(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប៊្លូម អេស៊ា (Bloom Asia) បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ» ។

កិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ប៊្លូម អេស៊ា (Bloom Asia) ដែលត្រូវបានចុះហត្ថលេខា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ មានរយៈពេល ៣ឆ្នាំ លើទំហំថវិកាគម្រោងសរុបចំនួន ១ ៩៣០ ០០០ ដុល្លារអាម៉េរិក សម្រាប់គម្រោងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមគោលដៅចំនួន ៧០នាក់ ដែលមានប្រភពមកពីគ្រួសារក្រីក្រ និងជាស្រ្តីងាយរងហានិភ័យដោយសារការជួញដូរមនុស្ស។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍនូវជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច និងធ្វើនំសម្រាប់ក្រុមគោលដៅប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសការងារសមរម្យ ព្រមទាំងការថែទាំ និងព្យាបាលបញ្ហាផ្លូវចិត្តដល់ពួកគាត់ទៀតផង។លោករដ្ឋមន្ត្រី ក៏ស្នើដល់អង្គការប៊្លូម អេស៊ា ពិចារណាពង្រីកជំនាញក្នុងវគ្គបណ្តុះបណ្តាលរបស់ខ្លួនទៅកាន់ក្រុមងាយរងហានិភ័យផ្សេងទៀត ដូចជាជនមានពិការភាពផងដែរ។

លោករដ្ឋមន្ត្រី លើកឡើងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការប៊្លូម អេស៊ា (Bloom Asia) គឺជាការគាំទ្រដល់ក្រសួងផងដែរ ឱ្យសម្រេចបាននូវគោលដៅក្នុងការបណ្តុះបណ្តាលយុវជនប្រមាណ ១,៥លាននាក់ ដែលមកពីក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ជាក់ស្តែង កម្មវិធីបណ្តុះបណ្តាលនេះ ក៏ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed