ខេត្តកំពង់ឆ្នាំង៖ លោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤នេះឱ្យដឹងថា សាឡង់បូមខ្សាច់ខុសច្បាប់ ២​គ្រឿង,កាណូតដឹកខ្សាច់៦គ្រឿង និងជនសង្ស័យ ដែលបានធ្វើសកម្មភាពល្មើសច្បាប់នៅតាមស្ទឹងបរិបូណ៌ ក្នុងភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ លោកបានដោះ លែងទៅវិញហើយ ។ ការដោះលែងទៅវិញនេះ ដោយ សារតែជនសង្ស័យទើបធ្វើ សកម្មភាពលើកទី១ និងមិនបានដឹងពីច្បាប់។

លោក ពៅ ស៊ីម បញ្ជាក់ទៀតថា លោកបានដោះលែងសាឡង់ដឹក​ខ្សាច់២គ្រឿង កាណូតដឹកខ្សាច់៦គ្រឿង និងជនសង្ស័យ ដែលបានធ្វើសកម្មភាពបូមខ្សាច់ខុសច្បាប់ នៅស្រុកបរិបូណ៌ទៅវិញហើយ ដោយសារតែកន្លងមកការផ្សព្វផ្សាយរបស់មន្ទីររ៉ែ និងថាមពល ពាក់ ព័ន្ធនឹងការបូម​ខ្សាច់ដោយគ្មានច្បាប់អនុញាតិ គឺបានផ្សព្វផ្សាយតែតាមមន្ទីរ ឬច្រកចេញចូល និងនៅតាមបណ្ដាស្រុកតែប៉ុណ្ណោះ ដោយពុំបានផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទើបករណីខាងលើនេះ ក្រុមការងាររបស់លោកគ្រាន់តែបានណែនាំដល់ម្ចាស់សាឡង់ទាំង២គ្រឿង ឲ្យបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ។

លោកប្រធានមន្ទីរបន្តថា នេះជាការណែនាំលើកទីមួយ ប្រសិនបើនៅតែមានការប្រព្រឹត្តជាបន្តទៀតដោយគ្មានច្បាប់ នោះនឹងត្រូវទទួលរងការផាកពិន័យតាមច្បាប់ដោយមិនមានការលើកលែងនោះឡើយ។

លោកវរៈសេនីយ៍ទោ គុណ សុបញ្ញា នាយការិយាល័យស្តីទីនគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹង​ថា ការបូមខ្សាច់ក្នុងដីរដ្ឋ ដោយគ្មានការអនុញាតិពីសាមីមន្ទីរ គឺជាបទល្មើស ហើយលោកនិងក្រុមការងារលោក ក៏មិនយល់ដែរចំពោះ មន្ទីររ៉ែ និងថាមពលដែលគាត់បានដោះលែងសាឡង់ ២គ្រឿង កាណូត​៦គ្រឿង និងជនសង្ស័យទៅវិញ។

លោកថា គួរតែអនុវត្តតាមច្បាប់ទើបត្រឹមត្រូវ ហើយជន សង្ស័យក៏មានការរៀងចាល កុំឱ្យជាគំរូអាក្រក់ដល់ជនដទៃ ឬជនដដែលនេះសាងអំពើខុសច្បាប់ម្តងទៀត។ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នោះ នគរបាលសេដ្ឋកិច្ចខេត្តសហការជាមួយក្រុមការងារមន្ទីររ៉ែ និងថាមពល ចុះទៅបង្ក្រាបបទល្មើសបូម​ខ្សាច់ខុស ច្បាប់នេះ នៅដងស្ទឹងបរិបូណ៌ ហើយខាងសមត្ថកិច្ចលោកបានប្រគល់វត្ថុតាង និងជនសង្ស័យទាំងអស់អោយទៅមន្ទីរជំនាញ ស្រាប់តែខាងមន្ទីរដោះលែងទៅវិញ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែងបានឱ្យដឹងថាករណីសាឡង់២គ្រឿងបូម និងដឹកខ្សាច់ខុសច្បាប់នេះ កើតឡើងជាយូរឆ្នាំមកហើយតែមិនឃើញមានការបង្ក្រាបឡើយ ។ ខ្សាច់ដែលបូមបាន គឺពួកគេបានយកមកលក់នៅក្នុងស្រុកកំពង់លែង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed