តើត្រូវប្រើវិធានការយ៉ាងដូចម្ដេចខ្លះ ដើម្បីទប់ស្កាត់បញ្ហាក្មេងទំនើងដែលកំពុងរីករាលដាលសព្វថ្ងៃនេះ? គេមិនអាចរកចម្លើយតែមួយ ដើម្បីដោះស្រាយបញ្ហានេះបានទេ។ ផ្ទុយទៅវិញមានតែការចូលរួមពីគ្រប់ភាគី ដែលជាកោសិកានៅសង្គម ទើបអាចធ្វើដំណើរឆ្ពោះទៅកាត់បន្ថយបញ្ហាហានិភ័យនៃយុវជនទំនើងទាំងនេះបាន។ វិធានការបន្ទាន់ គឺជាការអនុវត្តច្បាប់ឲ្យបានគ្រប់ ជ្រុងជ្រោយ,គ្រប់ពេលវេលា,គ្រប់ទីកន្លែង..ដោយមិនរើសអើងគ្រប់មនុស្ស,គ្រប់ពណ៌សម្បុរដែលរស់នៅលើផែនដីកម្ពុជា។ មិនអាចថាកូនអ្នកនេះ,កូនអ្នកនោះ.. នោះទេ។ សមភាពនៅចំពោះមុខច្បាប់ គឺជាបញ្ហាចម្បងដែលបង្ហាញអំពីយុត្តិធម៌សង្គមនោះ គ្រប់គ្នាប្រាកដជាដើររកផ្លូវត្រូវវិញបណ្ដើរៗ។
បញ្ហានៃការរីកកាន់តែច្រើន នៃប្រព័ន្ធទំនាក់ទំនងបានធ្វើឲ្យសមត្ថកិច្ចកាន់តែឈឺក្បាល។ ប៉ុន្តែការផ្ដល់មេរៀននៃការអនុវត្តច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីជាគំរូសម្រាប់យុវជននៅ ក្នុងសហគមន៍ ក៏ដូចជាអ្នកជំនាន់ក្រោយបានឃើញនិងខ្លាចរអា។ ស្ថាប័នអនុវត្តច្បាប់ ត្រូវបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង ដោយមិនបន្ធូរដៃឬយោគយល់នោះឡើយ។ ឪពុកម្តាយអាណាព្យាបាល,សាលារៀន ចូលរួមខិតខំសហការ ពិសេសអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បី អនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុងសង្គមជាតិរបស់យើង។ តួនាទីនៃការអប់រំយុវជន ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន,ទាំងអាណាព្យាបាល, សាលារៀន,វត្តអារាម,សហគមន៍និងសង្គមទាំងមូល។
នៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ សាកលវិទ្យាល័យធនធានមនុស្សបានបង្ហាញនូវការកត់សម្គាល់អំពីការកើនឡើងនៃបញ្ហាសង្គមពាក់ព័ន្ធនឹងក្មេងទំនើងនេះ។សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កន្លងទៅ សមត្ថកិច្ច និងកងកម្លាំងជំនាញទូទាំងប្រទេសបានចុះប្រតិបត្តិការបង្ក្រាប និងចាប់ក្មេងទំនើងបានចំនួនជាង ២ពាន់នាក់ ដែលមានជិត ៧០០ករណី ហើយកំពុងត្រូវបានអនុវត្តទោសយ៉ាងតឹងរឹង និងហ្មត់ចត់។ ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយសូមឪពុកម្តាយ អាណាព្យាបាល ចូលរួម និងខិតខំសហការ ពិសេសចូលរួមអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុងសង្គមជាតិរបស់យើង។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ស្ថាប័នអនុវត្តច្បាប់បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តខុស និងបង្កផលប៉ះពាល់ដល់សង្គមជាតិ ពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងករណីឃាតកម្ម ដែលប្រព្រឹត្តដោយអតីតឧកញ៉ាស្រី ស៊ីណា ត្រូវបានតុលាការ សម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៣១ ឆ្នាំ និងជាលើកទី១ ដែលគ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុង១គ្រួសារទទួលបានសំណង ១លានដុល្លារ ហើយជនរងរបួសធ្ងន់ម្នាក់ទទួលបានសំណង ៣០ម៉ឺនដុល្លារ និងជនរងរបួសស្រាលម្នាក់ទទួលបានសំណង ២០ម៉ឺនដុល្លារ។ នេះសបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់របស់ស្ថាប័នអនុវត្តច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក៏បង្ហាញទៅសាធារណ ជន កុំយកគំរូតាមករណីដែលបានកើតឡើងនេះ, ជា ពិសេសជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលខិតខំស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត។
យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលបង្ហាញក្តីបារម្ភចំពោះវិធានការនានា ដែលត្រូវបង្ក្រាបក្រុមក្មេងទំនើងទាំងនេះឲ្យមានប្រសិទ្ធភាពនិងកុំឲ្យប៉ះពាល់ អនាគតពួកគេ។ តើត្រូវដាក់វិធានការអនុវត្តច្បាប់ ឲ្យបានធ្ងន់ធ្ងរបំផុតឬយ៉ាងដូចម្ដេច? បើយ៉ាងដូច្នោះ តើការសិក្សារបស់ពួកគេនឹងទៅជាយ៉ាងណា? បច្ចុប្បន្ន ក្មេងទំនើងមិនមែនត្រឹមតែជាអ្នក នៅក្រៅសាលារៀនប៉ុណ្ណោះទេប៉ុន្តែនៅក្នុងសាលារៀន ក៏សម្បូរជោគជាំទៅដោយក្រុមក្មេងទំនើងនេះដែរ។ សាលារៀនគឺជាជនទី១ ដែលត្រូវមើលអំពីបញ្ហានេះ។ គ្រូបន្ទុកថ្នាក់, នាយកសាលា..បើសាលានោះនៅជិតស្នាក់ការប៉ូលិស,ឬនៅក្នុងបរិវេណវត្តអារាម ក៏ត្រូវមានការចូលរួមឃ្លាំមើល ពីមន្ត្រីមាន សមត្ថកិច្ចនិងពីព្រះសង្ឃផងដែរ។ នៅពេលមានមន្ទិលសង្ស័យត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
ឪពុកម្ដាយអាណាព្យាបាលគឺជាទី១,សាលារៀនគឺជាទី២និងបរិយាកាសសង្គមគឺជាទី៣…ដែលប្រការនេះទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីជាជ្រុងនៃកោសិកាសង្គមដើម្បីរួមចំណែកក្នុងការទប់ស្កាត់បញ្ហាយុវជននិងក្មេងទំនើងនេះ។ ប្រសិនបើមានការអប់រំ ទូន្មាន ប្រៀន ប្រដៅពីឪពុកម្ដាយអាណាព្យាបាល ប្រាកដណាស់គឺអាចរួមចំណែកកាត់បន្ថយបានមួយកម្រិត។ បន្ទាប់មកសាលារៀនត្រូវដាក់វិធានការតឹងបំផុតទាំងការប្រើប្រាស់ទូរសព្ទដៃ និងត្រួតពិនិត្យមើលចំពោះសម្ភារៈ ដែលភ្ជាប់មកជាមួយតាមខ្លួនទាំងក្នុងកាតាបនិងម៉ូតូ។ ការចូលរួមពីបណ្ដាសង្គមព្រះសង្ឃនិងសហគមន៍ ជួយគ្នាណែនាំតម្រង់ទិសក្នុងម៉ោងសិក្សាក៏ជាបញ្ហាសំខាន់មួយដែរ។ លោកគ្រូ,អ្នកគ្រូ
គឺជាភ្នែកច្រមុះដ៏សំខាន់ក្នុងការជួយតម្រង់ទិសអប់រំណែនាំដល់ក្មេងៗទាំងឡាយនោះ។ ការលើកហេតុផលអំពីបញ្ហាវាសនាអនាគត និងបញ្ហាច្បាប់មកបន្លាចគឺជារឿងដែលអាចយកមកនិយាយផងដែរ។
ឧទាហរណ៍នៃការធ្វើឲ្យខូចខាតអនាគត ពីបណ្ដាជនក្មេងទំនើង ឬឧទាហរណ៍ជាក់ស្ដែងនៅក្នុងចំណោមមិត្តភក្កិទាំងឡាយដែលមានអតីតភាពជាក្មេងទំនើង ក៏ជាមេរៀនមួយយ៉ាងល្អប្រសើរផងដែរ។ លោកគ្រូ,អ្នកគ្រូពិតជាមិនត្រូវខ្លាច អំណាចឬឥទ្ធិពល ទឹកប្រាក់មាតា បិតាយុវជន ឬសិស្សដែលសង្ស័យថាជាក្មេងទំនើងនោះឡើយ។ ឋិតទៅក្នុងដំណាក់កាលបច្ចុប្បន្ន នៃការដែលកំពុងរីកថ្លើមប្រម៉ាត់នៃយុវជនឈាមរាវ អួតបង្ហាញគ្នាតាមបណ្ដាញសង្គម ទើបធ្វើឲ្យបញ្ហានេះកាន់តែរីក។ដូច្នេះការកាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនងតាមទូរសព្ទ ក៏ជាមូលហេតុដ៏សំខាន់មួយផងដែរ។ ឪពុកម្ដាយអាចមិនអនុញ្ញាតឲ្យកូនប្រើទូរសព្ទ ក្នុងពេលវេលាសមស្របណាមួយ។ និយាយរួមទៅ ការចូលរួមពីគ្រប់កោសិកាសង្គមទាំងឪពុកម្ដាយ,លោកគ្រូអ្នកគ្រូ,ព្រះសង្ឃ, សមត្ថកិច្ច…បុគ្គលជាជនគំរូ..បន្តិចម្ដងៗ ទើបអាចកាត់ បន្ថយបញ្ហាក្មេងទំនើងនេះបាន៕ ហេង សូរិយា