(កំពង់ស្ពឺ)៖ ថៅកែប្រុសស្រីពីរនាក់ប្តីប្រពន្ធល្បីឈ្មោះរកស៊ីដឹកបទល្មើសព្រៃឈើតាមរថយន្តកែច្នៃប្រើគ្រប់រូបភាព ធ្វើសកម្មភាពរកស៊ីបានរលូនយូរឆ្នាំមកហើយនោះ ដែលគេស្គាល់ប្តីមានឈ្មោះ មុំ អាយុជិត៤០ឆ្នាំ និងប្រពន្ធឈ្មោះ ស្រីចិន អាយុជាង៣០ឆ្នាំ រស់នៅម្តុំប្រឡាយច្បារមន ក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានដឹកជញ្ជូនបទល្មើសព្រៃឈើរាប់ឆ្នាំមកហើយ ហាក់បីដូចជាយីអ៊ុនឡើងខ្លាំងមិនដែលឃើញមានសមត្ថកិច្ចនិងជំនាញណាចាប់បង្ក្រាបរថយន្តដឹកឈើរបស់ថៅកែមុំបានឡើយ។

ជាក់ស្តែងថៅប្រុសឈ្មោះមុំ និងថៅកែស្រីឈ្មោះ ស្រីចិន កាលពីវេលាម៉ោងជាង១២កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានដឹកឈើតាមរថយន្តកែច្នៃ១គ្រឿងពណ៌ខ្មៅ មិនមានផ្លាកលេខនោះទេ ដោយដាក់ឈើនៅខាងក្រោយហើយដាក់ថង់ធ្យូងពីខាងលើ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចនិងជំនាញ និងរួចផុតពីការចាប់បង្ក្រាបផងដែរ។

បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ថៅកែពីរនាក់ប្តីប្រពន្ធនេះបានទៅប្រមូលឈើឡាំងរួចជ្រុងៗ(ឈើឃ្លុំ) នៅតំបន់ខាងលិចភូមិជាំ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ពីឈ្មួញកណ្តាលដែលបានប្រមូលទិញពីប្រជាពលរដ្ឋចូលព្រៃកាប់ឈើ រួចលើកដាក់ក្នុងរថយន្តកែច្នៃរបស់ខ្លួនពណ៌ខ្មៅគ្មានផ្លាកលេខនោះទេ ដោយរៀបដាក់ឈើឃ្លុំខាងក្រោម ដាក់ថង់ធ្យូងពីលើ ពេលយប់ជ្រៅទើបថៅកែពីរនាក់ប្តីប្រពន្ធបើករថយន្តដឹកឈើ មកតាមបណ្តោយផ្លូវលំពីផ្សារជាំ ឆ្ពោះមកទិសខាងកើត ឆ្លងកាត់តំបន់ទេទឹកពុះ ឆ្លងកាត់រង្វង់មូលផ្សារកន្តួត ឆ្លងកាត់ផ្លូវជាតិលេខ៤៤ឆ្ពោះមកទីរួមខេត្តកំពង់ស្ពឺមកស្តុកក្នុងផ្ទះរបស់ខ្លួន ទើបយកឈើលក់បន្តទៅឱ្យឈ្មួញ។

ប្រភពព័ត៌មានដដែលបានបន្តថា សកម្មភាពដឹកជញ្ជូនឈើរបស់ថៅកែពីរនាក់ប្តីប្រពន្ធនេះប្រើស្ទើរតែគ្រប់រូបភាពទើបបិទបាំង និងបំភ័ន្តភ្នែកសមត្ថកិច្ចនិងជំនាញបាន។ មិនតែប៉ុណ្ណោះមានភព្វសំណាងអាចគេចផុតពីការចាប់បង្ក្រាបពីសំណាក់សមត្ថកិច្ចនិងជំនាញរាប់ឆ្នាំមកហើយ ដោយសារតែថ្វៃដៃក្នុងការបើករថយន្ត និងពូកែប្រើគ្រប់រូបភាពរបស់ថៅកែរូបនេះ។

បើតាមលោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានលើកឡើងថាក្នុងនាមលោកជាប្រធានមន្ទីរត្រូវតែអនុវត្តន៍ និងទប់ស្កាត់រាល់បទល្មើស និងធ្វើការបង្ក្រាប បើទោះបីជាឈ្មួញនោះមានខ្នងបង្អែកធំប៉ុណ្ណាក៏ដោយ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed