ភ្នំពេញ៖ផ្លូវថ្មើរជើង (walk street)ដែលបានបើកឱ្យដំណើរការសាកល្បងក្នុងរយៈពេល២ថ្ងៃ កន្លងមកគឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ ពិតជាទទួលបាននូវការគាំទ្រពីភ្ញៀវជាតិនិងអន្តរជាតិមកដើរលេងកំសាន្តយ៉ាងច្រើនកុះករ ដោយចំនួនភ្ញៀវបានកើនឡើងជាលំដាប់។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ផ្លូវថ្មើរជើង (walk street)ដែលបានបើកឱ្យដំណើរ ការសាកល្បងក្នុងរយៈពេល២ថ្ងៃនេះ ឃើញថា មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិមកដើរលេងកំសាន្តច្រើន។ បើប្រៀបធៀបនៅថ្ងៃទី១និងថ្ងៃទី២នៃការបើកឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (walk street)នេះ សំរាប់ថ្ងៃទី២ គឺមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិមកដើរលេងកំសាន្តច្រើនជាងថ្ងៃទី១។ នេះបង្ហាញឱ្យឃើញពីសន្ទស្សន៍កើនឡើងហើយ។ យើងសង្ឃឹម ថា ក្រោយពីយើងធ្វើការកែសម្រួល ជាបន្ត បន្ទាប់ទៀត ដូចជា ការរៀបចំស្តង់ម្ហូប អាហារ ការប្រគំតន្ត្រីសម័យ,បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មជាដើមនោះ កំណើតប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិនឹងកើនឡើង ច្រើនជាងនេះទៀត។
លោកស្រីដោ សម្ផស្ស បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះភ្ញៀវជាតិនិងអន្តរជាតិពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅជាប់ទីតាំងនេះ បានចូលរួមគាំទ្រនិងសហការជាមួយអាជ្ញាធរបានយ៉ាងល្អ ដែលវានឹងធ្វើឱ្យគម្រោងបើកផ្លូវថ្មើរជើង (walk street)នេះទទួលបាននូវភាពជោគជ័យ។ ចំពោះប្រជាពលរដ្ឋដែលពួកគាត់ទៅដើរកំសាន្តនៅផ្លូវថ្មើរជើងនិយាយថា គម្រោងនេះល្អ ពួកគាត់គាំទ្រពេញទំហឹង។
គួរបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរ វិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេល វេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕