កំពង់ស្ពឺ៖ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា អាជ្ញាធរ អង្គភាពពាក់ព័ន្ធ នៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាគ្រួសារ និងកូនចៅអតីតយុទ្ធជន ដែលជាអ្នកជំនាន់ក្រោយជាកិច្ចតបស្នងនូវគុណូបការៈ នៃការបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ ដើម្បីទាមទារសុខសន្តិភាព ជូនប្រទេសជាតិ មាតុភូមិ ការថ្លែងលើកឡើងបែបនេះគ្រា ដែលឯកឧត្ដម ជួបសំណេះ សំណាល លើកទឹកចិត្ត និងផ្តល់អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនីដល់បងប្អូនអតីតយុទ្ធជនប្រមាណ ៩៨នាក់ ដែលកំពុងរស់នៅក្នុងភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

បណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ស្ពឺ បានរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់បានពលិកម្មយ៉ាងអង់អាច ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរយុទ្ធជន យុទ្ធនារីនិងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គម សំដៅធានាឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

បណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ក៏បានគូសបញ្ជាក់ថា ដោយវីរភាពនិងការលះបង់ខ្ពស់នេះហើយ ទើបរាជរដ្ឋាភិបាលក៏ដូចប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជនគ្រប់រូបចំពោះជាតិមាតុភូមិ និងសុំឱ្យក្រសួង ស្ថាប័ន អង្គភាពនិងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនការគិតគូពីសុខទុក្ខបងប្អូន អតីតយុទ្ធជន យុទ្ធនារី ដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនា ហើយបន្ថែមពីនោះត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្ដល់សេវាសាធារណៈ របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន។

ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី សម្តេចតែងតែគិតគូរពីសុខទុក្ខពីជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនទាំងអស់ ដោយមិនទុកចោលនរណាម្នាក់ឡេីយ ពោលគឺមិនមានការរេីសអេីង ប្រកាន់វណ្ណៈ នោះឡើយ។ ដូច្នេះសូមបងប្អូនជាគ្រួសារអតីតយុទ្ធជន យុទ្ធនារីកុំមានការបាក់ទឹកចិត្ត ហើយខិតខំប្រឹងប្រែងបង្កបង្កើលផលដោយជ្រើសរើសយកពូជស្រូវដែលមានទិន្នផលខ្ពស់ ជម្រុញឱ្យកូនៗ បានចូលរៀនគ្រប់ៗគ្នា ដើម្បីមានឱកាសក្នុងការបន្តវេន និងមួយវិញទៀតសម្រាប់កូនៗ ដែលខ្វះលទ្ធភាពក្នុងការបន្តការសិក្សា សូមឱ្យចូលបន្តវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី ដើម្បីក្លាយជាកម្មករជំនាញ នៅតាមបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដែលមានបៀរវត្សរ៍ខ្ពស់ផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed