ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា អនុសាខាស្រុកភ្នំស្រួច និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០៦គ្រួសារ ក្នុងឃុំចំនួន ២ គឺឃុំដំបូករូង និងឃុំជាំងសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនៃការសួរសុខទុក្ខនេះ ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ផ្តោតទៅលើប្រជាពលរដ្ឋដែលរងគ្រោះតាមបណ្តាលស្រុក-ក្រុង ដោយមិនទុក្ខនរណាម្នាក់ចោល ។
ឯកឧត្តមបណ្ឌិត ក៏សូមអំពាវនាវ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងត្រូវរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ។
សម្ភារៈដែលសាខាបានផ្ដល់ជូនក្នុង ១គ្រួសាររួមមាន÷អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,ប្រេងឆា ១ដប,ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ និងថវិកា ២ម៉ឺនរៀល។
ក្នុងនោះសាខាក៏បានប្រគេនតេយ្យទានដល់ព្រះសង្ឍវត្តដំណាក់ត្រាច នូវ អង្ករ ៥០គីឡូ,មី ៤កេស,ត្រីខ ៤យួរ,ប្រេងឆា ៤ដប,ទឹកត្រីទឹកស៉ីអ៉ីវ ៤យួរ,ទឹកសុទ្ធ ២កេស និងបច្ច័យ ៥០០,០០០រៀលផងដែរ ៕