(ភ្នំពេញ) ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួមហាផ្ទៃ ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអាគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។
ជាកិច្ចចាប់ផ្ដើម លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសម្ដែងគារវកិច្ចគោរពចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលមួយនេះប្រកបដោយអត្ថន័យ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល ជំនួសមុខឱ្យថ្នាក់ដឹកនាំ នាយនគរបាល មន្រ្តីនគរបាល ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក រដ្ឋលេខាធិការ ក៏បានសម្ដែងការគោរពថ្លែងអំណរគុណ ដឹងគុណគុណូបការៈដ៏ខ្ពង់ខ្ពស់ជូន សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលកន្លងមក សម្តេច បានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងធនធានយ៉ាងច្រើនដើម្បីជ្រោមជ្រែងលើកស្ទួយដល់អត្តពលិកប្រតិភូកីឡាចំណុះក្រសួងមហាផ្ទៃ ទទួលបានឱកាសបញ្ចេញសមត្ថភាពតាមរយៈការចូលរួមលើកកម្ពស់កិត្យានុភាព ឧត្តមភាព និងកិត្តិយសជូនក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិផងដែរ។
ក្នុងពិធីនោះ លោក សរ សិទ្ធិ បានជម្រាបជូន ពីប្រវត្តិជោគជ័យមួយចំនួន ពាក់ព័ន្ធនឹងការចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍នៅក្រៅស្រុក ជាពិសេសពាក់ព័ន្ធជាមួយសមិទ្ធផលក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងទៅដែល អត្តពលិកនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រួមចំណែកសម្រេចបាន ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងក្ដីសោមនស្សរីករាយដែលបានចូលរួមពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ថា ជាមោទកភាពដ៏ធំធេងមួយ ដោយមិនមែនសម្រាប់តែក្រសួងមហាផ្ទៃប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាកិត្តិយសរបស់ជាតិទាំងមូល ដែលកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ចូលរួមប្រកួត និងដណ្ដើមបានមេដាយជាមួយកំណត់ត្រាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
លោកអភិសន្តិបណ្ឌិតរដ្ឋមន្ត្រី ក៏បានសម្ដែងការដឹងគុណដល់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានកសាងស្នាដៃដ៏គួរជាទីមោទក ជាពិសេសវិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់មុខមាត់ជាតិ ទាំងក្នុង និងក្រៅប្រទេស ហើយបន្សល់ទុកដល់អ្នកជំនាន់ក្រោយ បន្តពង្រឹង ពង្រីក និងអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន។
លើសពឋិនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់អត្តពលិក គ្រូបង្វឹក គ្រូជំនួយទាំងអស់ ដែលបានខិតខំប្រឹងប្រែងដណ្ដើមមេដាយជូនជាតិមាតុភូមិ និងក្រសួងមហាផ្ទៃ និងបានជូនពរអត្តពលិកទាំងអស់ បន្តជួបតែសុខភាពល្អ ដើម្បីបន្តប្រជែងយកមេដាយជូនជាតិនៅការប្រកួតក្រោយៗទៀត។
ជាកិច្ចចុងក្រោយ លោកអភិសន្តិបណ្ឌិត ក៏បានផ្តល់ជូននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដល់អត្តពលិក នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវរៀបចំខ្លួនឱ្យបានល្អប្រសើរ ដើម្បីចូលរួមប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រថៃ ក្នុងនាមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ៕