(ខេត្តកំពង់ចាម) ៖ គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) គិតមកដល់ដើមឆ្នាំ២០២៥នេះ បានសម្រេចប្រមាណជាង៣០%ហើយ។

លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ។

លោកប្រធានមន្ទីរ បានបន្ថែមទៀតថា គិតដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារនៃក្រុមហ៊ុនCRBC ស្ថាបនាបានសម្រេចប្រមាណជាង៣០% ខណៈ តំបន់ខ្លះត្រូវបានចាក់កៅស៊ូកិនជាបណ្តើរៗហើយ។

ទន្ទឹមនឹងនេះដែរ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ក៏បានអំពាវនាវ បន្ថែមដល់អាជ្ញាធរ មូលដ្ឋាន រួមនឹងប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវជាតិលេខ ៧នេះ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមហ៊ុនដែលស្ថាបនាពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ ពោលគឺធ្វើយ៉ាងណា ដើម្បីពន្លឿនការងារមួយនេះ ឲ្យលឿនតាមគម្រោង ដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការធ្វើដំណើរ និងរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងនាពេលអនាគត៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *