(ខេត្តកណ្តាល) ៖ប្រជាពលរដ្ឋនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាលមិនដឹងថា តើអាជ្ញាធរឃុំ-ស្រុកបានដឹងអំពីមហន្តរាយដែលកំពុងកើតមាន លើផ្លូវខ្នងព្រែកតាជន់ ដែរឬយ៉ាងណាទេ បានជាមកដល់ពេលនេះអាជ្ញាធរធ្វើហាក់ដូចជាមិនដឹងមិនឮ ចំពោះបញ្ហានៃការប្រឈមបាត់បង់ខ្នងព្រែក១នេះ។ អ្វីដែលប្រជាពលរដ្ឋប្រាកដ ប្រជានោះគឺអាជ្ញាធរឃុំខ្ពប ជាពិសេសចៅហ្វាយស្រុកស្អាងស្ងាត់ឈឹងតែម្ដង។

រឿងរ៉ាវស្រដៀងគ្នានេះ កាលពីប៉ុន្មានសប្តាហ៍មុនគេហទំព័រជាច្រើនបានផ្សព្វផ្សាយ អំពីករណីហានិភ័យនៃការបាត់បង់ព្រែកជាច្រើន តាមដងផ្លូវជាតិលេខ21b ស្ថិតក្នុងស្រុកស្អាងខេត្តកណ្ដាល។ នោះគឺជាវិញ្ញាសាមួយដែលដាស់តឿនឲ្យអាជ្ញាធរឃុំ-ស្រុក ប្រើស្មារតីភ្ញាក់រលឹកចាត់វិធានការទប់ស្កាត់ការបាត់បង់ព្រែកជាច្រើននៅតាមទន្លេបាសាក់ក្នុងស្រុកស្អាងនេះ។ ក៏ប៉ុន្តែគេសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានដែនដីក្នុងស្រុកស្អាងហាក់ដូចជាត្រជាក់ល្ហឹម មិនឃើញមានវិធានការយ៉ាង ណាចំពោះបញ្ហានេះទេ។

ជាក់ស្ដែងព្រែកតាជន់ ស្ថិតនៅភូមិខ្ពបចំហៀង ចំណុចស្ពានព្រែកតាជន់ ស្ថិតនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុក ស្អាង ខេត្តកណ្ដាលកំពុងប្រឈមនឹងការបាត់រូបរាងពីក្នុងផែនទីតាមរយៈការដែលអាជ្ញាធរបណ្ដែត បណ្ដោយ ឲ្យមានការសង់លំនៅឋានរឹងមាំនៅ ចំណែកផ្លូវលើព្រែកនេះ។ អ្នកភូមិដែលមានលំនៅឋាននៅលើខ្នងព្រែកនេះហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះអ្វីដែលជាដំណើរទៅរកការបាត់ដានប្រវត្តិសាស្ត្រនេះទេ គឺគិតយ៉ាងណាឲ្យតែលំនៅឋានរបស់ខ្លួនបានរឹងមាំធំទូលាយតាមរយៈការរំលោភយកខ្នងផ្លូវនៃព្រែកតាជន់ នោះតែប៉ុណ្ណោះ។

បណ្ដាព្រែកមួយចំនួនត្រូវគោករាក់ តាមរយៈការចាក់ដីឬចាក់ខ្សាច់បំពេញ ដើម្បីសាងសង់លំនៅឋានឬក៏ការបោះសសរចូលក្នុងព្រែកហើយសង់ផ្ទះពីលើ ។ ករណីទាំង អស់នេះសុទ្ធតែអាចមើលឃើញដោយភ្នែកទទេ ក៏ប៉ុន្តែចៅហ្វាយស្រុកស្អាងក្រោមការដឹកនាំ លោក ជឺ គឹមហៃ ត្រជាក់ល្ហឹមមើលមិនឃើញបញ្ហានេះទេ ទំនងជាលោកអភិបាលស្រុកគិតថា ជារឿងកំប៉ិកកំប៉ុក។ ប៉ុន្តែបើគិតយ៉ាងដូច្នោះប្រជាពលរដ្ឋយល់ឃើញថាត្រូវម្យ៉ាងដែរ។ តែម្យ៉ាងទៀតអ្នកភូមិសង្ស័យពីរឿងផលប្រយោជន៍ដែលបានមកពីការបិទភ្នែក ឲ្យមានសំណង់អាណាធិបតេយ្យនៅលើខ្នងព្រែកជាច្រើនកន្លែង ក្នុងភូមិសាស្ត្រស្រុកស្អាងនេះតែម្ដង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed