កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ សង្វៀនល្បែងស៊ីសងរបស់លោកសារ៉ូម៉ាន់ នៅទីប្រជុំជនប៊ូស្រា បានបើកលេងជាចំហយ៉ាងសប្បាយរីករាយ ក៏ព្រោះតែមានការចូលរួមកម្សាន្តសប្បាយពីលោកអភិបាលស្រុក។ តាមទម្លាប់លោកអភិបាលស្រុក គាត់ចូលចិត្តលេងល្បែងស៊ីសងខ្លាំងណាស់។ បើមិនបានចូលកម្សាន្តសប្បាយគឺហាក់ដូចជាមិននៅសុខក្នុងខ្លួនសោះ។ ដូច្នេះ ចាញ់ឬឈ្នះសម្រាប់លោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដាគឺជារឿងធម្មតា។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ល្បែងស៊ីសងជាអំពើខុសច្បាប់ ត្រូវបានបើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងមូលដ្ឋានឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ បើគេស្រមៃមើលទៅ វាហាក់ដូចជាពិធីបុណ្យបញ្ចុះសីមាមួយ ដែលមានល្បែងស៊ីសងគ្រប់ប្រភេទដូចជា យូគី, អាប៉ោង,ជល់មាន់អនឡាញនិងជល់មាន់រស់លើដី..និងល្បែងស៊ីសងជាច្រើនទៀត។ អ្នកភូមិខ្សិបថា ជាចំណង់ចំណូលចិត្តរបស់លោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា..ផងដែរ ។ រីឯថៅកែសង្វៀនអ្នកម៉ៅផ្ដាច់ល្បែងទាំង អស់នេះគឺលោកសារ៉ូ ម៉ាន់ បានបោះទីតាំងយ៉ាងរឹងមាំ និងខ្នងបង្អែកយូរឆ្នាំមកហើយ នៅទីប្រជុំជនប៊ូស្រានេះ។
ជាក់ស្ដែងនៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៤បណ្ដាជន ដែលស្នេហាវិស័យល្បែងស៊ីសង បានជួបជុំគ្នានៅវេលាម៉ោង ១០ព្រឹក ដូចរាល់សប្តាហ៍កន្លងមក ក្រោមការចាត់ចែងរៀបចំដោយលោកសារ៉ូ ម៉ាន់ ដែលជាថៅកែដ៏ធំ ហើយក៏ជាអ្នកវិនិយោគល្បែងស៊ីសងប្រចាំស្រុកពេជ្រជ្រាដានេះផ្ទាល់តែម្ដង។ តាមអ្វីដែលបានកើតឡើង ជាក់ស្ដែងនៅគ្រាកន្លងមក,នៅវេលាម៉ោង១០ព្រឹក ទីតាំងល្បែងស៊ី សងរបស់លោកសារ៉ូ ម៉ាន់ បានចាប់ដំណើរការ លើក លែងតែថ្ងៃខ្លះ ដែលមានភ្លៀងជោគជាំសម្រាប់ល្បែងមាន់ជល់លើដីមិនអាចដំណើរការបាន។ ប៉ុន្តែល្បែងស៊ី សងផ្សេងទៀតគឺដំណើរការជាធម្មតា។ លើកលែងតែថ្ងៃអាទិត្យម្សិលមិញ ដែលមិនបានលេងព្រោះតែបែក ធ្លាយដល់អ្នកសារព័ត៌មាន។
សេចក្តីរាយការណ៍បានឲ្យដឹងថា ថៅកែល្បែងស៊ីសងប្រចាំតំបន់ប៊ូស្រាបានបោះទុនវិនិយោគ បែងចែកផល ប្រយោជន៍ឲ្យអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុកពេជ្រាដាគ្រប់ផ្នែក,គ្រប់ស្ថាប័ន..ដែលក្នុងនោះលោកវណ្ណា ម៉ាប់ បើទោះបីជា លោកបានចំណាយពេលវេលាច្រើន(ជួន កាលចាញ់,ជួនកាលឈ្នះ)នៅក្នុងវង់ល្បែងជល់មាន់នៅទីនោះក៏ដោយ ក៏លោកសេរ៉ូ ម៉ាន់ ចំណាយប្រាក់ផ្ទាល់ជូនលោកអភិបាលស្រុក១លានរៀលក្នុង១ខែ,លោកផ្លង ជំនិត អធិការនគរបាលស្រុកពេជ្រាដា១លានរៀល ក្នុង ១ ខែ,លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ១លានរៀលក្នុង១ខែ..និងមន្ត្រីថ្នាក់ក្រោមៗ តាមជំនាញមួយចំនួនទៀត។ ចំណែកជំនាញថ្នាក់ខេត្តមិនដឹងថា បានទទួលលាភសក្ការៈដែរឬយ៉ាងណានោះទេ?
ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ និងមាន់ជល់នេះស្ថិត នៅចម្ងាយប្រមាណ៤០០ម៉ែត្រ ខាងស្ដាំដៃផ្ទះលោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា។ សមត្ថកិច្ចជំនាញដែលមានភារកិច្ចបង្ក្រាបល្បែងស៊ីសង ត្រូវប្រជាពលរដ្ឋនៅទីនោះអះអាងថា ជាមេឃខ្យល់ក្នុងការអន្ទងហៅអ្នកចូលចិត្តលេងល្បែង ឲ្យមកលេងនៅទីតាំងរបស់លោកសារ៉ូ ម៉ាន់ នោះដែរ។ រីឯលោកវណ្ណា ម៉ាប់ ត្រូវគេរាយការណ៍ថា បានចំណាយពេលវេលាច្រើនម៉ោងនៅ ក្នុងសង្វៀនជល់មាន់នៅទីនោះដែរ។ កាលពីប៉ុន្មានខែ មុនលោកវណ្ណា ម៉ាប់ ត្រូវគេរាយការណ៍ថា បានឈ្នះមាន់ជល់ប្រហែល១០០០ ដុល្លារ យកមកប៉ាវកូនចៅផឹកស៊ីផ្អើលទីប្រជុំជនប៊ូស្រា ។ គេប្រាប់ថា សង្វៀនជល់ មាន់នៅទីនោះដាក់ភ្នាល់លុយច្រើនៗណាស់។
លោកផ្លង ជំនិត អធិការនគរបាលស្រុកបដិសេធថានៅ ក្នុងមូលដ្ឋានស្រុកពេជ្រាដា គ្មានសង្វៀនជល់មាន់ឬល្បែងស៊ីសងទេ ក្នុងពេលដែលមានសេចក្តីរាយការណ៍ខ្សិបខ្សៀវថា លោកគឺជាអ្នកដែលដើរប្រមូលម៉ូយឲ្យចូល លេងល្បែងនៅទីតាំងខាងលើ។ ជាមួយគ្នានេះម្ចាស់វង់គឺលោកសារ៉ូ ម៉ាន់ ប្រាប់អ្នកកាសែតដែរថា លោកឈប់ធ្វើ មេវង់ល្បែងស៊ីសង នៅតំបន់ប៊ូស្រាជាយូរណាស់មកហើយ ស្របពេលដែលកាលពីថ្ងៃសៅរ៍ មានរូបភាពច្បាស់បង្ហាញថា លោកកំពុងមានវត្តមាន នៅចាត់ចែងការងារក្នុងវង់ល្បែងនោះដដែល។
ប្រជាពលរដ្ឋសង្ឃឹមថា លោកឡោ សុខា ស្នងការនគរបាលខេត្ត,លោកអភិបាលខេត្តមណ្ឌលគិរីពិនិត្យ មើលតាមខ្សែបណ្ដោយរបស់ខ្លួនថា តើហេតុអ្វីបានជាពួកមន្ត្រីទាំងនោះព្យាយាមលាក់បាំង ហើយជាពិសេសលោកចៅ ហ្វាយស្រុកពេជ្រាដា ចំណាយពេលវេលាច្រើននៅវង់ល្បែងស៊ីសង ទៅវិញ។ ប្រជាពលរដ្ឋសង្ឃឹម ថា ថ្នាក់ដឹកនាំខេត្តមណ្ឌលគីរីនឹងមានចម្លើយមួយជាក់លាក់ ជូនប្រជាពលរដ្ឋនៅតំបន់ប៊ូស្រា៕