ខេត្តកំពង់ស្ពឺ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ុង សម្បត្តិ បានលើកឡើងថា ជនមានពិការភាពប្រមាណជាង ២.០៨% ត្រូវបានលើកទឹកចិត្តឱ្យចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និង១.៥% ត្រូវបានលើកទឹកចិត្តឱ្យចូលបម្រើការងារក្នុងវិស័យការងារឯកជននៅក្នុងខេត្តកំពង់ស្ពឺ។ ការលើកទឹកចិត្តនេះបានបង្ហាញឱ្យឃើញថា បានកើនលើសពីអនុក្រិត្យរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យមានការជ្រើសរើសជនមានពិការភាពឱ្យចូលធ្វើការជាមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាក្នុងស្ថាប័នរដ្ឋត្រឹមតែ២% និងក្នុងវិស័យឯកជនត្រឹមតែ១%ប៉ុណ្ណោះ។
លោក អ៊ុង សម្បត្តិ លើកឡើងដូច្នេះក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីជនពិការភាពឆ្នាំ២០២៤-២០២៨ ដល់សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ ប្រធានអនុប្រធានមន្ទីរ អង្គភាព និងរដ្ឋបាលក្រុងស្រុកពាក់ព័ន្ធ។
លោក អ៊ុង សម្បត្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ សម្តេចបានលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាព គ្មានការរើសអើងទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព រួមទាំងជំរុញឱ្យជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលបញ្ហាពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួង ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជនមានពិការភាពគ្រប់រូបនៅកម្ពុជា។
លោកបានបន្ថែមថា ដើម្បីធានាដល់ការធ្វើបរិយាប័ន្ន និងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០២៤-២០២៨ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ធ្វើយ៉ាងណាឱ្យជនមានពិការភាពកាន់តែទទួលបាននូវការគាំទ្រពីសង្គម ទទួលបានការយកចិត្តទុកដាក់ស្របតាមច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ និងមានសិទ្ធិស្មើគ្នា និងផ្តល់ឱកាសដល់ជនមានពិការភាព ប្រើប្រាស់ភាសាលើកទឹកចិត្តដោយមិនអនុញ្ញាតឱ្យប្រើពាក្យអសុរស ក្នុងន័យប្រមាថមាក់ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
លោក អ៊ុង សម្បត្តិ បានបញ្ជាក់បន្ថែមថា តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជនមានពិការភាពត្រូវបានលើកទឹកចិត្តឱ្យចូលបម្រើការងារនៅតាមក្រសួងស្ថាប័ន អង្គភាពនានា រោងចក្រ សហគ្រាស ដោយគ្មានការរើសអើង។ ទន្ទឹមនេះ លើផ្នែកសុខភាពសាធារណៈ ក្រសួងសុខាភិបាលក៏បានពង្រីកសកម្មភាពពិនិត្យ ព្យាបាល ជំងឺដល់ជនមានពិការភាព និងចាស់ជរា ដែលមានជីវភាពលំបាក គ្មានទីពឹង ដោយឥតគិតថ្លៃ និងផ្តល់សេវា ស្តារលទ្ធភាព ពលកម្មនៅតាមសហគមន៍ ដើម្បីរួមចំណែកជួយដល់ជនមានពិការភាពក្រីក្រ លើកកម្ពស់ ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាល វិជ្ជាជីវៈនិងមុខរបរ ជាពិសេសសម្រាប់ជនពិការគ-ថ្លង់ និងជនពិការភ្នែក ក៏ត្រូវបានអភិវឌ្ឍន៍ផងដែរ ដូចជា ការហាត់រៀនភាសាអក្សរស្ទាប ភាសាសញ្ញា ត្រូវបានបង្កើតឡើងដោយដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា នៃវិស័យអប់រំព័ត៌មានវិទ្យា និងតាមស្ថានីយទូរទស្សន៍នានា ដើម្បីបម្រើឱ្យការផ្តល់ព័ត៌មានជូនជនមានពិការភាព៕