិភពលោក ថាកម្ពុជាឈានមុខនៅក្នុងការគោរពទៅលើសិទ្ធិតបស់ស្រ្តី ។ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នបានផ្តល់តម្លៃខ្ពស់លើតួនាទីស្ត្រី និងបានលើកតម្កើងតម្លៃស្ត្រីបានល្អប្រសើរ ដែលជាការបង្ហាញពីភាពរីក ចម្រើន និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជន ដោយបានខិតខំលើកតម្លៃស្ត្រីស្មើនឹងបុរស ហើយតម្លៃនៃការបងារដែលបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ គឺកិច្ចការងារនៅក្នុងផ្ទះ គឺមានតម្លៃស្នើនឹងការងារនៅក្រៅផ្ទះ។
ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិបានបញ្ចូលតួនាទីរបស់ស្ត្រីនៅក្នុងក្របខណ្ឌថ្នាក់ដឹកនាំចាប់តាំងពីតួនាទីកំពូលៗ រហូតដល់មូលដ្ឋាន គឺតែងតែមានវត្តមានរបស់ស្ត្រីចូលរួមជានិច្ច។ ការចូលរួមរបស់ស្ត្រីយ៉ាងច្រើននេះ បានផ្តល់ធាតុចូលបន្ថែម ដើម្បីចូលរួមសម្រេចចិត្តលើកិច្ចការងារសង្គមជាច្រើនទៀតផងដែរ។
ការលើកទឹកចិត្តនារីនៅក្រសួងព័ត៌មាន ចំនួន ៥៨៧ រូបក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា នេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូនជាសំពត់ប្រពៃណីមួយក្បិន ម្នាក់មួយ ។ ក្រៅពីកាដូខាងលើ ក្រសួងព័ត៌មាន នឹងរៀបចំដំណើរកម្សាន្តទៅកាន់ខេត្តក្រចេះ នៅថ្ងៃទី ៨-៩ ខែ មីនា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីកសាងបណ្តាញនារីក្រសួងព័ត៌មានឱ្យកាន់តែរឹងមាំ និងបណ្តុះស្មារតីរបស់ស្ត្រី ឱ្យកាន់តែអង់អាចក្លាហាន ហ៊ានសម្រេចចិត្ត និងចូលរួមកាន់តែខ្លាំងក្លាក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យទាន់សម័យកាល ស្របតាមបរិបទសង្គម និងពិភពលោក សំដៅឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រ ដូចប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្នុងខួបលើកទី១១៤ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៥ នេះ ៕