ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពយកកាំភ្លើង បាញ់គំរាម ខណៈដែលទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច។
ការឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះពីសំណាក់នគរបាលស្រុកឱរ៉ាល់កាលពីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងអង្គ្រង ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនបុរសជាជនសង្ស័យខាងលើនេះ នៅថ្ងៃទី០៥ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៦ និង ៣០ នាទី កម្លាំងនគរបាលយើងបានទទួលបណ្តឹង ពី ឈ្មោះ សុត វង់ ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអូតោង ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ បានប្តឹងរៀបរាប់ថានៅ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៨ និង ០៣ នាទី ព្រឹក នៅចំណុច ក្នុងចំការចេក ក្រុមហ៊ុន ឈុន ទ្រី ស្ថិតនៅ ភូមិ ក្រាំងធ្នង់ ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឈ្មោះ ណន ខ្នាន់ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិ ត្រពាំងអង្គ្រង ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាព យកកាំភ្លើង ០១ ដើមមិនស្គាល់ម៉ាក (កាំភ្លើងចាស់) មកភ្ជុង បាញ់ទៅលើដី គំរាម មកលើខ្លួនចំនួន ០១ គ្រាប់ ក្នុងពេលនោះដែរ អ្នកធ្វើការ ជាមួយគ្នា មកជួយឃាត់ ទើបឈ្មោះ ណន ខ្នាន់ ច្រកកាំភ្លើងចូល ក្នុង ការ៉ុង ហើយកាន់ដើរចេញ ទៅបាត់ ។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានបន្តទៀតថាក្រោយទទួលបានព័ត៌មាន និង បណ្តឹងពីជនរងគ្រោះ រួចមកដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញ របស់ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និង កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលត្រពាំងជោ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិង ដកហូត វត្ថុតាងរួមមាន៖
_អាវុធ ម៉ាក CK ០១ ដើម (ស៊េរីចាស់)
_បង់ដែក ចំនួន ០១
_គ្រាប់ចំនួន ១៥ គ្រាប់
និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ណន ខ្នាន់ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ជាបណ្ដោះអាសន្ន ដើម្បីបន្តនិតិវិធី។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ថា÷ មូលហេតុដែលបណ្តាលអោយកើតឡើងរឿងរ៉ាវខាងលើមកពីជនរងគ្រោះកាប់ដើមចេកជនសង្ស័យត្រូវជាបងថ្លៃអស់០២ដើមមិនប្រាប់ ហើយវ៉ៃជនសង្ស័យទៀត៕