ករណីលោកបណ្ឌិតសុខ ទូច និងក្រុមមន្ត្រីនគរបាលចរាចរណ៍ ដែលធ្វើឲ្យមានការរំជួបរំជួលញាប់ញ័រពីក្នុង ចំណោមប្រជាពលរដ្ឋទូទាំងប្រទេស រយៈពេលប៉ុន្មានថ្ងៃនេះមិនមែនជារឿង អស្ចារ្យឬសំខាន់អ្វីទេ ប៉ុន្តែវាជាចំណុចដែលចាក់ចំបេះដូង របស់ប្រជាពលរដ្ឋទូទៅ។ ប្រជាពលរដ្ឋភាគច្រើនលើសលុប មិនគាំទ្រទង្វើរបស់មន្ត្រីនគរបាលចរាចរណ៍ដែលកំពុងអនុវត្តច្បាប់សព្វថ្ងៃនេះទេ។ ប្រជាពលរដ្ឋចង់ឃើញ មានការផ្លាស់ប្ដូររបៀប របបដឹកនាំអនុវត្តការងាររបស់មន្ត្រីនគរបាលចរាចរណ៍នៅលើដងផ្លូវទាំងវេលាយប់ និងវេលាថ្ងៃដើម្បីផ្ដល់ភាពកក់ក្តៅត្រឡប់មកវិញ។
ករណីលោកបណ្ឌិតសុខ ទូចជាមួយក្រុមមន្ត្រីនគរបាលដែលអនុវត្តច្បាប់គឺជាឧទាហរណ៍តូច១នៅក្នុងចំណោម ឧទាហរណ៍ជាច្រើន ដែលកំពុងកើតមានយ៉ាងប្រទាំងប្រទើស ក្នុងការអនុវត្តច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តមួយចំនួន។ ប្រជាពលរដ្ឋដែលធ្វើដំណើរទាំងពេលយប់និងពេលថ្ងៃ បានបញ្ចេញយោបល់ស្រដៀងគ្នាអំពីភាពភ័យខ្លាច ចំពោះវត្តមានសមត្ថកិច្ចនគរបាលចរាចរណ៍នៅលើដងផ្លូវ។ ដូច្នេះវត្តមានរបស់ក្រុមមន្ត្រីនគរបាលចរាចរណ៍ មិនមែនជាទីកក់ក្តៅ របស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅលើដងផ្លូវនោះទេ។ សំណួរជាច្រើនទៅលើអ្នកធ្វើដំណើរសុទ្ធតែ “មិនពេញចិត្ត” ចំពោះឥរិយាបថនិងការអនុវត្តការងាររបស់ក្រុមមន្ត្រីចរាចរណ៍ ដែលបំពេញភារកិច្ចក្នុងបុព្វ ហេតុកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។ ចុះហេតុអ្វី បានជាប្រជាពលរដ្ឋ នៅតែមិនពេញចិត្តចំពោះមន្ត្រីនគរបាល ដែលខំពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនោះទៅវិញ?
ក្នុងករណីលោកបណ្ឌិតសុខ ទូច ជាមួយមន្ត្រីនគរបាលអ្នកអនុវត្តច្បាប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ពន្ធ័ក្នុងករណីបណ្ឌិតសុខ ទូច បញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន។ សម្តេចតេជោថា ករណីបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិតសុខ ទូច បានថែម អំបឹលប្រហុកដើម្បីទាញទម្លាក់បណ្ឌិតសុខទូច។ ខណៈ ដែលអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ ក៏ប្រឹងថែមទឹកត្រីនិងប៊ីចេងដើម្បីវាយប្រហារនគរបាលចរាចរណ៍។
តាមរយៈបណ្តាញសង្គមព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៥ នេះ សម្តេចតេជោ លើកឡើងថា «ករណីបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់ បណ្ឌិតសុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ក៏ប្រឹងថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារនគរបាលចរាចរណ៍។ តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។ ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នា បន្តការងាររៀងៗខ្លួន។ សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រី បុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារ ម្ខាងៗ។បើលុបសារនោះចោលខ្លួនឯង ជាការល្អព្រោះខ្ញុំបានមើលរួចហើយ»។
អ្នកច្បាប់ខ្លះនិយាយថា បើបណ្ឌិត សុខ ទូច មិនចង់ឱ្យសមត្ថកិច្ចពិនិត្យជាតិស្រវឹង លុះត្រាណាផឹកហើយកុំបើកបរ។ ម៉្យាងទៀតលោកបណ្ឌិត អាចដើរពីកន្លែងដែលលោកបណ្ឌិតទើបសុីផឹករួច ឬរកអ្នកដែលគ្មានជាតិស្រវឹងមកបើករថយន្តឱ្យ ដើម្បីការពារគ្រោះថ្នាក់ដោយចៃដន្យណាមួយ។ សមត្ថកិច្ចមានសិទ្ធិក្នុងការ ពិនិត្យជាតិស្រវឹងអញ្ចឹងហើយ។ រឿងវ៉ៃខ្នោះ,មិនវ៉ៃខ្នោះស្ថិតលើការសម្រេចរបស់សមត្ថកិច្ច។ ប៉ូលិសមានសិទ្ធិឱ្យលោកបណ្ឌិតធ្វើកាយវិការត្រាប់តាមគំរូបច្ចកទេសនៃការស្ទង់អំពីភាពស្រវឹង។ ដូច្នេះមិនថាលោកបណ្ឌិតជាអ្វីទេ តែនេះជាច្បាប់។ លោកបណ្ឌិត មិនអាចអង្គុយលើ ច្បាប់បានទេ។ ប្រភដដែលនិយាយថា កុំនាំគ្នាបន្ទោសប៉ូលិសចរាចរអី។ បើនៅប្រទេសខ្លះលោកបណ្ឌិតត្រូវប៉ូលិសវ៉ៃខ្នោះដាក់គុក២៤ម៉ោងបាត់ទៅហើយ ហើយត្រូវអស់តួនាទីទៀត។
សម្រាប់អ្នកអនុវត្តច្បាប់ឯណោះវិញ ក៏ត្រូវរងនូវការរិះ គន់មិនស្ទើរដែរ អំពីកាយវិការឬចរិតមិនសមរម្យទៅលើលោកបណ្ឌិត។ ចំណុចខុសឆ្គងមួយនេះ ត្រូវបានលាតប្រដាងនិងរិះគន់ដូចគ្រាប់កាំភ្លើងបាញ់ស្រោចទៅលើសមត្ថកិច្ច ដែលខ្លះលាយឡំដោយគំនុំនិងខ្លះហាក់ដូច ជាមើលឃើញភាពអយុត្តិធម៌ខ្លាំងទៅលើលោកបណ្ឌិត។ ទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសអ្នកធ្លាប់រងគ្រោះ រង់ចាំតែមានឱកាសដើម្បីការវាយ ប្រហារទៅលើសមត្ថកិច្ចដែលធ្វើការរហូតដល់យប់អាធ្រាត្រឬថ្ងៃក្តៅ,ភ្លៀងខ្យល់មិនសម្រាក…ប៉ុន្តែអ្នកអនុវត្តច្បាប់មួយចំនួនប៉ុណ្ណោះដែលមើលទៅហាក់ដូចជា”កន្ទេលធំបន្លំដេក”ដើម្បីផល ប្រយោជន៍ណាមួយនោះ។ ការរិះគន់ជាច្រើនសន្ធឹកសន្ធាប់បន្តបន្ទាប់មិនដាច់សូរនេះ មិនប្រាថ្នាឱ្យមានការឈ្នះ-ចាញ់ ករណីលោកបណ្ឌិតសុខទូចនោះទេ។ ប៉ុន្តែប្រាថ្នាចង់ឃើញ វត្តមានរបស់មន្ត្រីនគរបាលនៅលើដង ផ្លូវជាទីកក់ក្តៅសម្រាប់អ្នកធ្វើដំណើរទូទៅ។
និយាយពីការអនុវត្តច្បាប់ គឺមិនលើកលែងចំពោះបុគ្គលជារដ្ឋមន្ត្រីឬជាបណ្ឌិត..កសិករអ្វីនោះឡើយ។ មានការលើកឡើងអំពីករណីដែរថា សមត្ថកិច្ចមិនស្គាល់លោកបណ្ឌិតសុខ ទូចឬ បានជាព្យាយាមបង្កឲ្យមានរឿង? គេជឿថា នៅក្នុងចំណោមមន្ត្រីអ្នកអនុវត្តច្បាប់ទាំងនោះ ពិតជាមានអ្នកស្គាល់លោកបណ្ឌិតច្បាស់ណាស់។ ប៉ុន្តែថា តើជាបណ្ឌិតនឹងត្រូវរួចផុតពីការអនុវត្តច្បាប់ឬយ៉ាង ដូចម្ដេច បើគ្រាន់តែមានករណីអ្នកស្គាល់ ? គ្រប់ៗគ្នាស្មើគ្នាចំពោះមុខច្បាប់។ ប្រសិន សមត្ថកិច្ចព្យាយាមសម្រប សម្រួលដោយកាយវិការសមរម្យក្នុងនាមអ្នកអនុវត្តច្បាប់ នោះប្រហែលជាមិនមានបញ្ហាទេ? ចំណោទ បានលើក ឡើងថា តើអ្នកណាដែលត្រូវព្យាយាមសម្របសម្រួល? ប្រសិនបើលោកបណ្ឌិតត្រូវបង្ហាញខ្លួននៅក្នុងចំណោម “អ្នកល្ងង់ខ្លៅ”ទៅហើយនោះ?
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមលោកខៀវកាញ្ញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ចេញទស្សនៈនៅលើបណ្ដាញសង្គមថា ខ្មែរថាត្រីកំភ្លាញស្លាប់ព្រោះមាត់ និងមានពាក្យមួយទៀតថា ម្នៅៗយកជ័រព្នៅមកត្បៀត ក្លៀក។ ហើយខ្ញុំជួញតែរឿងរបៀបហ្នឹង។ តែគិតថា យប់ហើយបើអ្នកមានខ្លួនខឹងខ្ញុំនិយាយ អាចស្អែកឡើងត្រជាក់ចិត្តវិញប៉ាវខ្ញុំតែក្តៅ១កែវចត់អីវិញផងក៏មិនដឹង។ ខ្ញុំឃើញមិត្តយើងខឹងប៉ូលីស ឬពិធីការមិនស្គាល់ខ្លួនអ្នក ធំអ្នកតូច ។ ខ្ញុំគិតថាខឹងអញ្ចឹងមិនត្រូវទេ។ អ្នកធំស្រុក ខ្មែរមានច្រើន,មានធំសក្តិ,ធំទ្រព្យ,ធំពោះ … តែមានដែលឆ្ងល់ទេ ថាពួកអ្នកបោកមួយចំនួនអត់មានចំណេះមហាវិទ្យាល័យ អត់មានសក្តិឯកឧត្តម,ឧកញ៉ា ព្យួរនឹង ក ទេ តែបោកប៉ូលិស,បោកទាំងមន្ត្រី,បោកទាំងបណ្ឌិត តើមិត្តដឹងថាមកពីអីទេ ? បើតាមខ្ញុំគិតគឺមានចំណុចមួយដែលអ្នកបោកធ្វើស៊ីគេបាន នោះគឺ … ឥរិយាបថ។ សូមអធ្យាស្រ័យនេះជាការយល់ឃើញរបស់ខ្ញុំ !
ជារួមទៅនៅលើបណ្តាញសង្គមគេអាចវាយតម្លៃបានអំពីការចង់បានរបស់ប្រជាពលរដ្ឋពាក់ព័ន្ធ នឹងឧទាហរណ៍មួយខាងលើនេះ។ ការចង់បានរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសនៅរាជធានីភ្នំពេញចង់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានចំពោះឥរិយាបថនិងទម្រង់ការងាររបស់មន្ត្រីនគរ បាលចរាចរណ៍អ្នកអនុវត្តច្បាប់ទាំងនោះ។ រឿងមន្ត្រីនគរបាលចរាចរណ៍ដែលប្រជាពលរដ្ឋមិនសប្បាយចិត្តមិនមែនថ្នាក់ដឹកនាំស្ថាប័នមិនដឹងនោះទេ។ ដូច្នេះគួរតែមានការកែទម្រង់ដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានណា មួយ? មិនមែនរង់ចាំចាប់កំហុសមន្ត្រីអ្នកអនុវត្តច្បាប់ ជាការព្រមាននោះទេ។ ផ្ទុយទៅវិញ វិធានការអប់រំ ទាំងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវនិងសមត្ថកិច្ចជាជម្រើសទី១។ មន្ត្រីអ្នកអនុវត្តច្បាប់នៅលើដងផ្លូវច្រើនលើសលុបបានធ្វើឲ្យប្រជាពលរដ្ឋគាំទ្រណាស់ដែរ៕