(ភ្នំពេញ) ៖អភិបាលរាជធានីភ្នំពេញនៅចុងខែមករា២០២៥ខាងមុខនេះនឹងដាក់ឱ្យដំណើរការផ្លូវថ្មើរជើង (Walk street) ស្ថិតនៅតាមបណ្តោយមាត់ទន្លេចាប់ពីចំណុចមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង។ នេះជាថ្លែងអះអាងរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាថ្មីដើម្បីជំរុញនិងពិនិត្យវឌ្ឍនៈភាពការរៀបចំផ្លូវថ្មើរជើង(Walkstreet)តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
អន្តរក្រសួង តំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍,អគ្គិសនីយ៍កម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេងមានប្រសាសន៍ថា ការរៀបចំផ្លូវថ្មើជើងនេះយើងមានគម្រោងយូរមកហើយ តែដោយមានស្ថានភាពជួបការលំបាកដូចជាជំងឺកូវិដ.១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។ ទោះបីយ៉ាងណារាជរដ្ឋាភិបាលបានណែនាំឲ្យក្រុមការងារខិតខំអនុវត្តធ្វើយ៉ាងណាសម្រេចបានគម្រោង ផ្លូវថ្មើរជើងនេះក្នុងគោលដៅបង្កើនភាពទាក់ទាញភ្ញៀវទេសចរ សំរួលការកកស្ទះចរាចរណ៍ និងលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ ។
លោក ឃួង ស្រេងបានបញ្ជាក់ថា គម្រោងផ្លូវថ្មើរជើងនេះបំរើដល់វិស័យទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញបានគិតគូជាយូរមកហើយតំាងពីឆ្នាំ២០១៩មកម្លេះ។ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការមួយឡែកសិន ។ មក ដល់ពេលនេះបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាលពីការជំរុញទាក់ទាញភ្ញៀវទេសចរនៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានី ភ្នំពេញបានគិតគូជំរុញ ការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។
លោកបានបញ្ជាក់ ដើម្បីឱ្យគម្រោងនេះបានដំណើរការដោយរលូន ជាជំហានដំបូងការបើកផ្លូវដំណើរផ្លូវថ្មើរជើងនេះធ្វើចំនួន៣ថ្ងៃគឺរាល់ល្ងាចថ្ងៃសុក្រ,ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ត្រូវប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ ការលក់ដូរនៅលើតម្រាយផ្លូវឱ្យបានល្អ ដែលធានាថា គម្រោងនេះប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោកអភិបាលបន្តថា មានអង្គភាពពាក់ពន្ធ័មួយចំនួនលើការរៀបចំផ្លូវថ្មើរជើងនេះដូចជា ខាងប្រៃសណីយ៍,អគ្គិសនីយ៍កម្ពុជា,ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ។
បើតាមបទបង្ហាញរបស់លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឥ្យដឹងថា ក្រុមលេខាធិការដ្ឋានរបស់មន្ទីរ បានកំពុងដំណើរការពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងលើរួមទាំងការផ្សព្វផ្សាយ អោយបានជ្រួតជ្រាបដល់បងប្អូនប្រជាពលរដ្ឋពីអត្ថប្រយោជន៏នៃផ្លូវថ្មើរជើងនេះដែលចែកចេញជា៣ តំបន់ដោយសុំអោយប្រជាពល រដ្ឋចូលរួម។ក្នុងនោះមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការបានសិក្សាលំអិតក្រោមការណែនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញយើងបានគិតដល់ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ផ្លូវ,តទឹក,ភ្លើង ពិសេសក៏មានរៀបចំជាស្តង់លក់ដូរបែបផ្សាររាត្រី,ការហាមមិនអោយរថយន្តចេញចូលចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង ១១ យប់ រូមទាំងការរៀបចំចំណតជាដើម ៕