ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញសំណេះសំណាលជាមួយសិក្ខាកាមបញ្ចប់វគ្គបណ្តុះបណ្តាល នាយទាហានសកម្ម ជំនាន់ទី២៤ ជើងគោក ជំនាន់ទី១២ ដែលបញ្ជូនមកបម្រើការងារ នៅទិសយោធភូមិភាគទី៥។
មានប្រសាសន៍សំណេះសំណាល ឧត្តមសេនីយ៍ទោ សេង ធារិន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។
មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ សូមធ្វើការផ្តាំផ្ញើដល់នាយទាហាន ទើបទទួលភារកិច្ចថ្មីត្រូវអនុវត្តបន្តលើការងារដឹកនាំគ្រប់គ្រងកម្លាំង និងកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ រក្សាសមិទ្ធផលចាស់បង្កើតសមិទ្ធផលថ្មី ត្រូវរួមសហការគ្នារក្សាសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អជាប់ជានិច្ច ស្នើដល់នាយទាហាន ត្រូវអនុវត្តម៉ឺងម៉ាត់ វិន័យកងយោធពលខេមរភូមិន្ទ និងប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រមានសមត្ថភាពមានចំណេះដឹង។
ជាចុងក្រោយសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងសូមឱ្យចៀសឆ្ងាយពីគ្រឿងញៀនទាំងការសេព និងជួញដូរ ដាច់ខាតមិនឱ្យមានក្នុងអង្គភាព៕