ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារក៏ដូចជាដាស់តឿនទៅកាន់ក្រុមអ្នកសារព័ត៌មាន និងអ្នកព័ត៌មានដែលបានផ្សាយព័ត៌មានពីក្រៅប្រទេសតាំងខ្លួនជាអ្នកព័ត៌មានឯករាជ្យ សូមឲ្យប្រយ័ត្នប្រយែងខ្ពស់សម្រាប់ប្រភពព័ត៌មានរបស់ខ្លួន ដោយសារ តែកន្លងមក ពួកគេផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់របស់ស្ថាប័នមួយចំនួន ធ្វើឲ្យមានការភាន់ច្រឡំ។

ការផ្ញើសារបស់ឯកឧត្តម ប៉ែន បូណា ប្រធានក្រុមអ្នកនាំពាក្យនេះ បន្ទាប់ពីឯកឧត្តមបានសង្កេតឃើញថាវិទ្យុបរទេសផ្សាយជាខេមរភាសាបានដកស្រង់ប្រភពអនាមឹកជាញឹកញាប់យកមកផ្សាយដោយគ្មានប្រភពច្បាស់លាស់យកមកចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជាដែលខុសទៅនឹងវិជ្ជាជីវៈរបស់ខ្លួន។

ឯកឧត្តមប៉ែន បូណា បានមានប្រសាសន៍ថា ការផ្សាយព័ត៌មានសព្វថ្ងៃរបស់អ្នកព័ត៌មានមួយចំនួនពេលខ្លះបានយកករណីតូចមួយមកធ្វើការផ្សព្វផ្សាយដើម្បីពង្រីកឲ្យទៅជារឿងធំ ធ្វើឲ្យមានការភាន់ច្រឡំ និងអាក្រក់ពេញផ្ទៃប្រទេស ខណៈការធ្វើល្អស្ទើរតែ៩៩ភាគរយទៅហើយ តែមិនព្រមផ្សាយពីភាពល្អនោះទេ តែបែរជានាំគ្នាមកផ្សាយរឿងមិនល្អដែលជាចំណុចតូចមួយទៅវិញ។ នេះហើយជារឿងមិនមានការពិត និងអត់មានតុល្យភាព ។ “ប្រភពគឺខ្ញុំឃើញបណ្តាញផ្សាយព័ត៌មានមួយចំនួន ជាពិសេសអ្នកផ្សាយមកពីក្រៅប្រទេសតែម្តង ប្រើប្រភពអនាមឹក ជួនកាលអនាមឹកតែមួយគត់យកមកធ្វើរឿងប៉ុណ្ណាប៉ុណ្ណី ។ ជួនកាលខ្ញុំស្តាប់ថ្ងៃមុន និយាយឲ្យចំទៅអាស៊ីសេរី (វិទ្យអាស៊ីសេរី) ផ្សាយរឿងមួយដែលវាយប្រហារមកលើថ្នាក់ដឹកនាំ ក្រុមគ្រួសារថ្នាក់ដឹកនាំរបស់យើង ដោយលើកសម្រង់សំដី៥ ប្រភព៥ ខ្ញុំមើលសុទ្ធតែអាខោនខ្មោចទាំងអស់ ឬអាខោនក្លែងក្លាយ (Fake Account) ដែលនិយាយអត់មានការទទួលខុសត្រូវ អត់ការពិត យកសម្រង់សំដីទាំងអស់ហ្នឹងមកផ្សាយ”។

ចំណុចនេះឯកឧត្តមអះអាងថា គឺជាកំហុសខាងវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ព្រោះគ្មានអ្នកណាយកអាខោនខ្មោចមកធ្វើជាប្រភពផ្តល់ព័ត៌មាននោះទេ ។ ឯកឧត្តមថា ជួនកាលអាខោនខ្មោចនេះអាចថាពួកគេបង្កើតដោយខ្លួនឯងក៏ថាបាន។ ឯកឧត្តមសង្កត់ធ្ងន់ទៀតថា អ្នកសារព័ត៌មានត្រូវប្រយ័ត្នខ្ពស់ត្រង់ប្រភពធ្វើយ៉ាងណាត្រូវច្បាស់លាស់ ចៀសវាងប្រភពខ្មោច ។

ទន្ទឹមនឹងប្រភពហើយបានគេឲ្យផ្ទៀងផ្ទាត់ព័ត៌មានមុនចេញផ្សាយផងដែរ កុំអាងតែប្រភពនិយាយប្រាប់ហើយ យកទៅផ្សាយទាំងដុល ទាំងដែលគ្មានការស្រាវជ្រាវជាមុន ជាពិសេសប្រភពអនាមឹកនេះតែម្តង សូមកុំជឿឲ្យសោះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *