បើតាមប្រភពព័ត៌មានឲ្យដឹងថា សំណង់ផ្ទះត្រចៀកកាំជាច្រើនកន្លែងនៅក្នុងមូលដ្ឋានស្រុកបុរីជលសារ ខេត្ត តាកែវមិនមានច្បាប់ទម្លាប់នោះទេ។ ម្ចាស់សំណង់ផ្ទះត្រចៀកកាំទាំងនោះ ទំនងអាងខ្នងបង្អែកនៅថ្នាក់ខេត្តណាមួយ ទើបបានជាមិនអើពើនឹងការគោរពតាមច្បាប់ ទម្លាប់របស់ប្រទេសជាតិនោះ។ យ៉ាងណាក៏ដោយគេរំពឹងថា លោកវ៉ី សំណាង អភិបាលខេត្តតាកែវនឹងជួយសម្របសម្រួល ឲ្យពួកថៅកែម្ចាស់សំណង់ត្រចៀកកាំទាំងនោះរួមគ្នាគោរពច្បាប់ប្រទេសជាតិផង។

ប្រភពច្បាស់ការណ៍ ពីពលរដ្ឋរស់នៅស្រុកបុរីជលសារបានដឹងថា សំណង់ផ្ទះត្រចៀកកាំ មិនក្រោម៨កន្លែងនោះទេ ដែលសាងសង់រួចរាល់ជាស្ថាពរហើយ ប៉ុន្តែនៅមិនទាន់ច្បាប់អនុញ្ញាតិត្រឹមត្រូវនៅឡើយ។ បើតាមក្រុមមន្រ្តីមួយចំនួននៅសាលាស្រុកបុរីជលសារបានបង្ហើបដោយសុំមិនបញ្ជេញឈ្មោះឱ្យដឹងថា រាល់ការសាងសង់សំណង់ដ៏ស្កឹមស្កៃ ដូចជាផ្ទះត្រចៀកកាំនេះ ត្រូវដាក់ ពាក្យស្នើសុំច្បាប់ចាប់ពីមូលដ្ឋានភូមិ-ឃុំ រហូតដល់ថ្នាក់ខេត្ត ហើយម្ចាស់សំណង់ត្រូវតែយកលិខិតអនុញ្ញាតិសាងសង់មកបង្ហាញដល់អាជ្ញាធរមូលដ្ឋានវិញទើបអាចដំណើរការសាងសង់ទៅបាន។

បើតាមសេចក្តីរាយការណ៍បានបន្ថែមថា ទំនងជាមាន ការគុបគិតគ្នាចាយលុយកាក់ដល់ស្ថាប័នជំនាញទើបគេអាចសាងសង់ផ្ទះត្រចៀកកម្មបាន ដោយមិនមានច្បាប់ទម្លាប់។ ប្រភពបន្តថា សង្ស័យម្ចាស់សំណង់ចំណាយ ៣០០០ដុល្លារដល់៥០០០ដល្លារមែនហើយ បានជាគ្មានលិខិតអនុញ្ញាតិសាងសង់។ យ៉ាងណាក៏ដោយ គេមិនអាចរកការបញ្ជាក់បន្ថែមពីម្ចាស់សំណង់ទាំងនោះថា តើពិតជាបានចំណាយប្រាក់ ឲ្យមន្ត្រីជំនាញមែនឬយ៉ាង ណានោះទេ។

លោក ធុយ តឹម មេឃុំគោកពោធិ៍ស្រុកបុរីជលសារ បាន ឱ្យដឹងថា នៅក្នុងមូលដ្ឋានរបស់គាត់មានសំណង់ផ្ទះត្រចៀកកាំ ធំៗចំនួន៤កន្លែង។ លោកមិនដែលឃើញ ម្ចាស់ទេ តែមានអ្នកយកឯកសារ មកឱ្យលោកចុះ ហត្ថលេខាលើពាក្យស្នើសុំ លោកក៏ស៊ីញ៉េឱ្យដើម្បីអ្នក ស្នើសុំ បន្តឡើងទៅថ្នាក់លើទៀត។ លោកមេឃុំបន្តទៀតថា បន្ទាប់ពីលោកស៊ីញ៉េរួចរាល់ហើយ លោកមិនដែលបានឃើញ ឬបានទទួលលិខិតអនុញ្ញាតិពីថ្នាក់លើ យកមកឱ្យលោកមើលនោះទេ គឺឃើញតែគេមកសាងសង់ រហូតរួចរាល់ជាស្ថាពរ។ លោកមេឃុំថា តាមច្បាប់គឺត្រូវតែមានលិខិតគតិយុត្តិ ធ្លាក់ពីថ្នាក់លើឱ្យមកមូលដ្ឋានត្រួតពិនិត្យ ទើបត្រឹមត្រូវ។ យ៉ាងណា ក៏ដោយ លោកមេឃុំជំរុញឲ្យអ្នកកាសែតសួរទៅខាងសាលាស្រុកទៅដឹងហើយ។

លោកសោ ឈាវ ប្រធានការិយាល័យភូមិបាលស្រុកបុរីជលសារបានឱ្យដឹងថា រាល់ការសាងសង់ពួកគេមិនមកសុំច្បាប់ពីលោកទេ,ទោះលោកទៅឃាត់គេ ក៏ឃាត់មិន បានដែរ ព្រោះវាពាក់ព័ន្ធ។ លោកបាននិយាយដោយតឹង ទ្រូងថា “ហ៊ឺពិបាកនិយាយណាស់បងអើយ! ព្រោះយើងឋានៈតូចជាងគេ បើខ្ញុំហ៊ានធ្វើឬឃាត់គឺគ្រោះថ្នាក់”។

ប្រភពមន្ត្រីនៅសាលាខេត្តតាកែវប្រាប់ថា វាហាក់ដូចជាមានភាពអាណាធិបតេយ្យខ្លាំងណាស់ ចំពោះករណីនៃការសាងសង់ផ្ទះត្រចៀកកាំនៅស្រុកបុរីជលសារនោះ។ ហេតុនេះហើយជាគេរំពឹងថា លោកវ៉ី សំណាង អភិបាល ខេត្តតាកែវ នឹងពិនិត្យពិច្ច័យហើយណែនាំចំពោះមន្ត្រីទាំងនោះឲ្យនាំគ្នាដើរតាមផ្លូវច្បាប់ដែលប្រទេសជាតិមាន ស្រាប់៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *